en     km
en     km

បទវិភាគ៖ រដ្ឋាភិបាលគួរបំភាចការអភិវឌ្ឍតាមបណ្តាខេត្តបន្ថយភាពកកកុញនៅទីក្រុង

Share

ភ្នំពេញ៖  ប្រមុខរាជរដ្ឋាភិបាលក្នុងសប្តាហ៍នេះ បានបង្ហើបពីបំណងចង់ធ្វើការអភិវឌ្ឍន៍តំបន់មួយចំនួនដែលពុំសូវមានមនុស្សរស់នៅ ឱ្យមានមនុស្សទៅរស់នៅច្រើនឡើងវិញ ដើម្បីកាត់បន្ថយការរស់នៅបែបប្រមូលផ្តុំតែនៅទីក្រុង និងទីប្រជុំជនដែលមានសភាពកកកុញដូចពេលបច្ចុប្បន្ននេះ។ ជាការសង្កេតប្រជាពលរដ្ឋបានមករស់នៅតាមទីក្រុង និងទីប្រជុំជនកាន់តែច្រើន ពិសេសគឺនៅរាជធានីភ្នំពេញ។

 តើរដ្ឋាភិបាលត្រូវមានយុទ្ធសាស្រ្តដោះស្រាយយ៉ាងណាចំពោះបញ្ហាការរស់នៅកកកុញតាមទីក្រុងនេះ?

តទៅនេះ សូមស្តាប់បទវិភាគដែលរៀបចំឡើងដោយលោក កែវ សុខា ដូចតទៅ!

 

 

                                                                                    ​រមនីយដ្ឋានវត្តភ្នំពេញ ក្រុងភ្នំពេញ។

 

«រាជធានីភ្នំពេញ» ជាក្រុងប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ចាប់តាំងពីព្រះរាជាពីសម័យមុនបានផ្លាស់ប្តូររាជធានីពីក្រុងឧត្តុងមក ​រាជធានីចតុមុខ ពោលគឺជាភ្នំពេញនាពេលបច្ចុប្បន្ននេះ។

រាជធានីភ្នំពេញមិនត្រឹមត្រូវជាទីក្រុងបែបប្រវត្តិសាស្រ្តនោះទេ ភ្នំពេញនាពេលបច្ចុប្បន្នត្រូវបានគេដឹងជាទូទៅថា ជាទីប្រមូលផ្តុំដោយបណ្តុំនៃសេដ្ឋកិច្ច វប្បធម៌ ចំណេះដឹង កំសាន្ត ជាពិសេសជាងនេះ ភ្នំពេញក៏ជាកន្លែងប្រមូលផ្តុំនៃការរស់នៅប្រកបដោយភាពស៊ីវិល័យផងដែរ។

ហេដ្ឋានរចនាសម្ព័ន្ធគ្រប់គ្រាន់សម្បូរបែប តួយ៉ាងមាន សាលារៀន សកលវិទ្យាល័យ មន្ទីរពេទ្យទំនើបៗ ស្ពាន ថ្នល់ផ្លូវ ទីផ្សារទំនើប រោងចក្រសហគ្រាសធំៗ អគារពាណិជ្ជកម្ម និងស្ថាប័នរដ្ឋ ឯកជននានា ភាគច្រើនសុទ្ធតែបានប្រមូលផ្តុំនៅភ្នំពេញ។ ជាមួយនឹងហេដ្ឋានរចនាសម្ព័ន្ធដ៏សម្បូរបែបនេះ ប្រជាជនរស់នៅភ្នំពេញមានភាពមមាញឹកខ្លាំងណាស់ដោយសង្វាក់ការងារ ការប្រកបរបបរកស៊ី និងសង្វាក់ផលិតកម្មផ្សេងៗ។ ភាពអំណោយទានទាំងនេះ បានធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីទាក់ចិត្តនៃការមករស់នៅពីប្រជាជនកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution រកឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនៅឆ្នាំ ២០១៧ មានប្រមាណ ២ លាននាក់។ ចំនួននេះនឹងកើនឡើងដល់ ៤ លាននាក់ ឬច្រើនជាងនេះនៅឆ្នាំ ២០៣០។

ជាមួយនឹងភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលគេប្រសិទ្ធនាមថា«ជាទីក្រុងអច្ឆិរិយ»នោះ ភ្នំពេញសព្វថ្ងៃត្រូវបានគេមើលឃើញថា កំពុងជួបអសុវត្ថិភាពមួយចំនួន ដូចជាការមករស់នៅច្រើនហួសដែនកំណត់ជាដើម។

