ភ្នំពេញ ៖ កម្មរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វឺស ហ្គា វ័ន្ដ ព្រមទទួលយកប្រាក់បើកមុនចំនួន ៦៧ដុល្លារក្នុងម្នាក់ៗ ដើម្បីយកទៅបង់ថ្លៃឈ្លួលផ្ទះ នឹងទុករយៈពេល ៧ថ្ងៃទៀត ដើម្បីឲ្យថៅកែ ទូទាត់ប្រាក់ខែបង្គ្រប់សម្រាប់ពួក។
ការអះអាងរបស់កម្មករបែបនេះ បន្ទាប់ពីមានការចរចារួមគ្នារវាងថៅកែរោងចក្រ អភិបាលរងខណ្ឌមានជ័យ និងតំណាងកម្មករកាលពីថ្ងៃទី១៧ មករា ម្សិលមិញ។
លោក លៀ ស៊ីណា រាយការណ៍ ៖
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វឺស ហ្គា វ័ន្ដ ដែលមានកម្មករធ្វើការ ៣៧០នាក់មានទីតាំងស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានយល់ព្រមទទួលប្រាក់ចំនួន ៦៧ដុល្លារក្នុងម្នាក់ៗ លើប្រាក់ខែគោល ១៥៣ដុល្លារ សម្រាប់ខែ ធ្នូ ឆ្នាំ២០១៧ ដើម្បីយកប្រាក់នោះ ទៅបង់ថ្លៃឈ្លួលផ្ទះសិន និងទុករយៈពេល ៧ថ្ងៃទៀត ដើម្បីឲ្យថៅកែ បើកប្រាក់ខែបង្គ្រប់សម្រាប់ពួកគេ។ តាមទម្លាប់ ការបើកប្រាក់ខែ សម្រាប់កម្មករ ច្រើនធ្វើឡើងរៀងរាល់ថ្ងៃទី១០ នៃខែនីមួយៗ។ រោងចក្រនេះ ត្រូវបើកប្រាក់ខែជូនកម្មកសម្រាប់ខែធ្នូ ឆ្នាំ២០១៧ គឺរនៅថ្ងៃទី១០ មករាឆ្នាំ២០១៨។
លោក ផាន់ សាវ៉ុន តំណាកម្មករ ក្នុងរោងចក្រនេះ បានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី១៨ ខែមករា នេះ ថា កាលពីថ្ងៃលម្សិលមិញ តំណាងកម្មករ បានជួបជាមួយថៅកែរោងចក្រ រួមជាមួយអភិបាលរងខណ្ឌមានជ័យ ដើម្បីចរចារកដំណោះស្រាយ ករណី ថៅកែ មិនបាកបើកប្រាក់ខែសម្រាប់ខែធ្នូ ឆ្នាំ២០១៧ ឲ្យពួកគេ។ លោកអះអាងថា ជាលទ្ធផល ថៅកែ បានយល់ព្រមបើកប្រាក់ចំនួន ៦៧ដុល្លារមុនសិន ឲ្យកម្មករម្នាក់ៗនៅថ្ងៃនេះ ហើយ ៧ថ្ងៃទៀតថៅកែ នឹងបើកប្រាក់បង្គ្រប់សម្រាប់កម្មករគ្រប់គ្នា។ តែយ៉ាងណា លោក ផាន់ សាវ៉ុន បានអះអាងថា នេះគឺជាពេលចុងក្រោយដែលក្រុមកម្មករ យល់ព្រមរង់ចាំ តាមសំណើររបស់អភិបាលរងខណ្ឌមានជ័យ។
លោក ផាន់ សាវ៉ុន ៖«ខាងកម្មករហ្នឹង គាត់ទុកពេលឲ្យខាងនិយោជករយៈមួយអាទិត្យ គាត់នឹងទូទាត់ប្រាក់ខែ ខែ១២ ហ្នឹងឲ្យទាំងអស់។ តែបើរយៈពេលមួយអាទិត្យហ្នឹង បើនៅតែអត់មាន ពួកខ្ញុំនឹងស្នើទៅតុលាការឲ្យលក់ឡៃឡុងម៉ាស៊ិនហ្នឹង»។
បញ្ហានៃការជាប់គាំងប្រាក់ខែរបស់ក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វឺស ហ្គា វ័ន្ដ បានកើតឡើងកាលពីថ្ងៃទី១០ មករា មកម្លេះ។ រោងចក្រកាត់ដេរសម្លៀកបំពាក់នេះ មានកម្មករ សរុបចំនួន ៣៧០នាក់ ហើយ ៩៥ភាគរយនៃចំនួននេះ គឺជាស្ដ្រី។
លោក ផាន់ សាវ៉ុន បន្ដថាបើទោះជាមានការចរចា និងការឯកភាពគ្នារវាងកម្មករ និងថៅកែ ដែលមានការដឹងឮពីអភិបាលរងខណ្ឌមានជ័យក្ដី ក៏ក្រុមកម្មករ កម្មការិនី ទាំងអស់ នៅតែបន្ដស្ថិតនៅតែរង់ចាំខាងមុខរោងចក្រ ដោយពួកគេបារម្ភពីការលួចយកសម្ភារៈ និងឧបករណ៍ផ្សេងៗក្នុងរោងចក្រនេះ។
លោក ផាន់ សាវ៉ុន ៖«ទី១ យើងបារម្ភសម្ភារអត់ឲ្យចេញ ហើយនិងគ្រឿងម៉ាស៊ិន យើងអត់ឲ្យយកចេញទេ ព្រោះបើសិនយើងមិនយាម ចុះបើនិយោជកគាត់យកទៅលក់អស់ទៅយើងបានអី»។
គួរម្លឹកថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វឺស ហ្គា វ័ន្ដ នេះតែងតែមានបញ្ហាផ្ទុះការតវ៉ាជាញឹកញាប់ ទាក់ទងនឹងលក្ខខណ្ឌការងារ និងប្រាក់ខែ។ លោក ផាន់ សាវ៉ុន សំណូមដល់រាជរដ្ឋាភិបាល ជួយពង្រឹងការអនុវត្ដច្បាប់ដើម្បីឲ្យក្រុមថៅកែ បើប្រាក់ខែឲ្យកម្មករ បានទៀតទាត់ និងគោរពទៅតាមលក្ខខណ្ឌ ការងាររបស់ប្រទេសកម្ពុជា។
សូមជម្រាបថា វិស័យឧស្សាហកម្មកាត់ដេរ គឺជាវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ជាអាទិភាពចម្បងមួយរបស់ប្រទេសកម្ពុជា ក្នុងចំណោមវិស័យផ្សេងៗទៀត។ វិស័យឧស្សាហកម្មកាត់ដេរ បានផ្ដល់ការងារប្រជាពលរដ្ឋខ្មែរសរុបជិត ៩០ម៉ឺននាក់ ដែលមានជាង ៨០ម៉ឺននាក់ជាស្ដ្រី៕