en     km
en     km

អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ ៖​ មក​ដល់​ឆ្នាំ​២០១៧​ ករណី​ជួញដូរ​ស្ដ្រី​ខ្មែរ​ ទៅ​ក្រៅប្រទេស​ នៅ​តែ​កើត​មាន​

Share

​ភ្នំពេញ​ ៖​ អង្គការ​ សម្ព័ន្ធ​ចាប់ដៃ​ ដែល​ធ្វើការ​ងារ​លើ​កិច្ច​ការពារ​ ស្ដ្រី​ ពី​ការ​ជួញ​ និង​ការ​រំលោភ​បំពាន​លើ​កុមារី​ ទៅ​ក្រៅប្រទេស​ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ ក្នុង​ឆ្នាំ​២០១៧​ អំពើ​ជួញដូរ​ស្ដ្រី​ ទៅ​ក្រៅប្រទេស​នៅ​តែ​កើត​មាន​។​ ប៉ុន្ដែ​សកម្មភាព​នៃ​ការ​ជួយ​ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​ច្រើន​ជា​មុន​ ព្រោះ​មានការ​សហការ​បាន​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

រូបតំណាង នៃការលួងលោមបុគ្គលម្នាក់ពីបុគ្គលម្នាក់ទៀត

​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ មាន​ទស្សនវិស័យ​ ព្យាយាម​លុប​បំបាត់​រាល់​អំពើ​ជួញដូរ​ស្ដ្រី​ និង​ការ​រំលោភ​បំពាន​ទៅ​លើ​កុមារ​។​ អង្គការ​សង្គម​ស៊ី​វិល​ ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ បាន​ធ្វើ​ការងារ​ជួយ​ដល់​ស្ដ្រី​ខ្មែរ​ ដែល​ត្រូវ​បាន​ជនខិលខូច​បោក​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​ចាប់តាំងពី​ឆ្នាំ​២០០៥​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ ប្រធាន​គម្រោង​ ក្នុង​គម្រោង​គាំទ្រ​ករណី​ នៃ​ការ​ជួញដូរ​ របស់​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ កាលពីដើម​ខែមករា​ កន្លង​ទៅ​នេះ​ថា​ បញ្ហា​ពី​ការ​ជួញដូរ​ស្ដ្រី​នៅ​ទៅ​ក្រៅប្រទេស​នៅ​តែ​កើត​មាន​។​ ក៏​ប៉ុន្ដែ​មិន​មាន​ចំនួន​ច្រើន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ​។​ លោក​បាន​បន្ដ​ទៀត​ថា​ ក្នុង​ឆ្នាំ​២០១៧​ អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ បាន​ទទួល​ការ​សហការ​កាន់តែ​ល្អ​ពី​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ អន្ដរជាតិ​នានា​ ដែល​បាន​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​មួយ​នេះ​ ជួយ​ស្ដ្រី​រង​គ្រោះ​ពី​ការ​ជួញដូរ​ បាន​រហូត​ដល់​ជាង​ ១០០​ករណី​ ពី​ប្រទេស​មួយ​ចំនួន​ ដែល​មាន​ដូច​ជា​ប្រទេស​ចិន​ ថៃ​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

