en     km
en     km

កសិករ​ ៖​ មាន់​រាប់រយ​ក្បាល​ងាប់​ជា​បន្ដបន្ទាប់​នៅ​ឃុំ​មួយ​ ខេត្តព្រៃវែង​ ខណៈ​អាជ្ញាធរ​មិន​បានដឹង​រឿង​នេះ​

Share

ភ្នំពេញ​ ៖​ សត្វ​មាន់​របស់​កសិករ​ ដែល​រស់នៅ​ក្នុង​ភូម​ព្រៃ​ភ្លាំង​ ឃុំ​ដំរី​ពួន​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្ដព្រៃវែង​ បាន​ងាប់​ជា​បន្ដបន្ទាប់​ កាលពី​ស​ប្ដា​ហ៍​មុន​។​ កសិករ​បារម្ភ​ថា​ នេះ​គឺជា​ជំងឺឆ្លង​ដែល​មាន​គ្រោះថ្នាក់​។​ តែ​យ៉ាងណា​អាជ្ញាធរ​មិន​ទាន់​អាច​បញ្ជាក់​អ្វី​បាន​ទេ​ ដោយ​អះអាង​ថា​ នឹង​ចុះ​ទៅ​ដល់​ផ្ទះ​កសិករ​ដើម្បី​ពិនិត្យ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​លោក​ ឡេ​ សា​រ៉ួ​ន​ ក​រសិករ​រស់នៅ​ក្នុងភូមិ​ព្រៃ​ភ្លាំង​ ឃុំ​ដំរី​ពួន​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្ដព្រៃវែង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​២៣​ ខែមករា​នេះ​ថា​ សត្វ​មាន់​របស់​លោក​ ដែល​ចិញ្ចឹម​នៅផ្ទះ​ជា​លក្ខណៈ​គ្រួសារ​ ត្រៀម​សម្រាប​ឱកាស​ពិធី​ចូល​ឆ្នាំ​ចិន​ បាន​ងាប់​ជា​បន្ដបន្ទាប់​រហូត​ដល់​ ១០០​ក្បាល​ ។​ លោក​បន្ដ​ថា​ មិនមែន​មាន​តែ​សត្វ​មាន់​របស់​លោក​នោះ​ទេ​ ដែល​ងាប់​ សូ​ម្បី​តែ​មាន់​របស់​អ្នក​ជិតខាង​របស់​លោក​ក៏​មាន​ងាប់​ដែរ​។​ លោក​បន្ដ​ថា​ សត្វ​មាន់​របស់​លោក​មិន​មាន​អាការ​សំកុក​ ឬ​ក៏​ប្រកាច់​អ្វី​ទេ​ ប៉ុន្ដែ​នៅ​សុខៗ​ស្រាប់តែ​ងាប់​តែ​ម្ដង​។​ លោក​ ឡេ​ សា​រ៉ួ​ន​ ៖«​វា​ដូច​ថា​ ព្រឹក​ឡើង​អ​ញ្ចឹ​ង​វា​ដើរ​ស៊ី​ធម្មតា​ ដល់​ពេល​ស្អែក​ព្រឹក​ឡើង​វា​មាន​ងាប់​ហ្មង​ អត់​មាន​ប្រកាច់​អត់​មានអី​ទេ​ ស្រាប់តែ​ចាប់​ខ្មៅ​ យក​ទៅ​តែ​ម្ដង​ ជួនកាល​វា​ក្រាប​លើ​សំបុក​ធ្លាក់​មក​តែ​ម្ដង​»​។​

​ក្រោយ​ពី​មាន​សត្វ​មាន់​ងាប់​ដូចនេះ​ លោក​ សា​រ៉ួ​ន​ មិន​បាន​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​ ដើម្បី​ចុះ​មក​ត្រួតពិនិត្យ​ទេ​ ដោយ​លោក​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​មុន​នៅ​ពេល​មាន​មាន់​ងាប់​លោក​បាន​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ឃុំ​ ក៏​ប៉ុន្ដែ​មិន​មានការ​ចុះ​មក​ត្រួតពិនិត្យ​ ទើប​នៅ​ឆ្នាំ​នេះ​ លោក​មិន​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​។​ លោក​បាន​យក​សត្វ​មាន់​ដែល​ងាប់​ទាំង​អស់នោះ​ទៅ​បណ្ដែត​តាម​ខ្សែ​ទឹកអូរ​ នៅ​ចុង​ភូមិ​ ព្រោះ​លោក​ជឿ​អ្នក​ភូមិ​ដែល​និយាយ​ថា​ បើ​យក​ទៅ​កប់​វា​នឹង​ធ្វើ​ឲ្យ​មេរោគ​ងំ​ ហើយ​ឆ្លង​ទៅ​សត្វ​ដទៃ​ទៀត​។​ លោក​ ឡេ​ សា​រ៉ួ​ន​ ៖«​ខ្ញុំ​យក​ទៅ​ព្រ​លែង​ចោល​តាម​ទឹក​ហ្មង​បាទ​ ដោយសារ​តែ​ឮ​គេ​ថា​បើសិនណា​យើង​កប់​វា​អាច​ងំ​ នៅ​ហ្នឹង​ហ្មង​ អ​ញ្ចឹ​ង​យើង​ព្រ​លែង​តាម​ទឹក​ហូរ​ទៅ​ទៅ​»​។​

