ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ ក្រសួងអប់រំ បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឱ្យរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសលើ មុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី ១២ ។
នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីការណែនាំការរៀបចំ និងការប្រព្រឹត្តទៅនៃកការប្រឡងជ្រើសរើសិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស ឆ្នាំ២០១៨ របស់ក្រសួងអប់រំយុវជននិងកីឡាចុះនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ។
តាមសេចក្ដីដំណឹងរបស់ដដែលនេះ ការប្រឡងជ្រើសរើសិស្សពូកែទូទាំងប្រទេសបានកំណត់យក ២ កម្រិត គឺថ្នាក់ទី៩ និងថ្នាក់ទី១២ លើវិញ្ញាសាប្រឡង ផ្នែកអក្សរសិល្ប៍ខ្មែររ គណិតវិទ្យា និងរូបវិទ្យា ។
ចំពោះសម័យប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ត្រូវបានកំណត់យកថ្ងៃទី ២៣ ខែមេសាឆ្នាំ២០១៨ ។ ប្រធានវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស រៀបចំដោយក្រសួងងអប់រំយុវជន និងកីឡា ដោយគិតតាមកម្មវិធីសិក្សាពីថ្នាក់ទី ៧ ដល់ថ្នាក់ទី៩ សម្រាប់ការប្រឡងសិស្សពូកែថ្នាក់ទី ៩ និងពីថ្នាក់ទី៧ ដល់ថ្នាក់ទី ១២ សម្រាប់ការប្រឡងសិស្សពូកែថ្នាក់ទី១២។
សូមជម្រាបថា បេក្ខជនគ្រប់រូបដែលចូលរួមប្រកួតប្រជែងសិស្សពូកែទូទាំងប្រទេសម្នាក់ៗត្រូវបានទទួលរង្វាន់ និងការលើកទឹកចិត្ដទៅតាមចំណាត់ថ្នាក់នីមួយៗ។
ចំណាត់លេខ១៖ទទួលបានសញ្ញាបត្រសិស្សពូកែទូទាំងប្រទេស ១ សន្លឹក មេដាយមាស ១គ្រឿង និងថវិកា ៣លាន ៥សែន រៀល។
ចំណាត់ថ្នាក់លេខ២ សញ្ញាបត្រសិស្សពូកែទូទាំងប្រទេស ១សន្លឹក មេដាយប្រាក់ ១គ្រឿង និងថវិកា ៣លាន ២សែនរៀល។
ចំណាត់ថ្នាក់លេខ៣៖ សញ្ញាបត្រសិស្សពូកែទូទាំងប្រទេស ១សន្លឹក មេដាយសំរិទ្ធ ១គ្រឿង និងថវិកា ២លាន ៩សែនរៀល។ និងចំណាត់លេខ ១០ សញ្ញាបត្រសិស្សពូកែទូទាំងប្រទេស១សន្លឹក និងថវិកា ៨សែនរៀល។
គួរបញ្ជាក់ដែរថា បេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេសពីជ័យលាភី លេខ ១ ដល់ លេខ ១០ អាចមានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗបន្ថែមទៀតពីសប្បុរសជនផងដែរ៕