ស្រ្ដីដែលត្រូវបានជួញដូរទៅក្រៅប្រទេស

​យោង​តាម​តួលេខ​ ដែល​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ សហការ​ជាមួយ​ស្ថានទូត​ខ្មែរ​ ប្រចាំ​ប្រទេស​ទាំង​ប៉ុន្មាន​នេះ​ បាន​ធ្វើ​អន្ដរាគមន៍​ជួយ​ស្ដ្រី​ខ្មែរ​ ដែល​ត្រូវ​បាន​ជនខិលខូច​បោក​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​ ឲ្យ​វិល​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​វិញ​ បាន​បង្ហាញ​ថា​ ចំនួន​នេះ​ មានការ​កើនឡើង​ប្រមាណ​ ១០​ករណី​ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ ៖«​នៅ​ពេល​ដែល​យើង​បាន​ជួយ​ច្រើន​ មិនមែន​មាន​ន័យ​ថា​ ករណី​ជួញដូរ​ហ្នឹង​កើនឡើង​ច្រើន​លើសលប់​ បើ​ធៀប​នឹង​ឆ្នាំ​ចាស់​ទេ​ តែ​មាន​ន័យ​ថា​ យើង​ធ្វើការ​បាន​ច្រើន​ យើង​មានការ​សហការ​បាន​ល្អជា​មួយ​និង​អាជ្ញាធរ​ ជាមួយ​និង​ស្ថានទូត​ និង​អង្គការ​ដៃគូ​ ដើម្បី​ព្យាយាម​លុប​បំបាត់​ ជួយ​ជន​រង​គ្រោះ​ទាក់ទង​និង​ការ​ជួញដូរ​»​។​

​ស្ដ្រី​ខ្មែរ​ មិន​ថា​ អ្នក​រស់នៅ​ទីក្រុង​ ឬ​ទី​ជនបទ​នោះ​ទេ​ ពួក​គេ​តែងតែ​ងាយ​ត្រូវ​បាន​ជនខិលខូច​លួងលោម​ ឲ្យ​ស្ម័គ្រចិត្ដ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ តាម​រយៈ​ពួក​គេ​។​ ស្ដ្រី​ ងាយ​ចាញ់បោក​ជនខិលខូច​ ឬ​ហៅ​ថា​ មេខ្យល់​ ដែល​លោក​ ស្រ៊​ន់​ ឡង់​ដា​ មើលឃើញ​ហេតុផល​មួយ​ចំនួន​ ដូច​ជា​ ស្ដ្រី​ភាគច្រើន​រស់នៅ​តំបន់​ដាច់​ស្រយាល​ ឪពុក​ ម្ដាយ​ មាន​ជីវភាព​ក្រីក្រ​ ស្ដ្រី​ខ្វះ​ចំណេះដឹង​ កត្ដា​អត់​ការងារ​ធ្វើ​ក្នុងស្រុក​ និង​មួយ​ចំណុច​ទៀត​ គឺ​ការ​ខ្វះ​ព័ត៌មាន​ជុំវិញ​ការ​ធ្វើ​ចំណាកស្រុក​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ ៖«​ហេតុផល​មួយទៀត​ អាច​ថា​ គាត់​ខ្វះ​ចំណេះដឹង​ គាត់​ខ្វះ​ប្រ​ព័​ន្ទ​ព័ត៌មាន​។​ អ​ញ្ចឹ​ង​ប្រព័ន្ធ​ព័ត៌មាន​គឺជា​កត្ដា​សំខាន់​ណាស់​ ដើម្បី​ឲ្យ​គាត់​សម្រេច​ចិត្ដបាន​ត្រឹមត្រូវ​។​ នៅ​ពេល​ដែល​គាត់​ខ្វះខាត​ព័ត៌មាន​ ថា​អ្វី​ទៅ​គឺជា​ការ​ចំណាកស្រុក​ អ្វី​ទៅ​គឺជា​ការ​ជួញដូរ​មនុស្ស​ អ​ញ្ចឹ​ង​នៅ​ពេល​ដែល​គាត់​ខ្វះខាត​ព័ត៌មាន​ទាំងអស់​ហ្នឹង​ គឺ​គាត់​ជឿ​ស្លុង​ទៅ​លើ​មេខ្យល់​ ឬ​ក៏​ក្រុមហ៊ុន​ បោក​បញ្ឆោត​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ​ដើម្បី​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​»​។​

