en     km
en     km

កម្លាំងនគរបាលអន្ដោប្រវេសន៍រកឃើញឯកសារមិនស្របច្បាប់ជនបរទេសជាង២ម៉ឺននាក់ ត្រឹមរយៈពេល ២ខែ

Share

ភ្នំពេញ៖ ជនបរទេស រួមមាន ជនជាតិវៀតណាម និងឡាវ ជាង ២ម៉ឺននាក់ ដែលរស់នៅទូទាំង ២៥ រាជធានី-ខេត្ត ត្រូវបានកម្លាំងនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ បានរកឃើញឯកសារ និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីទាំងនោះ ដែលពួកគេកំពុងកាន់កាប់។

ការរកឃើញឯកសារ និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីនេះ គឺធ្វើឡើងក្នុងរយៈពេល ២ខែ គឺចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ។

តាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាពីជនបរទេស ចំនួន៦៤៤គ្រួសារ ក្នុងនោះមានអ្នកដែលត្រូវបានដកហូតមានចំនួន ២១១៦៧នាក់ ស្រី ៩៨២៩នាក់ដែលមានទាំងសញ្ជាតិ វៀតណាម និងឡាវ។

តាមឯកសាររដ្ឋបាលដែលសមត្ថកិច្ចកម្ពុជាធ្វើការដកហូតបានរួមមាន សៀវភៅស្នាក់នៅចំនួន ៤២១៩ក្បាល សៀវភៅគ្រួសារចំនួន ៨៧៣ក្បាល សំបុត្រកំណើតខ្មែរ ចំនួន ២៧៣៧ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ចំនួន ១៥២ច្បាប់ អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១៨៤៨ប័ណ្ណ លិខិតឆ្លងដែនខ្មែរ ចំនួន ១០៥ ក្បាល។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសដែលបានកាន់កាប់ និងប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីត្រូវចូលរួមសហការ និងយកឯកសារដើមរបស់ខ្លួនមកឲ្យសមត្ថកិច្ច។ ដូចគ្នានេះដែរ ជនបរទេសដែលបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីរួច គឺមានជម្រើសពីរ ៖ ទីមួយ. អាចត្រឡប់ទៅប្រទេសដើមរបស់ខ្លួនវិញ និងទីពីរ.អាចដាក់ពាក្យស្នើសុំជាជនបរទេសអន្ដោប្រវេសន៍ដែលត្រូវបានត្រួតពិនិត្យ និងសំរេចដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image