 

                                                                              ទិដ្ឋភាពក្រុងភ្នំពេញនាពេលរាត្រី។

 

ជាការពិតមិនថាទីក្រុងណានោះទេ នៅពេលប្រទេសមួយមានការរីកចំរើន ប្រជាពលរដ្ឋតែងតែសម្រុកមករស់នៅ និងធ្វើការនៅតាមដែលអាចធ្វើឱ្យជីវភាពរបស់ពួកគេប្រសើរឡើង ហើយទីតាំងគោលដៅភាគច្រើគឺតាមទីក្រុង និងទីប្រជុំជន។ ប្រការនេះហើយ ជាហេតុធ្វើឱ្យមានភាពកកកុញដោយពលរដ្ឋមករស់នៅ ចំណែកបញ្ហាជាច្រើនក៏នឹងលេចឡើង ដែលនេះជាកត្តាសត្យានុម័តមួយមិនអាចប្រកែកបាន។

ដោយឡែករាជធានីភ្នំពេញរបស់កម្ពុជា បញ្ហាដែលយើងអាចមើលឃើញបានមុនគេគឺបញ្ហា«ស្ទះចរាចរ»។ កំណើនប្រជាជនយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ បាននាំមកនូវការកើនឡើងនៃមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលជាហេតុបង្កឱ្យមានការកកស្ទះចរាចរ។

ទិន្នន័យឆ្នាំ២០១៧​ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបង្ហាញថា ​យានយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​សរុប​ទាំងអស់​​មាន​ចំនួន ៣,៥០ ​លាន​គ្រឿង ​ក្នុង​នោះ​មាន​ម៉ូតូ​ប្រហែល ៣ ​លាន​គ្រឿន និង​រថយន្ត​ប្រហែល​ជាង ០,៥០ ​លាន​គ្រឿង​​។ តួលេខ​ដដែល​នេះ​បញ្ជាក់​ថា ​នៅ​ភ្នំពេញ​មាន​យានយន្ត​ប្រហែល ៩០ ​ភាគរយ​ហើយ​មាន​តែ​ប្រហែល​ ១០ ​ភាគរយ​ទេ​នៅ​តាម​បណ្តា​ខេត្ត​នានា​​។

ដោយសារបញ្ហាកកស្ទះចរាចរក្នុងរាជធានីភ្នំពេញនេះ គេពិនិត្យឃើញថា រដ្ឋាភិបាល បានខិតខំដាក់យុទ្ធសាស្រ្តមួយចំនួន ដូចជា ការសង់ស្ពានអាកាសជាច្រើនកន្លែង ការដាក់ឱ្យដំណើរការរថយន្តសាធារណៈ គម្រោងសង់ផ្លូវល្បឿនលឿន គម្រោងរថភ្លើងរយៈចំណាយខ្លី និងគម្រោងដឹកជញ្ជូនតាមផ្លូវទឹក ពីព្រែកព្នៅមកភ្នំពេញ និងតាខ្មៅជាដើម។

តែយ៉ាងណាវិធីសាស្រ្តនេះ នៅពុំទាន់អាចដោះស្រាយបញ្ហាបានភ្លាមៗនោះទេ ខណៈសមត្ថភាពផ្លូវក្នុងក្រុងនៅតូច ហើយកំណើនពលរដ្ឋ និងយានជំនះចេះតែកើនឡើងក្នុងក្រុងនោះ។

                                                                           ​​ទិដ្ឋភាពការកក់ស្ទះចរាចរនៅក្រុងភ្នំពេញ។

 

វិបត្តិដាច់ដោយឡែកមួយទៀត ដែលកើតចេញពីកំណើនពលរដ្ឋរស់នៅកកកុញនៅទីក្រុងនោះ គឺបញ្ហា«អសន្តិសុខសង្គម»។ ជាការពិត នៅពេលប្រជាជនរស់នៅច្រើនតែនៅទីក្រុងដូច្នេះ គឺជាកត្តាងាយស្រួលបង្កឱ្យកើតមានអំពើចោរកម្ម បញ្ហាគ្រឿងញៀន និងបញ្ហាកេងប្រវ័ញ្ចផ្សេងៗកើតមានឡើងផងដែរ។