​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​ អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ បាន​ជួយ​ស្ដ្រី​ជា​ច្រើន​ពី​ការ​ជួញដូរ​ទៅ​ក្រៅប្រទេស​។​ លោក​ ស្រ៊​ន់​ ឡង់​ដា​ បាន​ឲ្យ​ដឹង​ថា​ ស្ដ្រី​ចាប់ពី​វ័យ​ ១៨​ឆ្នាំ​ឡើង​ទៅ​ភាគច្រើន​ត្រូវ​បាន​ជួញដូរ​ទៅ​កាន់​ បី​ ប្រទេស​សំខាន់ៗ​ គឺ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ថៃ​ និង​ប្រទេស​ចិន​។​ តែ​យ៉ាងណា​ក្រៅ​តែ​ពី​ប្រទេស​មុខសញ្ញា​ទាំង​បី​នេះ​ អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខ្មែរ​ ជួយ​ស្ដ្រី​ពី​ការ​ជួញដូរ​ ទៅ​កាន់​ទីក្រុង​ហុងកុង​ ប្រទេស​អា​រ៉ាប់​ប៊ី​សាវ​អូឌីត​ និង​ប្រទេស​ជប៉ុន​ ផង​ដែរ​ តែ​ក្នុង​ករណី​តិច​តូច​ប៉ុណ្ណោះ​។​
ស្ដ្រី ឬក្មេងស្រ្ដី មិនមែនសម្រាប់លក់ឡើង ស្រ្ដី និងកុមារី មានសិទ្ធិស្មើគ្នានិងបុរស


​ស្ដ្រី​ខ្មែរ​ ដែល​ត្រូវ​បាន​ជួញដូរ​ទៅ​ប្រទេស​ចិន​ គឺ​ភាគច្រើន​បំផុត​ត្រូវ​បាន​មេខ្យល់​ លក់​ពួក​គាត់​ឲ្យ​ធ្វើ​ទាសករ​ផ្លូវភេទ​របស់​បុរស​ចិន​។​ ស្ដ្រី​ ដែល​ត្រូវ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន​ទាំងអស់​ ពួក​គាត់​តែងតែ​ត្រូវ​បុរស​ជនជាតិ​ចិន​ បង្ខំ​រំលោភ​ ធ្វើ​ទារុណកម្ម​ និង​ជា​ពិសេស​ពួក​គាត់​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ផ្ទះ​ច្រើន​ស្ទើរតែ​គ្មាន​ពេល​ឈប់​។​ លោក​ លោក​ ស្រ៊​ន់​ ឡង់​ដា​ ពន្យល់​ បន្ថែម​ថា​ ៖«​រូបភាព​ដែល​យើង​ទទួល​បាន​នៅ​ក្នុង​ប្រទេស​ចិន​ ទាំងអស់​គឺជា​ករណី​ស្រី​ ហើយ​ករណី​ស្ដ្រី​ទាំងអស់​ហ្នឹង​ គឺជា​ការ​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​ប្ដី​ចិន​ ។​ បាន​ន័យ​ថា​ យក​គាត់​ទៅ​រំលោភ​បំពាន​ហ្នឹង​ មុន​ដំបូង​ភូត​គាត់​ថា​ ទៅ​ធ្វើការ​រោងចក្រ​ ប្រាក់ខែ​ល្អ​ធ្វើការ​ក្រុមហ៊ុន​។​ ក៏​ប៉ុន្ដែ​នៅ​ពេល​ដែល​ទៅ​ដល់​ប្រទេស​គោលដៅ​ គាត់​ហ្ន​នឹង​ត្រូវ​បាន​គេ​លក់​ទៅ​ឲ្យ​ប្ដី​ចិន​ បុរស​ជនជាតិ​ចិន​ ធ្វើ​ទាសករ​ផ្លូវភេទ​ នេះ​ជា​ករណី​ដែល​យើង​ទទួល​បាន​»​។​

