en     km
en     km

លោក​ ជូង ជូងី ៖បើចង់ធ្វើមេធាវីកុំធ្វើជំនួញ បើធ្វើជំនួញកុំធ្វើមេធាវី

Share

ជីវៈព័ត៌មាន៖ នៅក្នុងការងារជាមេធាវីជិត ១៥ ឆ្នាំ លោក​ ជួង ជូងី មានបំណងមួយស្វែងរកយុត្ដិធម៌ជួយដល់ជនរងគ្រោះក្នុងសង្គម។ ប៉ុន្ដែនៅក្នុងការងារជាមេធាវី  លោក ជួង ជូងី ដូចជាមិនសូវជាទទួលបានជោគជ័យឡើយ។

ដោយសារហេតុនេះ លោកត្រូវបានគេអោយរហ័ស្សនាមថា ជាមេធាវីដែលកម្រឈ្នះក្ដី។ យ៉ាងណាក៏ដោយ លោក ជូង ជូងី ហាក់ដូចជា មិនសូវខ្វល់ តែផ្ទុយទៅវិញលោកមានមោទនភាពចំពោះការងាររបស់លោកកាន់តែខ្លាំងដោយសន្យាបន្ដការងាររបស់លោកជាមេធាវីនេះបន្តទៀត។ ដោយពេលខ្លះធន់ថប់ លោក មេធាវី បានសម្រេចបួសជាសង្ឃមួយរយៈទៀតផង។ 

ទោះជាយ៉ាងណា លោក បានចែករំលែកបទពិសោធន៍របស់លោកវិញថា បើចង់ធ្វើមេធាវីកុំធ្វើជំនួញ បើធ្វើជំនួញកុំធ្វើមេធាវី។

តើមានន័យយ៉ាងដូចម្ដេច ហើយមានមូលហេតុអ្វីបានជាលោកមេធាវី ជួង ជូងី លើកឡើងដូចនេះ?

ជាបន្ដសូមអញ្ជើញស្ដាប់ជីវៈព័ត៌មានដែលចងក្រងដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ៖ 

 

ដោយសារស្អប់អំពើឈ្លានពាននឹងធ្វើទុក្ខទោសម្នេញដល់អ្នកស្លូតត្រង់ លោក ជូង ជូងី ពីនិស្សិតរូបវិទ្យាម្នាក់មករៀនមុខវិជ្ជាផ្នែកច្បាប់រហូតបានក្លាយជាមេធាវី នៅក្នុងឆ្នាំ២០០៣ ។ ក្នុង​វ័យ ៤៩ ​ឆ្នាំ លោកមេធាវី ជូង ជូងី  ទទួលការពារគ្រប់រឿងក្ដីស្ទើរគ្រប់បទល្មើស ជាពិសេស សំណុំ​រឿង​ដែល​មាន​ចរិត​នយោបាយ។

លោកការពារក្ដីអោយទាំង ​មន្ត្រី​សង្គម​ស៊ីវិល សកម្មជន និង​មន្ត្រី​គណបក្ស​នយោបាយ រួមទាំងអ្នក​វិភាគ​រិះគន់​បញ្ហា​ក្នុង​សង្គមជាដើម។

លោក​ ជួង ជូងី៖«ទូទៅ ប៉ុន្ដែភាគច្រើនក៏មានរឿងច្រើនដែរដែលគាត់ជាសកម្មជននយោបាយ ហើយនិងជាសកម្មជនដែលគាត់មានសកម្មភាពតស៊ូមតិខ្លាំងនៅក្នុងសង្គមដើម្បីទាមទារសិទ្ធដីធ្លី សិទ្ធមនុស្ស »។ 

លោក ជូង ជូងីបានប្រាប់បន្ដថា រឿងក្ដីដែលលោកពិបាកការពារជាងគេ និងមិនដែលឈ្នះ គឺ រឿងក្ដីរវាងអាជ្ញាធរ និងពលរដ្ឋសាមញ្ញ ហើយនឹងរឿងនយោបាយ។

លោក ជូង ជូងី ៖ «រឿងពិបាកជាងគឺជាប្រភេទរឿងក្ដីពាក់ព័ន្ធរឿងសកម្មជននយោបាយ និងសកម្មជនដីធ្លី ឬសកម្មជនដែលគាត់ហ៊ានតវ់ាដូចជារឿងគឹម សុខ  ឬ ផន សុផានី ចឹងជាប្រភេទរឿងក្ដីដែលភាគីអ្នកប្ដឹងណឹងជាភាគីអាជ្ញាធរ នេះគឺជារឿងដែលលំបាក ហើយបែរនិយាយពីរឿងលទ្ធផលជាទម្រង់វិញរឿងនយោបាយ រឿងសកម្មមិនដែលឈ្នះទេ ទោះបីទៅដល់កំពូលក៏ដោយ»។

