en     km
en     km

លោក ជា សុផារ៉ា ប្តេជ្ញាចិត្តដោះស្រាយវិវាទដីធ្លីលើដំណាំអំពៅឱ្យបានចប់ជាស្ថាពរ

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជាសុផារ៉ា ប្តេជ្ញាចិត្តថា នឹងដោះស្រាយ វិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅ ក្នុងខេត្តចំនួន៤ ឱ្យបានចប់ជាស្ថាពរនាពេលខាងមុខ។ នេះបើតាមទំព័រហ្វេសប៊ុក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហោះផ្សាយនាពេលថ្មីៗនេះ។

លោកជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!

តាមទំព័រហ្វេសប៊ុកក្រសួងដែនដី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានប្តេជ្ញាចិត្តដោះស្រាយវិវាទលើសម្បទានដីសេដ្ឋកិច្ចពាក់ព័ន្ធនឹងដំណាំអំពៅ ផលិតស្ករសនាំចេញ នៅក្នុងខេត្តចំនួន ៤ នោះរួមមាន ខេត្តកំពង់ស្ពឺ ព្រះវិហារ កោះកុង និងខេត្តឧត្តរមានជ័យ។

ការប្តេជ្ញាចិត្តដូចនេះ ខណៈលោក ជា សុផារ៉ា ជួបពិភាក្សាការងារអំពីវឌ្ឍនភានៃការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ច ដំណំាអំពៅ ផលិតស្ករសនំាចេញ ជាមួយគណៈប្រតិភូក្រុមបេសកកម្មនៃសហគមន៍អឺរ៉ុបកាលពីពេលថ្មីៗនេះ។

តាមប្រភពដដែល ក្នុងជំនួបនោះ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានបង្ហាញលទ្ធផលដែលក្រុមការងាររបស់លោក បានដោះស្រាយក្នុងរយៈពេល ៤ខែកន្លងមកនេះ ក្នុងការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណំាអំពៅ ផលិតស្ករស នំាចេញ មាននៅខេត្តកំពង់ស្ពឺ កោះកុង និងព្រះវិហារ និងការប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តឧត្តរមានជ័យ ដោះស្រាយករណីទំាងនេះ។

ឆ្លើយតបនឹងការលើកទ្បើងនេះ ទីប្រឹក្សានៃអគ្គនាយកដ្ឋានពាណិជ្ជកម្មសហគមន៍អឺរ៉ុប លោក Nikolaos Zaimis  ស្នើឱ្យក្រុមការងារដោះស្រាយវិវាទទាក់ទងនឹងចំណុចមួយចំនួនដូចជា៖ ត្រូវរៀបចំដាក់បញ្ចូល ករណីវិវាទទំាងអស់ រួមទំាងវិវាទដែលម្ចាស់បណ្តឹង បានទទួលសំ ណងរួច ក្នុងបញ្ជីដោះស្រាយ រួមគ្នាពេលតែមួយ ដើម្បីចៀសវាងការតវ៉ាថា មិនទទួលបានសំណងសើ្មគ្នារបស់ម្ចាស់បណ្តឹង ដែលទទួលបានសំណងរួចពីក្រុមហ៊ុន ដែលអាចបណ្តាលឱ្យការដោះស្រាយវិវាទមិនអាចឈានដល់ទីបញ្ចប់។

ជាមួយគ្នានេះលោក Zaimis ស្នើឱ្យក្រសួងប្រើប្រាស់យន្តការដោះស្រាយវិវាទសម្បទានដីទំាងនេះ សម្រាប់ខេត្ត ឧត្តរមានជ័យដូចខេត្តទំាង ៣ផងដែរ។ ស្នើឱ្យមានការចូលរួមដោះស្រាយពីបណ្តាអង្គការសង្គមស៊ីវិល និងស្ថាប័នផ្សេងដែលមានចំណាប់អារម្មណ៍ និងស្នើសុំរបាយការណ៍លម្អិតស្តីពីដំណើរការដោះស្រាយវិវាទនៃខេត្តទំាង៣។

ឆ្លើយតបនឹងការស្នើសុំនេះ លោក ជា សុផារ៉ា អះអាងថា ដើម្បីទទួលបានប្រសិទ្ធភាពនៃការដោះស្រាយវិវាទនេះ ក្រុមការងារក្រសួងនឹងដោះស្រាយវិវាទ ដែលផ្តោតទៅលើបណ្តឹងមិនទាន់ទទួលបានសំណងពីក្រុមហ៊ុនរួចឱ្យបានរួចរាល់ជាមុនសិន ទើបត្រលប់ទទួលពិនិត្យបណ្តឹងដែលបានទទួលសំណងរួច។ ដោយទ្បែកសម្រាប់វិវាទសម្បទានដីសេដ្ឋកិច្ចដំណំាងអំពៅផលិតស្ករសនំាចេញក្នុងខេត្ត ឧត្តរមានជ័យ ដោយ សារក្រុមហ៊ុន ទទួលបានសិទ្ធិបានប្រគល់ដីសម្បទានសេដ្ឋកិច្ចជូនរាជរដ្ឋាភិបាលរួច។

ដូចនេះ ត្រូវប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តដោះស្រាយតាម រយៈការផ្តល់សម្បទានដីសង្គមកិច្ច និងស្នើស្ថាន ទូតបញ្ជូនករណីវិវាទទាំងអស់ដែលបានដាក់ ជូនស្ថានទូត មកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាស្ថាប័នមានសមត្ថកិច្ច។

លោក ជា សុផារ៉ា បន្តទៀតថា ក្រសួងតែងតែបើកទូលាយសម្រាប់បណ្តាអង្គការសង្គមស៊ីវិលទាំងអស់ចូលរួមសហការ ដើម្បីដោះស្រាយវិវាទ ជាមួយក្រសួង ដោយត្រូវដាក់ពាក្យស្នើសុំចូលរួម និងត្រូវសហការ ចូលរួមដោយសកម្មជាមួយក្រុមការងាររហូតដល់ទីបញ្ចប់។ ទន្ទឹមនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នឹងផ្សព្វផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅ ផលិតស្ករសនាំចេញជាភាសាអន្តរជាតិដើម្បីជូនសាធារណៈជនជ្រាបជាព័ត៌មាន នៅសប្តាហ៍ក្រោយនេះ។

ទាក់ទងវិវាទដីធ្លីនេះ ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចំាកម្ពុជា លោក  George Edgar សាទរចំពោះលទ្ធផលដែលក្រសួងដែនដីអាចដោះស្រាយ រឿងដីធ្លីនេះបានល្អប្រសើរត្រឹមតែរយៈ៤កន្លងមកនេះ ។

លោក  George Edgar​ អះអាងថាក្នុងនាមលោកជា ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចំាកម្ពុជា នឹងធ្វើបារបាយការណ៍ជូនភាគីពាក់ព័ន្ធទំាងអស់ដើម្បីបានជ្រាបពីវឌ្ឍនភាពនេះ៕

 

Share

ព័ត៌មានទាក់ទង

Image