en     km
en     km

​វេជ្ជបណ្ឌិត​៖​ជំងឺ​ហង់​សិន​ឬឃ្លង់ជា​ជំងឺឆ្លង​អាច​ព្យាបាល​ជា​សះស្បើយ​១០០​ភាគរយ​

Share

ភ្នំពេញ៖វេជ្ជ​ប​ណ្តិ​ត​ឯកទេស​ជំងឺ​ហង់​សិន​ឬ​ជំងឺឃ្លង់​នៃ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ពន្យល់​ថា​ជំងឺ​ហង់​សិន​ជា​ជំងឺឆ្លង​ដែល​អាច​ព្យាបាល​ជា​សះស្បើយ​១០០​ភាគរយ​។​ អ្នកជំងឺហង់សិនអំពាវនាវកុំមានការរើសអើងពួកគាត់។

  ​   ស្ថានភាពអ្នកជំងឺហង់សិនធូរស្រាលបន្ទាប់ពីទទួលសេវាព្យាបាលយ៉ាងត្រឹមត្រូវនៅមន្ទីរពេទ្យគៀនឃ្លំាង។រូបភាព៖ ធូ វិរៈ

​ជំងឺ​ហង់​សិន​ឬ​ជំងឺឃ្លង់​ជា​ប្រភេទ​ជំងឺឆ្លង​មិនមែន​ជា​ជំងឺ​តំណពូជ​ទេ​។​ជំងឺ​ហង់​សិន​អាច​ព្យាបាល​ជា​សះស្បើយ​និង​មិន​បណ្តាល​ឲ្យ​ពិការ​ភាព​ទេ​ ប្រសិនបើ​អ្នកជំងឺ​មក​ពិនិត្យ​ព្យាបាល​ទាន់​ពេលវេលា​។​​រោគ​សញ្ញា​ជំងឺ​ហង់​សិន​មាន​ស្នាម​ព័ណ៌​ស​នៅ​លើ​ស្បែក​ដូច​ជា​បន្ទះ ​ដុំ​ពក​ និង​ស្ពឹក​នៅ​ត្រង់​រោគ​សញ្ញា​។​ជំងឺ​នេះ​ស​ង្ងំ​នៅ​ក្នុង​ខ្លួន​មនុស្ស​ពី​២​ទៅ​៣​ឆ្នាំ​ទើប​ចេញ​រោគ​សញ្ញា​។

​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ឬ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​គៀន​ឃ្លាំង​បាន​ដំណើរការ​ព្យាបាល​ជំងឺឃ្លង់​នៅ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០០​មក​ដោយ​ទទួល​មូ​នី​ធិ​ពី​ប្រទេស​ស្វី​ស​នៃ​អង្គការ​CIOMAL​។​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​គៀន​ឃ្លាំង​មាន​គ្រែ​ចំនួន​៤០​សម្រាប់​ព្យាបាល​ជំងឺ​ហង់​សិន​។​

                     លោកវេជ្ជបណ្ឌិត អ៊ុន វ៉ាន់ថន ឯកទេសព្យាបាលជំងឺនៃមន្ទីរពេទ្យគៀនឃ្លំាង។រូបភាព៖ ធូ វិរៈ



​លោក​ អ៊ុ​ន​ វ៉ា​ន់​ថន​ វេជ្ជបណ្ឌិត​ឯកទេស​ព្យាបាល​ជំងឺ​ហង់​សិន​នៃ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ថ្លែង​នៅ​ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ​អ្នកជំងឺ​ហង់​សិន​ ក្នុង​ការ​ប្រារព្ធ​ទិវា​ជំងឺ​ហង់​សិន​ពិភពលោក​លើក​ទី​៦៤​នៅ​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​ ២១០៨​នេះ​ថា​ជំងឺ​ហង់​សិន​ជាជំងឺ​រាំ​រៃ​ដែល​អាច​ឆ្លង​មក​មនុស្ស​តាម​រយៈផ្លូវ​ដង្ហើម​ឬ​ប៉ះពាល់​ផ្ទាល់​ត្រង់​ដំបៅ​ឬ​ទឹករ​ងី​អ្នក​កើត​ជំ​ងឺ​ហង់​សិន​។​