តាម លោក ជូង ជូងី កាលពីឆ្នាំ២០១៧ លោកបានបួសជាសង្ឃ នៅក្នុងវត្តមួយ នៅឯខេត្តសៀមរាប  ដែលនៅពេលនោះលោកបានដកឃ្លា​ រយៈពេល ២ ទៅ ៣សប្ដាហ៍ ពីការងារជាមេធាវី ។ លោក ជូង ជូងី បញ្ជាក់ថា ការបួសនៅពេលនោះ គឺដើម្បីស្វែងរកភាពស្ងប់ស្ងាត់និងធម៌បរិសុទ្ធ។

លោក ជូង ជូងី ៖«និយាយភាសាយ៉ាងខ្លីថា ស្វែងរកធម៌បរិសុទ្ធ ប្រតិបត្តធម៌បរិសុទ្ធ »។

កត់សម្គាល់ឃើញថា បើទោះបីការងារដែលលោកមេធាវី ជួង ជូងី ធ្វើត្រូវប្រើប្រាស់ភាពអត់ធ្មត់ និងភាពប្រថុនប្រថានខ្លាំង  ប៉ុន្ដែ លោក ហាក់ដូចជាមិនមានភាពខ្លាចរអា ឬថយក្រោយ ចំពោះការងារដែលលោកស្រឡាញ់នោះទេ។

លោក ជូង ជូងី ៖«លុះត្រាតែការងារផ្សេងទៀតដែលខ្ញុំមានឱកាសទៅធ្វើ ហើយដែលអាចជួយយុត្ដិធម៌ក្នុងសង្គមបានល្អជាងមេធាវី នោះខ្ញុំទៅ »។

​ក្នុងអាជីពជាមេធាវី តាំងពីឆ្នាំ ២០០៣ គេសង្កេតឃើញថា  ​រយៈពេល ១៥​ ឆ្នាំមក​នេះ លោក ជូង ជូងី ​បាន​ការពារ​រឿង​ក្ដី​ជាច្រើន ក្នុង​នោះ​រួម​មាន​សំណុំ​រឿង​លោក ដាំ សិទ្ធិ និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ ដែល​ត្រូវ​ប្ដឹង​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​បរិហារ​កេរ្តិ៍​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

សំណុំ​រឿង​រដ្ឋាភិបាល​ប្ដឹង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០០៩។

សំណុំ​រឿង​អ្នក​តំណាងរាស្ត្រ មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ក្នុង​រឿង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៣ និង​អូស​បន្លាយ​មក​ដល់​ពេល​នេះ។

សំណុំ​រឿង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី តំណាងរាស្ត្រ អ៊ុំ សំអាន និង​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​រឿង​ផែនទី និង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​រដ្ឋាភិបាល​ប្ដឹង​ចោទ​ប្រកាន់​ក្នុង​ឆ្នាំ​ ២០១៥។

សំណុំ​រឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​ប្ដឹង​ពី​ការ​មិន​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០១៣ និង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ដែល​ត្រូវ​ចោទ​ប្រកាន់​ជាមួយ​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ជាដើម។

ក្នុង​ពេល​ថ្មីៗ​នេះ លោក ជូង ជូងី បាន​ទទួល​ការពារ​ក្ដី​ឲ្យ​ លោក  គឹម សុខ ដែល​ប្ដឹង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សំណុំ​រឿង​ចៅ​សង្កាត់​ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម លោក ចៅ វាសនា និង​សំណុំ​រឿង​ព្រះសង្ឃ​លេង​កាំភ្លើង​ជ័រ ព្រះតេជគុណ ហន សុផាន្នី នៅ​ខេត្ត​បាត់​ដំបងផងដែរ។

ក្នុងអាជីពជាមេធាវី លោក ជូង ជូងី មានគំនិតមួយរកយុត្ដិធម៌ជូនអ្នកស្លូតត្រង់តាមដែលលោកអាចធ្វើទៅបាន។

