en     km
en     km

សមាគមកម្ពុជាការពារអ្នកកាសែត៖ សេរីភាពសារព័ត៌មានកម្ពុជាមានភាពល្អប្រសើរ

Share

ភ្នំពេញ៖ សមាគមកម្ពុជាការពារអ្នកកាសែត អះអាងថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ ខណៈនាយករដ្ឋ មន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន រៀបចំជំនួបជាមួយអ្នកសារព័ត៌មានប្រចំាឆ្នាំលើកទី០២ នៅមជ្ឈមណ្ឌលស្និបាត និងពិព័រណ៍កោះពេជ្យនាថ្ងៃទី២១ មករា ឆ្នំា២០១៨នេះ។ តែអ្នកជំនាញផ្នែកសារព័ត៌មានម្នាក់មិនយល់ឃើញដូចនេះនោះទេ។

លោក ជួន សារ៉េត រាយការណ៍!

តាមសេចក្តីថ្លែងការណ៍របស់សមាគមកម្ពុជាការពារអ្នកកាសែតចុះថ្ងៃទី២១ មករា នេះ បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពល្អប្រសើរនៃសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដែលកើតចេញពីកិច្ចសហការដ៏ល្អរវាងអ្នកសារព័ត៌មាន និងមន្រ្តីព័ត៌មានក៏ដូចជា មន្រ្តីពាក់ព័ន្ធនានា ស្របពេលនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន និងអ្នកសារព័ត៌មានបានជួបគ្នាលើកទី ០២នៅឯមជ្ឈមណ្ឌលកោះពេជ្យ។

សមាគមមួយនេះបានលើកទ្បើងថាពិធីជួបជុំនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យសារព័ត៌មានកម្ពុជា និងជាឱកាសពង្រីក និងពង្រឹងទំនាក់ទំនងបន្ថែមទៀត រវាងមន្រ្តីសាធារណៈជាប្រភពព័ត៌មាន និងអ្នកសារព័ត៌មានដែលត្រូវការប្រភពព័ត៌មានដើម្បីបម្រើឱ្យការផ្សព្វផ្សាយព័ត៌មានពិតឥតលម្អៀង រហ័ស និងជឿទុកចិត្តសម្រាប់សាធារណជន។

ទន្ទឹមនឹងការចេញសេចក្តីថ្លែងការណ៍នេះ សមាគមកម្ពុជាការពារអ្នកកាសែត អំពាវនាវដល់អ្នកសារព័ត៌មានទំាងទ្បាយ កុំដើរតួនាទីជាមន្រ្តីនគរបាលយុត្តិធម៌ ជាចៅក្រម និងជាអ្នកមានទិបញ្ជាណាមួយទ្បើយ។ ផ្ទុយទៅវិញគឺត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌ មានឱ្យបានខ្ជាប់ខ្ជួន។

សមាគមកម្ពុជាកាពារអ្នកកាសែតក៏បានស្នើឱ្យស្ថាប័នជាតិពាក់ព័ន្ធ សូមបន្តបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មានក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវដើម្បីបង្កើនការគោរព និងលើកតម្កើងសេរីភាពសារព័ត៌មាននៅកម្ពុជា។

សមាគមមួយនេះគាំទ្រឱ្យមានការរៀបចំពិធីជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា​ និងអ្នកសារព័ត៌មានដូចនេះឱ្យបានរៀងរាល់ឆ្នំាដើម្បីរឹតចំណងសាមគ្គីភាពក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជា និងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ និងអ្នកសារព័ត៌មានដើម្បីបន្តលើកស្ទួយបន្ថែមទៀតសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា។

ឆ្លើយតបនឹងការលើកទ្បើងនេះ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ បានផ្តល់បទ សម្ភាស ឱ្យវិទ្យុស្រ្តីនារសៀលថ្ងៃទី២១ មករា នេះដោយលោកមិនយល់ឃើញថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរនោះទេ។

ផ្ទុយទៅវិញលោកមើលឃើញថា សេរីភាពសារព័ត៌មានហាក់បីដូចដើរថយក្រោយ បន្ទាប់ពីមានការសែត និងស្ថាប័នព័ត៌មានសំខាន់ៗមួយចំនួនទៀត។ លោក មឿន ឈានណារិទ្ធិ បន្តថាការបាត់បង់អង្គភាពសារព័ត៌មានដែលជាដៃគូរសំខាន់ក្នុងការបម្រើការងារសង្គមនោះគឺជារឿងដែលគូរឱ្យសោកស្តាយ។

ទោះបីជាយ៉ាងនេះក្តីលោកសង្កត់ធ្ងន់ថា លោកក៏មិនបានចោទប្រកាន់រដ្ឋាភិបាលថាគាបសង្កត់ទៅលើសេរីភាពសារព័ត៌មានដែរ ដោយ សារតែទល្ហីករណ៍ដែលរដ្ឋាភិបាលលើកទ្បើងគឺដោយសារតែអង្គភាពសារព័ត៌មានដែលត្រូវបិទទ្វារគឺធ្វើខុសនឹងច្បាប់។ លោក មឿន ឈាន ណារិទ្ធិ«ដូចជាអង្គភាពសារព័ត៌មាន Cambodia daily ជាដើមគឺថា បញ្ហានៃការបិទនេះដោយសារព័ត៌មាននេះមិនបានបង់ពន្ធជូនរដ្ឋ ហើយអង្គភាពសារព័ត៌មានដទៃទៀតបានប្រព្រឹត្តខុសទៅហ្នឹងអ្វីដែលច្បាប់បានកំណត់ អញ្ចឹងការបិទនេះយើងមិនជ្រៀតជ្រែកចូលទៅនឹងកិច្ចការផ្ទៃក្នុង យើងមិនជ្រៀតជ្រែកចូលទៅការអនុវត្តច្បាប់របស់រដ្ឋាភិបាលតែយើងសោកស្តាយ ដែលយើងបាត់បង់នូវអង្គភាពសារព័ត៌មាន ដែលបាត់​បង់នូវសម្លេងនៃសារព័ត៌មានដែលឆ្លុះបញ្ចាំងនូវទស្សនៈផ្សេងៗគ្នាអញ្ចឹង»

ការណ៍នេះ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានរូបនេះរំពឹងទុកថាតាមរយៈពិធីជួបជុំអ្នកសារព័ត៌មាន និងនាយករដ្ឋមន្រ្តីកម្ពុជានាពេលនេះនឹងធ្វើឱ្យសេរីភាពសារព័ត៌មានកាន់តែមានភាពល្អប្រសើរ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជាស្របតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាជាដើម។

សូមជម្រាបថា​ សមាគមកម្ពុជាការពារអ្នកកាសែតកម្ពុជា ដែលមានឈ្មោះជាភាសារអង់គ្លេសថា (Cambodia Association for Protection of Journalists) បង្កើតទ្បើងនៅខែកញ្ញា ឆ្នំា២០០០ ជាសមាគមដែលមានសមាជិកជាអ្នកសារព័ត៌មានកំពុងបម្រើការងារនៅតាមស្ថាប័នសារព័ត៌មានវិជ្ជាជីវៈនានានៅកម្ពុជា។  សមាគមកម្ពុជាការពារអ្នកកាសែតកម្ពុជា ជាសមាគមកាសែតដែលជាសមាជិករបស់សហព័ន្ធអ្នកកាសែតអន្តរជាតិ IFJ ដែលមានសមាជិក ៦០ម៉ឺននាក់ ក្នុងចំណោម១៣១ប្រទេសនៅលើពិភពលោក៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង