ភ្នំពេញ ៖ វិទ្យាស្ថានបណ្ដុះបណ្ដាលសេវាថែទាំមនុស្សចាស់ របស់ប្រទេសជប៉ុន នឹងត្រូវដាក់ឲ្យដំណើរការនៅកម្ពុជា នាអំឡុងខែមេសា ឆ្នាំ២០១៨ខាងមុខ ។ នេះបើយោងតាម ប្រធានក្រុមហ៊ុន Procast (CAMBODIA) Co.,Ltd ដែលបានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងការងារកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករានេះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
លោក Kondo Yoshio ប្រធានក្រុមហ៊ុន Procast (CAMBODIA) Co.,Ltd កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ មករានេះ បានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង ស្ដីពីគម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលសេវាថែទាំមនុស្សចាស់ និងការបញ្ជូនកម្មសិក្សាការី ទៅមប្រើការងារនៅប្រទេសជប៉ុន។ ក្នុងជំនួបនេះលោក ប្រធានក្រុមហ៊ុន បានប្រាប់ទៅរដ្ឋមន្ដ្រីក្រសួងការងារកម្ពុជា តាមរយៈអ្នកបកប្រែថា វិទ្យាស្ថានថែទាំមនុស្សចាស់នេះ នឹងបណ្ដុះបណ្ដាលសិក្ខាកាមកម្ពុជា ដែលមានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុន ឲ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ដ្រមើលថែទាំងមនុស្ស។
លោក Kondo Yoshio បានបន្ដថា អាគារវិទ្យាស្ថាននេះ មានកំពង់ ៥ជាន់ ត្រូវចំណាយថវិកាសរុប ៣០០ម៉ឺនដុល្លារ ដែលនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០១៨។ ជាជំហ៊ានដំបូងវិទ្យាស្ថាននេះ នឹងចាប់ផ្ដើមទទួលសិក្ខាកាមចំនួន ១៨០នាក់ បណ្ដុះបណ្ដាលរយៈពេល ២ឆ្នាំ ដែលបង្រៀនទៅលើជំនាញ ការថែទាំចាស់ជរា ភាសារជប៉ុន និងផ្នែកព័ត៌មានវិទ្យា។ បន្ថែមលើនេះលោក លោក Kondo Yoshio បានសង្កត់ធ្ងន់ថា ការបង្កើតវិទ្យាស្ថាននេះលោកមានបំណងចង់ឲ្យប្រទេសកម្ពុជាមានធនធានមនុស្សកាន់តែច្រើន ពាក់ព័ន្ធ និងការថែទាំចាស់ជរា។
លោក លោក Kondo Yoshio ៖«គោលដៅពួកគាត់ គឺពួកគាត់ចងធ្វើឲ្យប្រទេសកម្ពុជាយើង ឲ្យក្លាយជាប្រទេសមួយដែលអាចមានធនធានមនុស្សថែទាំងចាស់ជរា ឲ្យបានកាន់តែច្រើន»។
ឆ្លើយតប លោក Kondo Yoshio លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា វិទ្យាស្ថាននេះគឺជាថ្នាលបណ្ដុះបណ្ដាលសេវាថែទាំមនុស្សចាស់ដំបូងបំផុតនៅកម្ពុជា ក្នុងការបណ្ដុះបណ្ដាលសេវាថែទាំមនុស្សចាស់ដល់កម្មសិក្សាការីកម្ពុជា ដែលមានបំណងទៅបម្រើការងារលើសេវាថែទាំងមនុស្សចាស់នៅប្រទេសជប៉ុន។ លោកបន្ដថា សេវាថែទាំងមនុស្សចាស់ គឺជារឿងសំខាន់ណាស់ដែលអ្នកបម្រើសេវា ត្រូវសិក្សាពីជំនាញនេះឲ្យបានច្បាស់ ព្រោះតទៅថ្ងៃមុខ លោករដ្ឋមន្ដ្រីជឿជាក់ថា មនុស្សចាស់នឹងមានចំនួនកើនឡើង ព្រោះតែសេដ្ឋកិច្ចកម្ពុជា កាន់តែល្អ រួមផ្សំនឹងសុខមាលភាពសង្គម។
លោក អ៊ិត សំហេង ៖«តទៅថ្ងៃមុខ គឺអត្រាមនុស្សចាស់នឹងកាន់តែកើនឡើង ដោយសារថា កំណើនសេដ្ឋកិច្ច និងសុខមាលភាពសង្គមកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អញ្ចឹងទេអត្រាមនុស្សចាស់ ហើយប្រជាពលរដ្ឋកាន់តែមានអាយុវែង »។
សូមជម្រាបថា បច្ចុប្បន្នប្រទេសកម្ពុជា បានបញ្ជូនពលករទៅធ្វើការងារនៅប្រទេសចំនួន ៦ ដែលមានដូចជា ប្រទេសជប៉ុន ថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី សិង្ហបុរី និងទីក្រុងហុង ដោយមានពលករសរុបប្រមាណ ១លាន ២សែននាក់។ ប្រទេសកម្ពុជា បានចាប់ផ្ដើមបញ្ជូនកម្មសិក្សាការី របស់ខ្លួនទៅធ្វើកម្មសិក្សា ឬធ្វើការ នៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០០៧ ដែលរហូតមកដល់ដំណាច់ឆ្នាំ២០១៧នេះ មាន ៦១៧៧នាក់ ហើយមានស្ដ្រី ៣៥៧២នាក់៕