​លោក​វេជ្ជបណ្ឌិត​ អ៊ុ​ន​ វ៉ា​ន់​ថន​ បន្ថែម​ថា​ បច្ចុប្បន្ន​អ្នកជំងឺ​ហង់​សិន​ចំនួន​២៥​នាក់​កំពុង​សម្រាក​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​មន្ទីរពេទ្យ​គៀន​ឃ្លាំង​រាជធានី​ភ្នំពេញ​។​

​លោក​ ហ៊ិ​ន​ ឈ​ត់​ និង​អ្នកស្រី​ ហ៊ា​ម​ សា​វើ​ង​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ហង់​សិន​នៅ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​បាន​បង្ហាញ​អារម្មណ​រីករាយ​ចំពោះ​ស្ថានភាព​ជំងឺ​ធូរស្រាល​ បន្ទាប់​ពី​ទទួល​បានការ​ព្យាបាល​ដោយ​ត្រឹមត្រូវ​។រូបភាព៖ ធូ វិរៈ



​គូ​ស្វាមីភរិយា​មួយគូ​គឺ​លោក​ ហ៊ិ​ន​ ឈ​ត់​ និង​អ្នកស្រី​ ហ៊ា​ម​ សា​វើ​ង​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ហង់​សិន​នៅ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​បាន​បង្ហាញ​អារម្មណ​រីករាយ​ចំពោះ​ស្ថានភាព​ជំងឺ​ធូរស្រាល​ បន្ទាប់​ពី​ទទួល​បានការ​ព្យាបាល​ដោយ​ត្រឹមត្រូវ​។​

​ដោយសារ​មក​ទទួល​សេវា​ព្យាបាល​ទាន់​ពេលវេលា​អ្នកស្រី​ ហ៊ា​ម​ សា​វើ​ង​ អាយុ​ ៣២​ឆ្នាំ​ដោយ​មិន​ធ្លាក់ខ្លួន​ពិការ​ធ្ងន់ធ្ងរ​ទេ​។​ អ្នកស្រី​ប្រាប់​ថា​ អ្នកស្រី​ពិការ​ម្រាមដៃ​ពីរ​ប៉ុណ្ណោះ​។​«លេបថ្នំាទាន់កុំអីដូចប្តីខ្ញុំដែរកុំអីខូចដៃទំាងអស់គ្នា គ្មានធ្វើការងារកើតទេឥឡូវអត់អីទេកាន់អ្វីក៏ជាប់ដែរ។ព្យាបាលទាន់បានមិនទាន់ខូចដៃ ខូចដែរពីរនេះ(ម្រាមដៃនាងនិងកូនដៃ)។»

​ចំណែក​ស្វាមី​របស់​អ្នកស្រី​គឺ​លោក​ ហ៊ិ​ន​ ឈ​ត់​ អាយុ​៤៧​ឆ្នាំ​ បាន​ធ្លាក់ខ្លួន​ពិការ​ដៃ​ទាំង​សង់ខាង​គឺ​ដាច់​ម្រាមដៃ​ទាំងអស់​ដោយសារ​កើត​ជំងឺឃ្លង់​ធ្ងន់ធ្ងរ​ទើប​មក​រក​សេវា​ព្យាបាល​។​​លោក​ ឈ​ត់​ថា​លោក​កើត​​ជំងឺ​ហង់​សិន​ចាប់តាំងពី​អាយុ​១៥​ឆ្នាំ​មក​ម្ល៉េះ​។​ជំងឺ​របស់​លោក​មាន​ស្ថានភាព​ជំងឺ​ ធូរស្រាល​ច្រើន​បន្ទាប់​ពី​ចំណាយពេល​ព្យាបាល​អស់​រយៈពេល​២​ឆ្នាំ​។​អ្នក​ទាំង​ពីរ​អំពាវនាវ​កុំ​រើសអើង​អ្នកមាន​ជំងឺ​ហង់​សិន​។​«សូមសំណូមពរអ្នកជាកុំរើសអើងអ្នកកើតជំងឺហង់សិន មិនឆ្លងទេ ព្រោះខ្ញុំនៅ៤០ឆ្នំាហើយមិនទាន់មានបញ្ហានៅក្នុងភូមិទេ។ប៉ុន្តែគេដូចជានៅរើសអើង។»
​លោក​វេជ្ជបណ្ឌិត​អ៊ុ​ន​ វ៉ា​ន់​ថន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ណា​ដែល​សង្ស័យ​ថា​មាន​រោគ​សញ្ញា​ដូច​ជា​ជំងឺ​សើ​ស្បែក​ស្នាម​ ព័ណ៌​ស​ ជា​បន្ទះ​ ឬ​ដុំ​ពក​និង​ស្ពឹង​ បន្ទាប់​មក​រមាស់​និង​ដំបៅ​លើ​ស្បែក​ត្រូវ​ប្រញាប់​មក​ពិនិត្យ​និង​ទទួល​សេវា​ព្យា​ល​រៀងរាលថ្ងៃ​ធ្វើការ​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ​នៃ​មន្ទីរពេទ្យ​គៀន​ឃ្លាំង​។​

