លោក ស៊ាន ប៉េងសែ ស្ថាបនិកនិងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង បានទទួលមរណភាព ដោយរោគាពាធកាលពីវេលាម៉ោង៤ ទាបភ្លឺ នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ។
គណៈកម្មាធិការព្រំដែនកម្ពុជាមានមូលដ្ឋាននៅប្រទេសបារាំង បានជូនដំណឹងថា លោក ស៊ាន ប៉េងសែ បានទទួលមរណភាព នៅវេលាម៉ោង ៤ទៀបភ្លឺ នៅមន្ទីរមួយនៃប្រទេសបារាំង។
តាមការជូនដំណឹងនេះ សពរបស់លោក ស៊ាន ប៉េងសែ នឹងត្រូវធ្វើពិធីឈាបនកិច្ច នៅថ្ងៃទី២៩មករា វេលាម៉ោង៣ រសៀល។
ដំណឹងមរណភាព របស់អ្នកជំនាញកិច្ចការព្រំដែនកម្ពុជាត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គម ដោយទទួលបានការ ចូលរួមសោកស្ដាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ។
អ្នកខ្លះរម្លឹកពីវីរៈភាពរបស់លោកជាអ្នកជំនាញម្នាក់មានស្មារតីជាតិនិយមក្នុងការការពារដែនអធិបតេយ្យ ភាពកម្ពុជា។ លោកបានចងក្រងឯកសារជាច្រើន ទាក់ទងនឹង រឿងព្រំដែនគោក និងព្រំដែនទឹកនៃប្រទេសកម្ពុជា ។ សៀវភៅមួយក្បាលរបស់លោក ស៊ាន ប៉េងសែ មានចំណងជើងថា «រឿងដែលកូនខ្មែរចាំបាច់ត្រូវដឹងអំពីបូរណភាពទឹកដី»។
លោកជាអតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និងសិប្បកម្ម ក្នុងរបបសាធារណរដ្ឋខ្មែររបស់ លោក លន់ នល់ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៨២ឆ្នាំ នៅមន្ទីរពេទ្យក្នុងប្រទេសបារាំង នៅទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសបារាំង)។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង និងក្នុងពិភពលោក។
យោងតាមការបញ្ជាក់របស់គណៈកម្មការនេះ សពរបស់ លោក ស៊ាន ប៉េងសែ នឹងត្រូវបូជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។
សូមបញ្ជាក់ថា លោក ស៊ាន ប៉េងសែ កើតនៅ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ លោកមានភរិយា ជាក្មួយ សម្តេច ប៉ែន នុត និងមានកូន ៤នាក់។ លោក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម នៅថ្ងៃ២២ ខែតុលា ឆ្នាំ១៩៧៣ ក្នុងរបបសាធារណរដ្ឋរបស់លោក លន់ នល់។
ចាប់តាំងពីឆ្នាំ១៩៩៩មក លោកបានក្លាយជាស្ថាបនិកគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង និងក្នុងពិភពលោក ។ លោក តែងតែធ្វើការរិះគន់ការខ្វះតម្លាភាពនៃការបោះបង្គោលព្រំដែនជាមួយប្រទេសជិតដោយលោកគិតថា តំបន់ខ្លះ មានការបោះមកលើដីព្រំដែនកម្ពជា៕