ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានចេញបញ្ជា ដល់មន្ដ្រីក្រោមឱវាទទាំងអស់ឲ្យបង្កើនសកម្មភាពការងារ ឈានទៅដល់ការបិទច្រករបៀងតាមព្រំដែនកម្ពុជាឲ្យបាន បំណងធ្វើយ៉ាងណារក្សាសន្ដិសុខតាមព្រំដែន ទប់ស្កាត់បទល្មើសឆ្លងដែន ដែលមានទាំងការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀនជាដើម។
លោក លៀ ស៊ីណា រាយការណ៍ ៖
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាផ្ទាល់មាត់ដូចនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅក្រុងបាត់ដំបង។ ក្នុងពិធីនេះសម្ដេច ស ខេង បានថ្លែងលើកសរសើរដល់ការខិតខំប្រឹងប្រែងអនុវត្ដតួនាទីរបស់មន្ដ្រីអាជ្ញាធរ ក្រោមឱវាទ ដែលបានទប់ស្កាត់បទល្មើសផ្សេងៗតាមព្រំដែន។ ក៏ប៉ុន្ដែសម្ដេចរដ្ឋមន្ដ្រី បានបង្ហាញពីក្ដីបារម្ភ ជុំវិញបទល្មើសតាមព្រំដែនដែលមិនទាន់អាចទប់ស្កាត់បានទាំងស្រុង។
សម្ដេច ស ខេង មើលឃើញថា មានតែការបិទច្រករបៀងតាមព្រំដែនទេ ទើបអាចធ្វើឲ្យបទល្មើសតាមព្រំដែន មានដូចជា ការហូរចូលទំនិញគេចពន្ធ ការរត់ពន្ធមនុស្ស ការលាងលុយ ការជួញដូរគ្រឿងញៀន ការលួចចេញទៅកាប់ឈើដោយខុសច្បាប់ និងបទល្មើសផ្សេងៗទៀត។ លោករដ្ឋមន្ដ្រីបន្ដថា បញ្ហានេះគឺជារឿងគ្រោះថ្នាក់ ប្រសិនបើមិនមានយន្ដការទប់ស្កាត់ និងដោះស្រាយឲ្យបានត្រឹមត្រូវ។
សម្ដេច ស ខេង ៖«អញ្ចឹងការគ្រប់គ្រងច្រកនេះ ជាផ្នែកមួយសំខាន់ដែរ ។ការគ្រប់គ្រងខ្សែបន្ទាត់ទាំងមូលរឿងមួយទៀត ហើយបិទច្រករបៀងឲ្យបាន ព្រោះថា បើមិនអញ្ចឹងទេ ទំនិញវាមកតាមច្រករបៀងនោះ ការរត់ពន្ធមនុស្ស ការជួញដូរគ្រឿងញៀន វាមកតាមច្រករបៀង ដែលជាបញ្ហាដ៏គ្រោះបើយើងធ្វើមិនបានត្រឹមត្រូវ»។
បន្ថែមលើសនេះសម្ដេច ស ខេង មានប្រសាសន៍ថា គោលដៅរបស់លោកគឺការលុបបំបាត់ឲ្យបានការជួញដូរខុសច្បាប់ ឆ្លងកាត់ព្រំដែនទាំងអស់របស់កម្ពុជា។ ជាងនេះលោកក៏បានលើកទឹកចិត្ដដល់មន្ដ្រីក្រោមឱវាទទាំងអស់រួមគ្នាអនុវត្ដការងារនេះឲ្យបាន។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧នេះ សម្ដេច ស ខេង ក៏បានលើកឡើងពីជោគជ័យ នៃការស្នើសុំទៅកាន់អាជ្ញាធរថៃ និងឡាវ ដែលបានបញ្ឈប់ការបាញ់សម្លាប់ពលរដ្ឋខ្មែរ ដែលបានលួចចូលទៅកាប់ឈើដោយខុសច្បាប់នៅប្រទេសទាំងនោះទេ។
សម្ដេច ស ខេង ៖«សុំធ្វើម៉េចគឺទុកជីវិត បើថា ខុស គឺខុសហើយ ប៉ុន្ដែសុំថា ចាប់ទៅផ្ដន្ទាទោសទៅ កុំសម្លាប់ចោល ដល់ឥឡូវធ្វើបាន គឺអត់មានទេ មកដល់ឥឡូវគឺអត់មាន អញ្ចឹងគឺជាជោគជ័យមួយដែរដោយកិច្ចសហប្រតិបត្ដិការ អញ្ចឹងខេត្ដជាប់ព្រំដែនយើងខិតខំហៅរកគ្នាទៅ ប៉ុន្ដែមិនមែនហៅរកក្នុងន័យលក់អធិបតេយ្យភាព លក់ឯករាជ្យយើងទេ គឺក្នុងន័យការពារផលប្រយោជន៍របស់ប្រជាជន»។
ទាំងប្រទេសវៀតណាម ឡាវ ថៃ និងកម្ពុជា សុទ្ធតែមានគណៈកម្មាធិការព្រំដែនរួមគ្នា។ គណៈកម្មាធិការនេះ មានភារកិច្ច ជួយទប់ស្កាត់ការប៉ះទង្គិចគ្នា តាមព្រំដែន និង ការទប់ស្កាត់សកម្មភាព ជួញដូរដែលមិនស្របច្បាប់ នៅតាមព្រំដែននៃប្រទេសទាំង ៣នេះ។ ប្រសាសន៍របស់ សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើឡើង ស្របពេលដែលករណីបាតុភាពផ្សេងៗ តាមព្រំដែន នៅតែបន្តកើតមាន មានជាអាទិ៍ ការជួញដូរគ្រឿងញៀន ការនាំទំនិញគេចពន្ធ និងលួចរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ជាដើម៕