en     km
en     km

កម្ពុជា​ នឹង​ចាប់ផ្ដើម​បញ្ជូន​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ ទៅ​ម៉ា​ឡេ​ជា​ថ្មី​ក្នុង​អំឡុង​ ខែមិថុនា​

Share

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ពល​ការិនី​ក្រុម​ទី​មួយ​ នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ក្នុង​អំឡុង​ដើមខែ​មិថុនា​ ឆ្នាំ​២០១៨​។​ រដ្ឋមន្ដ្រី​បង្ហាញ​ជំនឿ​ចិត្ដ​យ៉ាង​មុតមាំ​ថា​ ការ​បញ្ជូន​ពលករ​ កម្ពុជា​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​លើក​នេះ​ នឹង​មិន​មាន​បញ្ហា​ប្រឈម​អ្វី​ទាំងអស់​ ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​លក្ខខណ្ឌ​ច្បាស់លាស់​ មុន​ពេល​បញ្ជូន​ពល​ការិនី​ទាំងនោះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​ការ​បញ្ជាក់​របស់​រដ្ឋមន្ដ្រីក្រសួង​ការងារ​ដូចនេះ​ ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​ សំដៅ​ពង្រឹង​ការ​អនុវត្ដ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី​ការ​ជ្រើសរើស​ និង​គ្រប់គ្រង​ពលករ​ខ្មែរ​ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ រវាង​លោក​រដ្ឋមន្ដ្រីក្រសួង​ការងា​កម្ពុជា​ ជាមួយ​ រដ្ឋមន្ដ្រីក្រសួង​ធនធានមនុស្ស​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​លោក​ Dato’Sri​ Richard​ Riot​ AnakJaem​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ។​

​ក្រោយ​បញ្ចប់​ជំនួប​ទ្វេភាគី​នេះ​ លោក​រដ្ឋមន្ដ្រី​ អ៊ិ​ត​ សំ​ហេង​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ នៅ​ថ្ងៃ​ទី​០១​ ខែមិថុនា​ ខាង​មុខ​នេះ​ គឺជា​ការ​បញ្ជូន​ពល​ការិនី​ខ្មែរ​ ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ថ្មី​ ក៏​ប៉ុន្ដែ​នៅ​ពេល​នេះ​លោក​មិន​ទាន់​អាច​ប្រាប់​ពី​ចំនួន​ជាក់លាក់​បាន​នៅឡើយ​ទេ​ ដោយ​ត្រូវ​រង់ចាំ​ក្រោយ​ពេល​ពលករ​ខ្មែរ​ដែល​ដាក់​ពាក្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ជា​មុន​សិន​។​

​បន្ថែម​ពី​នេះ​រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​អះអាង​យ៉ាង​មុតមាំ​ថា​ ការ​បញ្ជូន​ពល​ការិនី​ខ្មែរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ថ្មី​នេះ​ នឹង​មិន​មាន​បញ្ហា​កើតឡើង​ឡើយ​ ដោយ​លោក​សំអាង​ថា​ មុន​ពេល​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ម៉ា​ឡេ​ស៊ី​ ពួក​គេ​បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ ហើយ​ក្រសួង​ការងារ​ ត្រួតពិនិត្យ​មើល​កិច្ចសន្យាការងារ​ និង​ផ្ដល់​ឱកាស​ឲ្យ​ពលករ​ពល​ការិនី​ខ្មែរ​ទាំងអស់​ ជា​អ្នក​សម្រេចចិត្ដ​ជ្រើសរើស​កន្លែង​ដែល​ពួក​គេ​ចង់ទៅ​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ ៖«​ខ្ញុំ​ក៏​សូម​បញ្ជាក់​ដែរ​ថា​ ដោយ​ការ​យកចិត្ដទុកដាក់​ដល់​បញ្ហា​នេះ​ ឥឡូវនេះ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាន​ចាត់​បញ្ជូន​ ទីប្រឹក្សា​ពីរ​រូប​ដើម្បី​ទៅ​ធ្វើការ​អប​ស្ថានទូត​យើង​នៅ​ឯ​ម៉ា​ឡែ​ស៊ី​ ដើម្បី​ជា​ដៃគូ​ ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ជាមួយ​ម៉ា​ឡេ​ស៊ី​»​។​