អ្វីជាការកត់សម្គាល់សម្រាប់រាជធានីភ្នំពេញ គឺការពង្រីកក្រុងដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ ។ រដ្ឋាភិបាលដែលមានរដ្ឋបាលសាលាធានីជាសេនាធិការ បច្ចុប្បន្នបានពង្រីកផ្ទៃដីរាជធានីភ្នំពេញរហូត ​៧០០គីឡូម៉ែត្រការ៉េ ដោយសារមានកំណើនវិនិយោគកាន់តែច្រើននៅក្នុងទីក្រុងនារយៈពេលចុងក្រោយនេះ។ ទន្ទឹមនឹងការពង្រីកនេះ សព្វថ្ងៃរាជធានីភ្នំពេញមានខណ្ឌចំនួន ១២ខណ្ឌ សង្កាត់ចំនួន ១០៥សង្កាត់ និងភូមិចំនួន ៩៥៣ភូមិ។

អ្វីជាការកត់សម្គាល់ពិសេសនោះ គឺក្នុងយុទ្ធសាស្រ្តពង្រីកក្រុងនេះ គេសង្កេតឃើញថា អ្នកវិនិយោគបានធ្វើការអភិវឌ្ឍតំបន់ជាច្រើននៅជាយរាជធានីភ្នំពេញ​ តាមរយៈសាងសង់លំនៅឋាន និងផ្ទះតម្លៃសមរម្យលក់ឱ្យពលរដ្ឋ។ តែវិបត្តិកើតចេញពីការពង្រីកទីក្រុងភ្នំពេញនេះ គឺការវិនិយោគនោះឈានលុបបឹងធម្មជាតិ ដែលបង្កជាវិបត្តិជំនន់ទឹកភ្លៀងលិចផ្ទះប្រជាជន។ គេសង្កេតឃើញថា ភាគច្រើននៃអ្នកវិនិយោគតែងតែទិញដីបឹងធម្មជាតិពីពលរដ្ឋ ឬទទួលបានសិទ្ធិសម្បទានពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍តំបន់ទាំងនោះ។

យើងអាចលើកករណីជាក់ស្តែង គឺការលុបបឹងធម្មជាតិតំបន់បឹងកក់។ «បឹងកក់»ជាបឹងមួយដ៏ធំស្ថិតចំកណ្តាលរាជធានីភ្នំពេញ។ បឹងនេះកាលពីដើមឡើយ គឺជារមនីយដ្ឋានផង ជាកន្លែងពលរដ្ឋដាំដុះដំណាំផង ពិសេសគឺវាជាអាងស្តុបទឹកភ្លៀងមួយបន្ថយការលិចលង់ពីជំនន់ទឹកភ្លៀងយ៉ាងល្អប្រសើរ។ ដោយតម្រូវការនៃការអភិវឌ្ឍន៍រដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ក្រុមហ៊ុន ស៊ូកាគូ អភិវឌ្ឍជាតំបន់ពាណិជ្ជកម្មមួយដែលមានអគារប្រណិតៗនៅទៅនោះ។

                                                                      ការបូមខ្សាច់ពន្លិតបឹងកក់ពីក្រុមហ៊ុន ស៊ូកាគូ។

 

គេអាចរាប់ដឹងថា បឹងធម្មជាតិក្នុងរាជធានីភ្នំពេញមានជាង ២០ ដែលបច្ចុប្បន្នសឹងតែត្រូវបានលុបអស់ស្ទើរគ្មានសល់។ ការលុបបឹងធម្មជាតិ បានបង្កផលប៉ះពាល់ដ៏ធំមួយសម្រាប់ពលរដ្ឋ គឺជំនន់ទឹកភ្លៀង។ ប្រសិនបើមានបឹងធម្មជាតិច្រើន នោះទឹកភ្លៀងអាចហូរចូលបឹងទាំងនោះ មុននឹងហូរចេញតាមប្រព័ន្ធប្រឡាយ ឬលូ ហូរចាកចូលទន្លេ ដែលអាចបញ្ចៀសបានការលិចលង់ផ្ទះប្រជាពលរដ្ឋដូចសព្វថ្ងៃនេះ។