​អ្នកជំនាញ​ប្រឆាំង​ការ​ជួញដូរ​ ស្ត្រី​ បាន​ បន្ថែម​ទៀត​ថា​ ចំណែកឯ​ស្ដ្រី​ខ្មែរ​ ដែល​ត្រូវ​បាន​មេខ្យល់​បោក​យក​ទៅ​លក់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ គឺ​ត្រូវ​បាន​យក​ទៅ​ ធ្វើ​ជា​អ្នកបម្រើ​តាម​ផ្ទះ​ ដោយ​មិន​បាន​ទទួល​ប្រាក់​កម្រៃ​ ហើយ​លើស​ពី​នេះ​ ស្ដ្រី​ភាគច្រើន​ត្រូវ​បាន​ចាប់រំលោភ​ ឬ​ធ្វើ​ទារុណកម្ម​ រហូត​ដល់​មាន​របួស​គ្រាំគ្រា​ ហើយ​មាន​ស្ដ្រី​ខ្លះ​ទៀត​ បាន​សម្រេចចិត្ដ​សម្លាប់​ខ្លួន​។​ ដោយឡែក​ ប្រទេស​ថៃ​វិញ​ ស្ដ្រី​ត្រូវ​បាន​ជួញដូរ​កម្លាំង​ពលកម្ម​ ធ្វើ​ការងារ​លំបាកៗ​ជា​ច្រើន​ ដោយ​ទទួល​បាន​កម្រៃ​តិច​តូច​។​

​លោក​ ស្រ៊​ន់​ ឡង់​ដា​ ៖«​ដោយឡែក​នៅ​ប្រទេស​ម៉ា​ឡេ​ ករណី​ដែល​យើង​ទទួល​បាន​គឺ​ករណី​ធ្វើការ​តាម​ផ្ទះ​។​ ធ្វើការ​តាម​ផ្ទះ​ពេល​ខ្លះ​ថៅកែ​ហ្នឹង​ អត់​គោរព​តាម​ពាក្យ​សន្យា​ដែល​មេខ្យល់​បាន​ប្រាប់​គាត់​ពី​ខ្មែរ​ទៅ​ទេ​ បាន​ន័យ​ថា​ ឲ្យ​តែ​មានការ​ងារ​ គឺ​ប្រ​គាត់​គ្រប់​ម៉ោង​ទាំងអស់​។​ ពេល​ខ្លះ​ត្រូវ​ធ្វើការ​ពី​ម៉ោង​ ៥​ភ្លឺ​ ៤​ភ្លឺ​ រហូត​ដល់​ម៉ោង​ ១២​យប់​ក៏​មាន​ ហើយ​បាយ​នៅ​ពេល​គាត់​ទទួល​បាន​ គាត់​ឲ្យ​ហូប​តែ​មី​ទៀត​ ហើយ​ធ្វើការ​មិនល្អ​គេ​វ៉ៃ​ទៀត​ ហើយ​ពេល​ខ្លះ​គេ​វ៉ៃ​ហើយ​ គេ​រំលោភ​បំពាន​ទៅ​លើ​ផ្លូវភេទ​ទៀត​ អ​ញ្ចឹ​ង​ រូបភាព​ច្រើន​ ដែល​យើង​ឃើញ​ ហើយ​ប្រ​សិន​ណា​គាត់​មិន​ធ្វើ​តាម​ថៅកែ​ហ្នឹង​ទេ​ គេ​វ៉ៃ​គាត់​ គេ​ចង​គាត់​ រហូត​ដល់​ករណី​ខ្លះ​គាត់​សម្រេចចិត្ដ​សម្លាប់​ខ្លួន​ក៏​មាន​»​។​

​ស្ដ្រី​ខ្មែរ​ ដែល​ត្រូវ​បាន​ជនខិលខូច​ បោក​បញ្ឆោត​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​ ក្រោយ​ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​ត្រឡប់​មក​កាន់​ដែនដី​កំណើត​វិញ​ ពួក​គេ​ជិត​ ៧០​ភាគរយ​ បាន​ក្លាយ​ខ្លួន​ជា​មនុស្ស​មាន​ជំងឺផ្លូវចិត្ដ​ និង​ស្ទើរតែ​ទាំងអស់​មាន​រង​របួស​គ្រាំគ្រា​។​

