ភ្នំពេញ៖ មន្រ្ដីអគ្គស្នងការរងនគរបាលជាតិ លោក សួស អង្គារ៍ បានក្រើនរម្លឹកនគរបាលពន្លត់អគ្គិភ័យត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជានគរបាលជាតិ ដោយមិនត្រួវយកតួនាទី ឋានន្ដរស័ក្ដិទៅសំឡុតគម្រមាកំហែងប្រជាពលរដ្ឋស្លូតត្រង់ ដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
ការលើកឡើងរបស់អគ្គស្នងការរងនគរបាលជាតិដូចនេះ នៅក្នុងពីធីប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំ (២០១៨-២០២០) របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យសង្រ្គោះ និងផ្ទេរភារកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរស័ក្តិ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។
នៅក្នុងពីធីប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនេះ លោក សួស អង្គារ៍បានបញ្ជាក់ថា ដើម្បីឲ្យការងារពន្លត់អគ្គិភ័យទទួលបានជោគជ័យ និងទទួលបានការជឿជាក់ពីប្រជាពលរដ្ឋត្រូវត្រៀមខ្លួនជានិច្ច ដើម្បីជួយសង្រ្គោះអាយុជីវិតទ្រព្យសម្បត្តិរបស់ពួកគាត់ឲ្យបានទាន់ពេលវេលា គឺ លឿនរហ័ស ប្រសិទ្ធភាព យុត្តិធម៌ និងតម្លាភាព ។
តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ គ្រោះអគ្គិភ័យក្នុងឆ្នាំ២០១៧ កន្លងទៅនេះ កើតឡើងចំនួន ៥១៤លើក/៦១២លើក បើប្រៀបធៀបនឹងឆ្នាំ២០១៦ មានការថយចុះ ៩៨លើក ស្មើនឹង ១៩ភាគរយ បង្កឲ្យស្លាប់មនុស្ស ២២នាក់ (ស្រី១៣នាក់) និងរបួសមនុស្ស ១២៨នាក់ (ស្រី ៧៦នាក់) ឆេះផ្ទះ ៤៨០ខ្នង និងខូចខាតទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួន ៕