ក្រុមយុវជនបានលើកឡើងប្រហាក់ប្រហែលគ្នាថា រដ្ឋាភិបាលមិនទាន់បានអនុវត្តចំពោះ គោល នយោបាយ ទាក់ទងនឹងវិស័យអប់រំឲ្យបានល្អប្រសើរនៅឡើយទេ។ ការលើកឡើងរបស់យុវជននេះ ធ្វើឡើងនៅ ឯភោជនីយដ្ឋានអ័រគីដេ កាលពីព្រឹកថ្ងៃទី២០ខែកញ្ញា ម្សិលមិញនេះ។
យុវជនដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ សុទ្ធតែបានលើកយកពីក្តីកង្វល់របស់ខ្លួន អំពីវិស័យអប់រំនៅកម្ពុជាថា រដ្ឋាភិបាលមិនទាន់បានដោះស្រាយពីបញ្ហាអប់រំឲ្យបានល្អ ស្របតាមគោលនយោបាយថ្នាក់ជាតិនៅឡើយនោះទេ។ រីឯទីផ្សារការងារក៏នៅមានកំរិតទាប មិនទាន់សមាមាត្រជាមួយបរិមាណសិស្ស និស្សិតដែលបានបញ្ចប់ពីការសិក្សានៅឡើយដែរ។
ជុំវិញបញ្ហានេះ តំណាងគណបក្សដែលមានអសនៈនៅក្នុងរដ្ឋសភា មានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ បានពន្យល់ពីបញ្ហា ដែលបានកើតឡើង និងលើកយកវិធីសាស្ត្រមកធ្វើការបកស្រាយផងដែរ។
យុវជន ថន យូសៀង ជានិស្សិតមកពីសកលវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចពិភាក្សានោះថា រដ្ឋាភិបាល កម្ពុជានៅមិនទាន់បានដោះស្រាយបញ្ហាវិស័យអប់ឲ្យបានល្អប្រសើរនោះទេ ពិសេសការដោះ ស្រាយចំពោះសិស្សដែលបានប្រលងធ្លាក់បាក់ឌុបនៅឆ្នាំនេះ។ ជាងនេះទៀត ចំនួននិស្សិតដែល ចូលរៀននៅថ្នាក់ឧត្តមសិក្សា ក៏មិនទាន់បានកំណត់ឲ្យបានសមស្របជាមួយនឹងទីផ្សារការងារ ដែលជាមូលហេតុធ្វើឲ្យនិស្សិតដែលរៀនចប់ មិនអាចមានលទ្ធភាពរកការងារធ្វើបាន។ យុវជនរូបនេះ ក៏បានស្នើដល់រដ្ឋាភិបាល ត្រូវតែពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំឲ្យបានល្អប្រសើរ ស្របតាមគោលនយោបាយរបស់ខ្លូនដែលបានដាក់ចេញ។
ថន យូសៀង៖ «ជាការយល់យល់ឃើញរបស់ និងជាការស្នើសុំដល់រដ្ឋាភិបាល គឺសុំតែរដ្ឋាភិបាលអនុវត្តឲ្យបានគោលនយោបាយរបស់គាត់។ គោលនយោបាយរបស់គាត់ល្អហើយ ប៉ុន្តែវាពុំសូវមានការអនុវត្តជាក់ស្តែងនោះទេ វាមានតែនៅលើក្រដាសប៉ុណ្ណោះ។ អញ្ចឹងរឿងដែលរដ្ឋាភិបាលគួរតែកែតម្រូវ គឺមានន័យថា រដ្ឋាភិបាលធ្វើឲ្យគោលនយោបាយទាំងអស់ហ្នឹងវាមាន ភាពជាក់ស្តែងនិយមអាចអនុវត្តបានប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល»។
ជាការឆ្លើយតប លោកស្រី គឹម សេដ្ឋានី តំណាងមកពីគណបក្សប្រជាជនកម្ពុជាលើកឡើងថា បញ្ហាកើតឡើងដោយសារនិស្សិត ចូលរៀននៅថ្នាក់មហា វិទ្យាល័យ មិនបាន សិក្សា ឬសង្កេតមើលពីតំរូវការទីផ្សារ និងមកពីសមត្ថភាពជំនាញមាន មិនស្របតាមតំរូវការទីផ្សារបច្ចុប្បន្ន។ តំណាងមកពីគណបក្សប្រជាជនកម្ពុជារូបនេះបន្តថា រដ្ឋាភិបាលបច្ចុប្បន្នបាននឹងកំពុង ធ្វើការដោះស្រាយលើបញ្ហាទាំងអស់នេះ តាមរយៈវិធានការរបស់ក្រសួងអប់រំដែលមិន អនុញ្ញាតឲ្យគ្រឹះស្ថានអប់រំថ្មីបើកនោះទេ ប្រសិនបើគ្រឹះស្ថាននោះមិនឆ្លើយតបទៅនឹងតំរូវ ការទីផ្សារ ។