​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ស្ដ្រី​ខ្មែរ​ ទៅ​ក្រៅប្រទេស​នេះ​ដែរ​ កាលពី​ថ្ងៃ​ចន្ទ​ ទី​១៥​ មក​រា​ អាជ្ញាធរ​ខេត្ដបាត់ដំបង​បាន​ចាប់ខ្លួន​ស្ដ្រី​ម្នាក់​ដែល​បាន​បោក​បញ្ឆោត​ស្ដ្រី​ខ្មែរ​ ចំនួន​០៥​នាក់​ យក​ទៅ​ឲ្យ​មេខ្យល់​នាំ​យក​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ រយៈ​ជាង​ ១​ឆ្នាំ​។​ កញ្ញា​ ចម្ប៉ា​ ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​ នាង​គឺជា​ស្ដ្រី​ម្នាក់​ ក្នុង​ចំណោម​ស្ដ្រី​ទាំង​ប្រាំ​នាក់​នោះ​ នាង​ត្រូវ​បាន​ថៅកែ​ ម៉ា​ឡេ​ស៊ី​ ប្រើ​ឲ្យ​ធ្វើការ​លី​សែង​ កេះ​ផ្លែង​ឈើ​ និង​របស់របរ​ផ្សេងៗ​ ដែល​មាន​ទម្ងន់​ពី​ ៧០​ ទៅ​ ៨០​គីឡូក្រាម​ ហើយ​មិនតែប៉ុណ្ណោះ​ ថៅកែ​ម៉ា​ឡេ​ស៊ី​ បាន​វាយដំ​កញ្ញា​ ចម្ប៉ា​ ដោយ​ប្រើ​ដំ​ទឹកកក​ និង​បាន​យក​នាង​ទៅ​បង្ខាំង​ទុក​ក្នុង​ទូរ​ទឹកកក​ ដាក់​ផ្លែ​ឈើ​ នៅ​ពេល​ដែល​ស្ដ្រី​ម្នាក់​នោះ​ មាន​កំហុស​ម្ដងៗ​។​ រយៈពេល​ជាង​ ១​ឆ្នាំ​ ដែល​កញ្ញា​ ចម្ប៉ា​ ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ នាង​បាន​ជួប​ផល​លំបាក​ និង​ការ​វាយដំ​ជា​ទម្ងន់​ រហូត​ដល់​នាង​ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ របួស​គ្រាំ​ក្នុង​ និង​បត់ជើងតូច​មាន​លាយ​ឈាម​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ ស្រ៊​ន់​ ឡង់​ដា​ប្រធាន​គម្រោង​ ក្នុង​គម្រោង​គាំទ្រ​ករណី​ នៃ​ការ​ជួញដូរ​ របស់​អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ បង្កើន​ការ​យកចិត្ដទុកដាក់​ឲ្យ​ខ្ពស់​បន្ថែម​ទៀត​ ដោយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់​រាល់​ឯកសារ​មុន​ពេល​ចុះហត្ថលេខា​ នៅ​ពេល​ដែល​មាន​អ្នក​ទៅ​ស្នើ​សុំ​នាំ​ស្ដ្រី​ទៅ​ក្រៅប្រទេស​។​
​លោក​បន្ដ​ថា​ បញ្ហា​ជួញដូរ​ស្ដ្រី​គឺជា​បញ្ហា​សកល​ ដែល​មិនមែន​ជា​បញ្ហា​ ឬ​ក៏​ជា​ទំនួល​ខុស​ត្រូវ​របស់​ន​ណា​ម្នាក់​នោះ​ទេ​ តែ​វា​គឺ​បញ្ហា​ដែល​ត្រូវ​រួម​គ្នា​ដើម្បី​ដោះស្រាយ​។​ បន្ថែម​ពីលើ​នេះ​ លោក​ ស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ បង្កើន​សកម្មភាព​ចុះ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​សព្វថ្ងៃ​ ដោយ​ត្រូវ​ពន្យល់​ពលរដ្ឋ​ឲ្យ​បាន​យល់​កាន់តែ​ច្បាស់​ ពី​គ្រោះថ្នាក់​នៃ​ការ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​៕​

Share

ព័ត៌មានទាក់ទង

Image