បញ្ហាជំនន់ទឹកភ្លៀងលិចក្រុង គឺជាប្រធានបទមួយដ៏ស្មុគស្មាញពិបាកដោះស្រាយ។ វាមិនមែនជារឿងងាយស្រួលនោះទេ បើទោះបីអាជ្ញាធរខិតខំស្តារលូ ប្រឡាយ ដើម្បីធ្វើឱ្យល្បឿនលំហូរទឹកហូរលឿនឆ្ពោះចាកទៅបឹងទំនប់កប់ស្រូវនោះតែមួយនោះ។ ជាការពិតសណ្ឋានដីក្នុងរាជធានីភ្នំពេញ មានកម្ពស់ទាបជាង នីវ៉ូ ទឹកសមុទ្រដល់ទៅ ៧ ម៉ែតឯណ្ណោះ នេះជាហេតុធ្វើឱ្យទឹកភ្លៀងពិបាកហូរចាកទៅកាន់ទន្លេបានលឿន។ ដូច្នេះការរក្សាបឹងធម្មជាតិដើម្បីស្តុបទឹកភ្លៀងជាជម្រើសល្អបំផុត តែជាអកុសលបឹងធម្មជាតិក្នុងរាជធានីភ្នំពេញបានលុបស្ទើរគ្មាន ក្រោមលេសនៃការអភិវឌ្ឍន៍ពង្រីកក្រុង ហើយបញ្ហាការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ គេអាចនិយាយបានថា ជាទណ្ឌកម្មធម្មជាតិ។

                                                                    ទិដ្ឋភាពជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ។

 

មកដល់ត្រឹមនេះ តើអ្វីជាវិធីសាស្រ្តល្អឈានទៅដោះស្រាយបញ្ហាការរស់នៅបែបកកកុញនៅទីក្រុង?

ជាដំបូងយើងទៅចាប់អាម្មរណ៍ជាមួយប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីបន្តិចសិន។

ប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី៖«ប្រទេសរបស់យើងមានតំបន់ខ្លះកកកុញទៅដោយមនុស្ស តែមានតំបន់ខ្លះក៏មានតែដី តែខ្វះមនុស្ស តាមរយៈការដែលប្រជាពលរដ្ឋយើងទៅរកដីថ្មី យើងក៏បានផ្តល់ឪកាសឱ្យពួកគាត់ ដើម្បីទៅបង្កបង្កើនផលដោយប្រើប្រាស់ដីធ្លីថ្មីនោះឯង។ ប៉ុន្តែដើម្បីឱ្យពួកគាត់រស់នៅបាន កូនចៅរស់នៅបាន យើងត្រូវធ្វើកម្មវិធីបួន អត្ថិភាពលើវិស័យបួន ធ្វើផ្លូវឱ្យគាត់ ដោះស្រាយបញ្ហាទឹកឱ្យគាត់ សាលារៀនឱ្យក្មេងរៀន និងដោះស្រាយបញ្ហាការព្យាបាលជំងឺតាមរយៈការបង្កើតឡើងនូវមណ្ឌលសុខភាពនៅឯមូលដ្ឋាន។ ទាំងអសើនេះមិនមែនជាបញ្ហាគ្រាន់តែនិយាយចោលនោះទេ ប៉ុន្តែក៏ត្រូវមានសកម្មភាព និងមានការវិនិយោគសមស្របតាមទំហំថវិកាដែលយើងមាន ជាមួយនឹងការចូលរួមពីដៃគូអភិវឌ្ឍន៍នានាដែលចង់ជួយដល់ប្រជាជនកម្ពុជា។»

                                                                          ​នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន។

 

បើទោះសម្តេចនាយករដ្ឋមន្រ្តីមិនបានគូសបញ្ជាក់ឱ្យបានច្បាស់ពីទីតាំង និងពេលវេលាដើម្បីអភិវឌ្ឍន៍តំបន់ថ្មីយ៉ាងណាក្តី តែវាក៏សបញ្ជាក់ថា រដ្ឋាភិបាលពិតជាមានក្តីកង្វល់ពីបញ្ហាការរស់នៅបែបប្រមូលផ្តុំមែន!។

ជាអនុសាសន៍បន្ថែមលើប្រសាសន៍របស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាមនុស្សរស់នៅកក់កុញក្នុងទីក្រុងជាមុនសិន។ រដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ត្រពង្រីកផ្ទៃដីទីក្រុងជាបណ្តើរៗមកហើយដែលនេះជាវិធីសាស្ត្របំភាចការរស់នៅបែបប្រមូលផ្តុំ តែការអភិវឌ្ឍន៍ពង្រីកក្រុងគប្បីត្រូវមានការទទួលខុសត្រូវខ្ពស់ជាងនេះ កុំអភិវឌ្ឍន៍ដើម្បីរីកចំរើនដែលបុគ្គលមួយក្តាប់តូចឱ្យសោះ។