​ជាមួយ​គ្នា​នេះ​លោក​ រដ្ឋមន្ដ្រីក្រសួង​ធនធានមនុស្ស​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ លោក​ Dato’Sri​ Richard​ Riot​ AnakJaem​ បាន​អះអាង​តាម​រយៈ​អ្នកបកប្រែ​ថា​ ការ​អនុញ្ញាត​ឲ្យ​មានការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ថ្មី​នេះ​ ពួក​គេ​នឹង​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ ដោយ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ក្នុង​អនុស្សា​រណៈ​ រវាង​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ និង​រដ្ឋាភិបាល​កម្ពុជា​។​ លោក​បន្ដ​ថា​ ច្បាប់​ដែល​មាន​ចែង​ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា​នេះ​ ក៏​ជា​ឯកសារ​ស្ដង់ដា​មួយ​ បាន​ធ្វើ​ឡើង​រវាង​ប្រទេស​ជា​ច្រើន​ទៀត​ផង​ដែរ​។​ លោក​រដ្ឋមន្ដ្រីក្រសួង​ធនធានមនុស្ស​ ម៉ា​ឡេ​ស៊ី​ ជឿជាក់​ថា​ អនុស្សារ​ណៈរ​វាង​ម៉ា​ឡេ​ស៊ី​ និង​កម្ពុជា​នេះ​ រួម​ជាមួយនឹង​ច្បាប់​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ នឹង​អាច​ការពារ​ពលករ​ខ្មែរ​មិន​ឲ្យ​មានការ​រំលោភ​បំពាន់​អ្វី​ឡើយ​។​

​លោក​ Dato’Sri​ Richard​ Riot​ AnakJaem​ ៖«​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ហ្នឹង​គឺ​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ហ្នឹង​ គឺ​នឹង​ទទួល​បាន​នូវ​ការ​ការពារ​បន្ថែម​ពីលើ​ច្បាប់​ការងារ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ឬ​ក៏​ច្បាប់​ ឬ​ក៏​អនុ​ញ្ញា​អន្ដរជាតិ​របស់​អង្គការ​ ilo»​។​

​សូម​ជម្រាប​ថា​ បច្ចុប្បន្ន​នេះ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ មាន​ពលករ​បរទេស​ កំពុងធ្វើការ​ងារ​ប្រមាណ​ ១​លាន​ ៧​សែន​នាក់​ ដែល​ធ្វើការ​ងារ​លើ​វិស័យ​ ឧស្សាហកម្ម​ ផលិតកម្ម​ និង​ការងារ​តាម​ផ្ទះ​។​ ចំពោះ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​ស្របច្បាប់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​គិត​មក​ដល់​ចុងឆ្នាំ​២០១៧​ នេះ​ មាន​ចំនួន​ប្រមាណ​ជាង​ ៨០០០​នាក់​។​

​គួរ​រ​ឮ​កថា​ នេះ​គឺជា​គម្រោង​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ត្រៀម​បញ្ជូន​ពលករ​ពល​ការិនី​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​អស់​រយៈពេល​ ៦​ឆ្នាំ​ ក្រោយ​ពេល​មាន​របាយការណ៍​ជា​ច្រើន​បង្ហាញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ ការ​ធ្វើទុក្ខបុកម្នេញ​ ការ​បង្ខំ​រំលោភ​ និង​ ការ​ធ្វើ​ទារុណកម្ម​ ពី​សំណាក់​ក្រុ​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី​ មក​លើ​ស្ដ្រី​ខ្មែរ​ដែល​ជា​ជំនួយការ​មេផ្ទះ​៕

Share

Image
Image
Image