en     km
en     km

មន្ត្រីរដ្ឋាភិបាលបង្ហាញវិបត្តិ ៦ ចំណុចក្នុងវិស័យស្រូវអង្ករ

Share

ភ្នំពេញ៖ បើទោះបីជាកម្ពុជាអាចផ្គត់ផ្គង់ផលិតផលស្រូវអង្ករបានទាំងក្នុងស្រុក និងអន្តរជាតិក្តី តែមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងវិស័យឯកជននូវតែបង្ហាញក្តីកង្វល់លើបញ្ហា ៦ ចំណុច ដែលប្រជាកសិករកំពុងជួបប្រទះ ហើយត្រូវការការដោះស្រាយពីមន្រ្តីពាក់ព័ន្ធឱ្យទាន់ពេលវេលា។

ក្តីកង្វល់នេះត្រូវបានលើកឡើងក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី ៦ ​និងការសម្ពោធម៉ាកវិញ្ញាតកម្ម«ម្លិះអង្គរ»នៅថ្ងៃទី ២២ មករា នេះនៅសណ្ឋាគារ សូភីតែល ក្រុងភ្នំពេញ។

 

                                               រូបមន្រ្តីរដ្ឋាភិបាលក្នុងពិធីសម្ពោធម៉ាកសញ្ញាតកម្ម«ម្ល៉ះអង្គរ»។រូបភាពWMC

 

ការថយចុះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម បញ្ហាសមត្ថភាពសហគមន៍កសិកម្មនៅមានកម្រិត កង្វះប្រព័ន្ធគ្រប់គ្រងទឹក បញ្ហាពូជស្រូវ និងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម បញ្ហាឃ្លាំសម្ងួតស្រូវ និងបញ្ហាកង្វះទុនលើទីផ្សារ ទាំងនេះគឺជាបញ្ហាប្រឈមដែលកើតមានក្នុងវិស័យស្រូវអង្ករ ស្របពេលក្រសួងពាក់ព័ន្ធកំពុងរកដំណោះស្រាយ។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សុខ ពុទ្ធីវុធ  ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

​យ៉ាងណាបញ្ហាប្រឈមទាំងនេះត្រូវបានឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី គូសបង្ហាញដំណោះស្រាយយ៉ាងដូច្នេះថា៖ 

 

         លោក សុខ ពុទ្ធីវុធ (ឆ្វេង) លោក វេង សុខន (កណ្តាល) លោក យឹម ឆៃលី (ស្តាំ)។ក្នុងពេលប្រគល់ប័ណ្ឌសសើរដល់លោក សុខ ពុទ្ធីវុធ

ឆ្លើយតបនឹងក្តីកង្វល់ដែលបានលើកឡើងនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា ក្រសួងបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីលើកកំពស់ផលិតកម្មស្រូវអង្ករកម្ពុជា សំដៅជួយលើកកំពស់ជីវភាពប្រជាកសិករកម្ពុជា។ លោករដ្ឋមន្រ្តីកសិកម្មបន្តថា ការងារដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើងទាំង ៦ ចំណុចខាងលើនេះ គឺត្រូវការការចូលរួមពីក្រសួងពាក់ព័ន្ធ ពិសេសគឺវិស័យឯកជនមិនអាចខ្វះបាន។ លោករដ្ឋមន្រ្តីក្រសួងកសិកម្មប្រៀបប្រដូចវិស័យឯកជនទៅនឹងក្បាលរថភ្លើងអូសទាញតួខ្លួនសេដ្ឋកិច្ចកម្ពុជាឱ្យរីកចំរើនក្នុងឧស្សាហ៍កម្មមាស«ស»កម្ពុជាមួយនេះ។

 

 

                                                                                      លោក វេង សុខន រដ្ឋមន្រ្តីក្រសួងកសិកម្ម

ជាមួយនឹងក្តីនិងដំណោះស្រាយដែលត្រូវបានលើកឡើងក្នុងវេទិកាស្រូវអង្ករលើកទី ៦ នេះ ភាពជោគជ័យ និងការសម្រេចបានសមិទ្ឋផលនានាក្នុងវិស័យស្រូវអង្ករនេះក៏ត្រូវបានលើកបង្ហាញផងដែរ។

លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា បរិមាណផលិតកម្មស្រូវរបស់កម្ពុជាបានកើនឡើងប្រមាណ ៩ លានតោនក្នុងមួយឆ្នាំ។ កម្ពុជានៅសល់ស្រូវប្រមាណ ៤លាន ៦សែនតោនលើសពីតម្រូវការក្នុងស្រុក។ ទន្ទឹងនឹងនេះ កម្ពុជាបាននាំអង្ករទៅកាន់ទីផ្សារអន្តរជាតិនៅប្រទេសចំនួនជាង ៦០ ធ្វើឱ្យកំណើនកើនឡើងពី ១០ម៉ឺនតោនក្នុងឆ្នាំ ២០១០ ដល់ ៦៤ ម៉ឺនតោនក្នុងឆ្នាំ ២០១៧។

ដើម្បីឱ្យវិស័យស្រូវអង្ករកម្ពុជាអាចរីកចំរើន និងបោះជំហានទៅមុខបានលោក សុខ ពុទ្ធីវុធ ផ្តល់អនុសាសន៍យ៉ាងដូច្នេះថា៖

 

កំណើនប្រជាជននៅលើពិភពលោកនឹងកើនឡើងប្រមាណ ៩ពាន់ ៧រយ លាននាក់នៅឆ្នាំ ២០៥០ ដែលធ្វើឱ្យតម្រូវការស្បៀងអាហារលើពិភពលោកមានការកើនជាបន្តបន្ទាប់។ ដូច្នេះវិស័យស្រូវអង្ករជាវិស័យមួយដែលមានសក្តានុពល ដែលកម្ពុជាអាចធ្វើការប្រែក្លាយពីប្រទេសសម្រាប់ផលិតប្រើប្រាស់ក្នុងស្រុកទៅជាប្រទេសនាំចេញអង្ករដ៏ធំនាថ្ងៃអនាគត ដើម្បីផ្គត់ផ្គង់តម្រូវរបស់មនុស្សជាតិ។

ទិន្នន័យចុងក្រោយក្នុងឆ្នាំ ២០១៧ បង្ហាញថា ទីផ្សារនៃប្រទេសសមាជិកសហភាពអឺរ៉ុបបានស្រូបយកអង្ករកម្ពុជា ៤៣% នៃបរិមាណនាំចេញសរុប។ ស្របពេលនេះ ទីផ្សារប្រទេសចិនកំពុងប្រជែងក្នុងល្បឿនយ៉ាងរហ័សក្នុងការស្រូបយកអង្ករពីកម្ពុជា ដោយមានចំនួន៣៤% នៃការនាំចេញសរុបរបស់កម្ពុជា។

នៅឆ្នាំ២០១៨នេះ ប្រទេសចិនបានចុះអនុស្សារណៈទិញអង្ករកម្ពុជា ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ កត្តានេះធ្វើឱ្យកម្ពុជាមាន ឪកាសពង្រីកទីផ្សារនាំចេញកាន់តែទូលាយសម្រាប់វិស័យស្រូវអង្ករកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image