លោក​ ជួង ជូងី៖«តាមពិតទៅនិស្ស័យរបស់ខ្ញុំតាំងពីក្មេងមក ខ្ញុំស្អប់ការឈ្លានពានការបំពាន ខ្ញុំមានគំនិតចង់ការពារយុត្ដិធម៌ ការពារជនស្លូតត្រង់ កុំអោយមានការបំពាន ហើយការវិវត្តន៍ក្នុងវ័យរបស់ខ្ញុំពីក្មេងរហូតដល់ចាស់ទៅៗ ខ្ញុំឃើញថា មានការបំពានកាន់តែច្រើនទៅនៅពេលដែលអាយុកាន់តែច្រើន រៀនកាន់តែច្រើនកាន់តែឃើញអាការបំពានកាន់តែខ្លាំងទៅ។ ដូច្នេះបំណងឬក៏ឆន្ទៈក្នុងជីវិតចង់កុំអោយមានការបំពានចង់អោយមានយុត្ដិធម៌​ហើយការដែលឈានចូលមកធ្វើជាមេធាវីក្នុងគោលបំណងរបស់ខ្ញុំ ប្រើចំណេះ និងសមត្ថភាពរបស់ខ្ញុំជួយវិស័យយុត្ដិធម៌នៅក្នុងសង្គម។ចឹងគោលដៅចំបងចិញ្ចឹមជីវិតរបស់ខ្ញុំគឺយុត្ដិធម៌សង្គមជាចំបង»។ 

នៅក្នុងខ្លឹមសារកិច្ចសម្ភាសមួយជាមួយវិទ្យុស្រ្ដីFM 102 នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨នេះលោក​ ជូង ជូងី បញ្ជាក់ថា មុននឹងបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ លោកបានបញ្ចប់បរិញ្ញាបត្ររូបវិទ្យានៅក្នុងឆ្នាំ១៩៩៥ ។

ដោយឡែកឆ្នាំ១៩៩៩ លោកជូង ជូងី ក៏បានបញ្ចប់បរិញ្ញាបត្រច្បាប់មួយទៀត។ ដោយសារឆន្ទៈស្អប់អំពើឈ្លានពាន និងស្រលាញ់យុត្ដិធម៌នៅឆ្នាំ២០០២ លោក ជូង ជូងី ក៏បានសម្រេចចិត្តចូលប្រឡងធ្វើជាមេធាវី។

លោក ទទូចថា មុខរបរជាមេធាវី ជារដ្ឋអាជ្ញាក្ដី ជាចៅក្រមក្ដី គឺជាអ្នកជួយរកយុត្តិធម៌របស់មនុស្ស បើគិតថាជាជំនួញមួយដូចអ្នកលក់ដូរដែរ គឺ មិនគម្បីទេ។
 

លោកជួង ជូងី ៖« ដូចគ្នាដែរ ខ្ញុំក៏មានគំនិតមួយចំនួនចង់ផ្ដាំផ្ញើទៅអ្នកច្បាប់ដែរទាំងមេធាវី ទាំងមន្រ្ដីតុលាការដែរ នៅពេលដែលយើងអនុវត្ដវិស័យច្បាប់ទោះបីក្នុងតួនាទីជាមេធាវីក្ដី ជាចៅក្រមក្ដី ជាព្រះរាជអាជ្ញាក្ដី គឺដាក់គោលដៅយុត្ដិធម៌ជាចំបង ចៀសវាងទៅប្រព្រឹត្តអំពើពុករលួយយកវិជ្ជាជីវៈរបស់ខ្លួនដែលជាវិជ្ជាជីវៈខ្ពង់ខ្ពស់ដែលសង្គមមានជំនឿ ឬក៏មានទំនុកចិត្ត បែរ ជាទៅប្រព្រឹត្តផ្ដេសផ្ដាសបំពានដើម្បីបំពេញតណ្ហា ឬក៏ភាពលោភៈរបស់ខ្លួន នេះគឺវាខុសធ្ងន់ណា បែរនិយាយពីជំនឿសាសនាវិញគេហៅថា បាបធ្ងន់ណាស់ ។ចឹងបើបានជាខ្លួនធ្វើមេធាវី ឬក៏ធ្វើជាចៅក្រម ធ្វើជាព្រះរាជអាជ្ញាទៅហើយ គួរតែបំពេញតួនាទីរបស់ខ្លួនអោយបានល្អ កុំប្រព្រឹត្តអំពើពុករលួយ កុំប្រើតួនាទីរបស់ខ្លួនប្រព្រឹត្តកាមតណ្ហារបស់ខ្លួន ផ្ទុយទៅវិញប្រសិនបើខ្លួនមានគំនិតចង់មានចង់បានគួតែលាលែងពីការងារមេធាវី លាលែងការងារចៅក្រម ព្រះរាជអាជ្ញាទៅធ្វើជំនួញវិញទើបត្រឹមត្រូវ»។

 

 

 

 

Share

ព័ត៌មានទាក់ទង

Image