ទីពីររដ្ឋាភិបាលត្រូវបំភាចស្ថាប័នរដ្ឋធំៗ សាលារៀន សកលវិទ្យាល័យ មន្ទីរពេទ្យ ឱ្យស្ថិតនៅទីតាំងនៅជាយក្រុង ឬនៅតាមបណ្តាលខេត្តឱ្យបានច្រើនជាងនេះ។ ជាមួយគ្នានេះរដ្ឋាភិបាលត្រូវលើកទឹកចិត្តដល់អ្នកវិនិយោគទុនធ្វើការវិនិយោគនៅក្រៅក្រុង ឱ្យបានច្រើនតាមរយៈការបន្ថូរបន្ថយពន្ធផ្សេងដល់ពួកគេ។

សម្រាប់មន្រី្តរាជការដែលស្ម័គ្រចិត្តបំរើការងារក្នុងស្ថាប័នតាមបណ្តាខេត្ត រដ្ឋាភិបាលត្រូវលើកទឹកចិត្តដល់ពួកគេ ដោយសង់ផ្ទះ និងហេដ្ឋានរចនាសម្ព័ន្ធឱ្យគ្រប់គ្រាន់ដល់ពួកគេដែលទៅរស់នៅទីនោះ។ ធ្វើដូច្នេះបានក្រុមគ្រួសារមន្រ្តីរាជការនឹងស្ម័គ្រចិត្តទៅរស់នៅតាមបណ្តាខេត្តជាក់ជាពុំខាន។

                                                                 ​      ការអភិវឌ្ឍន៍នៅត្រើយខាងកើតក្រុងភ្នំពេញ។

 

គន្លឹះសំខាន់មួយទៀត គឺការអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន។ ជាការសង្កេតតាមបន្ទាត់ព្រំដែនកម្ពុជា ពុំសូវមានការអភិវឌ្ឍន៍ច្រើននោះទេ ហើយប្រជាជននៅតាមព្រំដែនភាគច្រើន ​ពួកគេតែងចំណាក់ស្រុកទៅធ្វើការនៅប្រទេសក្បែរខាង​ នឹងនៅតាមទីក្រុង។ ពលរដ្ឋតាមព្រំដែនភាគច្រើន តែងតែជួលដីធ្លីស្រែចំការរបស់ខ្លួនទៅឱ្យប្រជាជនប្រទេសជាប់ព្រំដែនបង្កបង្កើនផល ដែលប្រការនេះមានហានិភ័យដល់ការបាត់បង់ពេលក្រោយ ខណៈបង្គោលព្រំដែនមួយចំនួននៅពុំទាន់មានការឯកភាពជាផ្លូវការដើម្បីឈានបញ្ចប់ការបោះនៅឡើយនោះ។

រដ្ឋាភិបាលត្រូវធ្វើយ៉ាងណា ទាក់ទាញអ្នកវិនិយោទុន ធ្វើការវិនិយោគអភិវឌ្ឍតាមព្រំដែនឱ្យបានច្រើនតាមរយៈការលើទឹកចិត្ត លើបញ្ហាពន្ធអាករជាដើម។ អាចទាក់ទាញការវិនិយោគបានច្រើនតាមបន្ទាត់ព្រំដែន ពេលនោះប្រជាជនក៏អាចទៅរស់នៅប្រកបរបបរកស៊ីកាន់តែច្រើនផងដែរ។ បណ្តាខេត្ត និងព្រំដែនមានការអភិវឌ្ឍ ប្រជាជនពលរដ្ឋរស់នៅច្រើន ពេលនោះហើយធ្វើឱ្យការរស់នៅរវាងប្រជាជនទីក្រុង និងខេត្តនឹងមានសមាមាត្រ។ ផលវិជ្ជមានមួយទៀតនោះ ប្រសិនមានការអភិវឌ្ឍតាមព្រំដែនកាន់តែច្រើនមានពលរដ្ឋរស់នៅកាន់តែច្រើន ពួកគេប្រៀបបានដូចជារបងការពារព្រំដែនយ៉ាងដូច្នេះដែរ៕

 

Share

ព័ត៌មានទាក់ទង

Image