​លោក​វេជ្ជបណ្ឌិត​សំណូមពរ​ដល់​សាធារណៈជន​កុំ​រើសអើង​ចំពោះ​អ្នក​កើត​ជំងឺ​ហង់​សិន​ព្រោះ​ជំងឺ​នេះ​អាច​ព្យាបាល​ជា​សះស្បើយ​១០០​ភាគរយ​។​«ចំពោះការរើសអើងគឺសូមឲ្យសហគមន៍របស់គាត់នេះមិនមែនជាជំងឺតពូជទេជាជំងឺឆ្លងដូច្នេះក្នុងសហគមន៍ប្រសិនបើសង្ស័យថាគាត់មានជំងឺនិងហើយឲ្យគាត់មកព្យាបាលគឺជាសះស្បើយ១០០ភាគរយ។»

​យោង​តាម​របាយការណ៍​សម្រាប់​ឆ្នាំ​២០១៧​របស់​មន្ទីរពេទ្យ​គៀន​ឃ្លាំង​ឬ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​គៀន​ឃ្លាំង​បង្ហាញ​ថា​ជំងឺ​សើ​ស្បែក​សរុប​៦៣៨៨​នាក់​ទទួល​បាន​សេវា​ព្យាបាល​និង​៥៧២២​នាក់​ទទួល​សេវា​ប្រឹក្សា​ជំងឺ​សើ​ស្បែក​។​

​របាយការណ៍​នេះ​បញ្ជាក់​ថា​អ្នក​កើត​ជំងឺ​ហង់​សិន​ករណី​ថី្ម​មាន​៣៦​នាក់​។​ក្នុង​នោះ​១២​នាក់​មាន​ស្ថានភាព​ជំងឺ​ស្រាល​ប្រភេទ​ជំងឺ​PB​និង​អ្នកជំងឺ​២៤​នាក់​ទៀត​មាន​ស្ថានភាព​ធ្ងន់​ប្រភេទ​ជំងឺ​MP​។​
​អ្នកជំងឺ​យ៉ាងតិច​២០​នាក់​ធ្លាក់ខ្លួន​ពិការ​ភាព​មុន​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គៀន​
​ឃ្លាំង​។​

​អ្នកជំងឺ​យ៉ាងតិច​១៧៥​នាក់​ទទួល​ការ​វះកាត់​កែ​លម្អ​កាយសម្បទា​បន្ទាប់​ពី​ព្យាបាល​ជា​សះស្បើយ​។​ក្នុង​នោះ​៨​នាក់​វះកាត់​ដៃជើង​និង​១៦៧​នាក់​វះកាត់​កែ​លម្អ​តិចតួច​។​​របាយការណ៍​នេះ​បន្ថែម​ថា​ក្នុង​ឆ្នាំ​២០១៧​នេះ​អ្នកជំងឺ​ហង់​សិន​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​គៀន​ឃ្លាំង​ចំនួន​១៨៤​នាក់​ដោយ​ចំណាយពេល​​សម្រាក​ព្យាបាល​យ៉ាង​ហោច​ណាស់​៤៣​ថ្ងៃ​៕

Share

ព័ត៌មានទាក់ទង

Image