លោក ស្រី គឹម សេដ្ឋានី៖ «អញ្ចឹង!យើងឃើញថា មូលហេតុគឺដោយសារតែ ជំនាញដែលរៀនហ្នឹងមិនសមស្របតាមតម្រូវការ ហើយមួយទៀត គឺសមត្ថភាពជំនាញហ្នឹងលើសពីតម្រូវការ ឧទាហរណ៍ថា បច្ចុប្បន្នគេត្រូវការអ្នកដែលមានសមត្ថភាពខាងផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា កសិកម្ម
តែនិស្សិតចេញពីមហាវិទ្យាល័យគឺសុទ្ធតែគណនី ឬពាណិជ្ជកម្មចឹង។ អញ្ចឹងយើងឃើញថា ដើម្បទប់ស្កាត់ ហ្នឹងហើយ បានជាក្រសួងអប់រំមិនអនុញ្ញាតឲ្យបានគ្រឹះស្ថានសិក្សាថ្មី ដែលមិនឆ្លើយតបទីនឹងតម្រូវការទីផ្សារនោះទេ»។
រីឯលោក យ៉ែម បុញ្ញឫទ្ធិ តំណាងមកពីគណបក្សសង្គ្រោះជាតិវិញលើកឡើងថា ការដោះស្រាយបញ្ហាការអប់រំ គឺមិនត្រឹមតែកំណែទម្រង់តែនៅពេលប្រលងនោះទេ គឺត្រូវកែទម្រង់តាំងពីថ្នាក់ដំបូងៗមក។ តំណាងមកពីគណបក្សសង្គ្រោះជាតិរូបនេះបន្តថាដើម្បីកែប្រែស្ថានភាពកំសោយនៃវិស័យអប់រំមួយនេះ ក្រសួងអប់រំត្រូវតែបើវគ្គបណ្តុះបណ្តាលវិជ្ជាជីវតាំងពីកំរិតមធ្យម ដែលជាការតម្រង់ទិសនិងលើកទឹកចិត្តដល់សិស្សានុសិស្ស ដើម្បីឲ្យមានសមត្ថភាព មានលទ្ធភាពបន្តការសិក្សាទៅមុខទៀត។
លោក យ៉ែម បុញ្ញឫទ្ធិ៖ «ដំណើរទៅលើការពង្រឹងវិស័យអប់រំមិនមែននៅតែកំរិតពេលប្រលងនោះទេ ដូច្នេះត្រូវមើលរៀបចំតាំងពី មត្តេយ្យ ពីបឋម ពីមធ្យម
ដូច្នេះកំណែទម្រង់សំខាន់បំផុតពីរឹសគល់ពីដើមទីមកគឺជំរុញលើកទឹកចិត្តឲ្យ មានការអាន ឲ្យស្រលាញ់ការសិក្សា»។
ចំណែកលោក ជាង សុខា នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែល ហៅកាត់ថា YRDP បានលើកឡើងថា គោលបំណងដែលរៀបចំឲ្យមានជំនួបរវាងសិស្ស និស្សិត និងថ្នាក់ដឹកនាំប្រទេសឲ្យបានជួបគ្នាបែបនេះ គឺចង់ឲ្យមានការជជែកគ្នាចេះលើកយកបញ្ហាមកពិភាក្សាគ្នា ដើម្បីព្យាយាមរកច្រកធ្វើការដោះស្រាយបញ្ហាទាំងអស់គ្នា។ លោក ជាង សុខា បន្តថាគុណភាពនៃការអប់រំ ជាចំណែកមួយក្នុងការអភិវឌ្ឈប្រទេសជាតិឲ្យមានភាពរីកចំរើន ដូច្នេះការបំផុសឲ្យមានការជួបពិភាក្សាគ្នាពីរវាងយុវជន និងអ្នកតំណាងរាស្ត្រ គឺជាចំណែកមួយក្នុងការតម្រង់ទិសដល់យុវជនផងដែរ។
លោក ជាង សុខា៖ «ជោគវាសនា របស់ប្រទេសជាតិមួយគឺពឹងផ្អែកទាំងស្រុងទៅលើគុណភាពរបស់មនុស្ស គុណភាពនៃការអប់រំហ្នឹងឯង។ ឮអញ្ចឹង!គុណភាពប្រទេសជាតិវាឡើង ឬវាចុះ វាអាស្រ័យទៅលើទង្វើរបស់ប្រជាពលរដ្ឋដែលធ្វើទៅដើម្បីចូលរួមចំណែកការអភិវឌ្ឈប្រទេស ហើយទង្វើហ្នឹងវាបានលទ្ធផលល្អឬមិនល្អ វាបឹងផ្អែកទៅលើគុណភាពនៃការអប់របស់ពលរដ្ឋ»។
សូមរំលឹកថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ បានប្រកាសផ្ដល់អាហារូបករណ៍ជាច្រើនលើមុខ ជំនាញដែលទីផ្សារការងារកំពុងត្រូវការនាពេលបច្ចុប្បន្ន និងទៅអនាគត ដែលក្នុងនោះរួមមាន៖ ជំនាញអគ្គិសនី អេឡិតត្រូនិច បរិក្ខារត្រជាក់ មេកានិច រថយន្ដ សំណង់ និងជំនាញវិស្វកម្មលោហៈជាដើម។