​ជុំវិញ​ករណី​មាន​សត្វ​មាន់​របស់​អ្នក​ភូមិ​ងាប់​នេះ​ មេឃុំ​ដំរី​ពួន​ លោក​ នុ​ត​ សុ​ភី​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃនេះ​ថា​ លោក​មិន​ទាន់​ដឹង​ច្បាស់​ពី​ករណី​សត្វ​មាន់​ ដែល​ងាប់​ជា​បន្ដបន្ទាប់​នៅ​ភូមិ​ព្រៃ​ភ្លាំង​ នេះ​ទេ​ តែ​លោក​គ្រាន់តែ​ដឹង​ថា​ មាន​សត្វ​មាន់​ងាប់​ខ្លះៗ​របស់​អ្នក​ភូមិ​តែ​ប៉ុណ្ណោះ​។​ តែ​យ៉ាងណា​លោក​ នុ​ត​ សុ​ភី​ បាន​បញ្ជាក់​ថា​ លោក​នឹង​ប្រាប់​ទៅ​មេ​ភូមិ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។​ លោក​ នុ​ត​ សុ​ភី​ ៖«​បាទ​មិន​អី​ទេ​ ចាំ​ខ្ញុំ​សួរ​មេ​ភូមិ​ឲ្យ​គាត់​ចុះ​ពិនិត្យ​អី​មើល​ ប៉ុន្ដែ​វា​អត់​មាន​ការដ្ឋាន​ធំៗ​ចិញ្ចឹម​អី​ទេ​ មាន​តែ​ចិញ្ចឹម​តាម​ក្នុងផ្ទះ​ហ្នឹង​»​។​

​ទាក់ទិន​ករណី​នេះ​ លោក​ អ៊ុ​ក​ សំណាង​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ដព្រៃវែង​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​បាន​ទទួល​សេចក្ដីរាយការណ៍​ណាមួយ​ ថា​ មាន​សត្វ​មាន់​ងាប់​ជា​បន្ដបន្ទាប់​ ច្រើន​ក្បាល​ដូចនេះ​ទេ​។​ ប៉ុន្ដែ​លោក​ស្នើ​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​នេះ​ ទៅ​កាន់​អាជ្ញាធរ​ ដើម្បី​ឲ្យ​មន្ដ្រី​ជំនាញ់​ចុះ​ទៅ​ត្រួតពិនិត្យ​ សត្វ​មាន់​ដែល​ងាប់​នោះ​។​

​ថ្មីៗ​នេះ​ ក្រសួងសុខាភិបាល​ បាន​ជូនដំណឹង​ ដល់​កសិករ​ចិញ្ចឹមសត្វ​មាន់​ ទា​ ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺផ្ដាសាយបក្សី​មក​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ ព្រោះ​រដូវរងា​ គឺ​តែងតែមាន​ផ្ទុះ​ ជំងឺ​ប្រភេទ​នេះ​។​ ក្រសួង​បាន​ប្រាប់​ថា​ បើ​មាន​ករណី​សត្វ​មាន់​ សត្វ​ទា​ ងាប់​ ជា​បន្តបន្ទាប់​ ត្រូវ​ ជូនដំណឹង​ដល់​សមត្ថកិច្ច​ដើម្បី​ចុះ​ទៅ​ត្រួតពិនិត្យ​ និង​ទប់ស្កាត់​ ព្រោះ​មេរោគ​ H5​ N1​ ជា​ប្រភេទ​មួយ​ដែល​អាច​ឆ្លង​មក​មនុស្ស​៕​

Share

ព័ត៌មានទាក់ទង

Image