ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ ចំនួនសត្វស្លាបកម្ពុជាមានការកើនឡើង ក៏ប៉ុន្ដែចំនួនថនិកសត្វ បានថយចុះ។ ថយចុះពីព្រោះនៅតែមានអ្នកលួចបរបាញ់ពពួកថនិកសត្វទាំងនោះ ដើម្បីយកសាច់សម្រាប់បរិភោគ និងធ្វើជាឱសថបុរាណ។
លោក លៀ ស៊ីណា រាយការណ៍ ៖
អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា WCS ដែលបានចាប់ផ្ដើមបើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ បំណងជួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការថែរក្សា អភិរក្សសត្វព្រៃ និងធនធានធម្មជាតិនៅកម្ពុជា។ លើសពីនេះ អង្គការអភិរក្សសត្វព្រៃមួយនេះ ក៏មានបំណងរួមចំណែកជួយដល់ប្រជាសហគមន៍ ឲ្យមានជីវភាពល្អប្រសើរ ដោយមិនចាំបាច់បរបាញ់សត្វព្រៃ ឬក៏កាប់បំផ្លាញធនធានធម្មជាតិ។
លោក អេង ម៉េងអ៊ី មន្ដ្រីទំនាក់ទំងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ បានប្រាប់វិទ្យុស្ដ្រី ឲ្យដឹងថា រយៈពេលជិត ២០ឆ្នាំមកនេះ អង្គការ WCS បានចុះទៅដល់តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីអភិរក្សសត្វព្រៃ។ តំបន់ទាំងនោះមាននៅក្នុងខេត្ដមណ្ឌលគិរី ព្រះវិហារ បាត់ដំបង កំពង់ធំ សៀមរាប បន្ទាយមានជ័យ កោះកុង ក្រចេះ និងខេត្ដស្ទឹងត្រែងផងដែរ។
លោក អេង ម៉េងអ៊ី ៖«បើយើងគិតលើទំហំផ្ទៃដី យើងកំពុងសហការជាមួយរាជរដ្ឋាភិបាល សហការជាមួយសហគមន៍ ការពារផ្ទះដីតំបន់អភិរក្សហ្នឹងជា ១លានហិចតា។ បើយើងនិយាយទៅលើប្រភេទសត្វយើងបានជួយប្រភេទសត្វរងគ្រោះជិតផុតពូជិត ១០០ប្រភេទ ដែលមាននៅក្នុងតំបន់ការពារហ្នឹង»។
សត្វព្រៃរងគ្រោះជិតផុតពូជប្រមាណជិត ១០០ប្រភេទនេះ មានដូចជា សត្វអណ្ដើកហ្លូង ដែលជាសត្វល្មួនតំណាងឲ្យប្រទេសកម្ពុជា សត្វក្រពើត្រី ឬហៅក្រពើភ្នំ សត្វត្រយ៉ងយក្ស សត្វត្រយ៉ងចង្កំកស សត្វត្មាតភ្លើង ត្មាតត្មោត ត្មាតផេះ សត្វខ្សិប ឬហៅថា សត្វក្ងោកទេព សត្វអង្កត់ខ្មៅ សត្វត្រដក់ធំ សត្វទាព្រៃស្លាស សត្វពពូលទឹក សត្វដំរីព្រៃ សត្វក្ដាន់ ទន្សោង ខ្ទីង រមាំង សត្វប្រីស សត្វទោចថ្ពាល់លឿង និងសត្វស្វាកន្ទុយសជាដើម។
តាមមន្ដ្រីទំនាក់ទំងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ មើលឃើញថា បើគិតពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៧ ចំនួនសត្វព្រៃនៅកម្ពុជា ប្រភេទសត្វស្លាប មានចំនកើនឡើង ក៏ប៉ុន្ដែពពួកថនិកសត្វ បែរជាមានចំនួនធ្លាក់ចុះ ពីព្រោះតែការលួចបរបាញ់ ដើម្បីយកសាច់សម្រាប់បរិភោគ និងធ្វើជាឱសថបុរាណ ដែលពលរដ្ឋតែងធ្វើតៗគ្នា។
លោក អេង ម៉េងអ៊ី ៖«ព្រោះសត្វស្លាបហ្នឹងមិនមែនជាគោលដៅនៃការបរបាញ់ទេ ចង់និយាយថា ពួកព្រានគាត់មិនសំដៅលើ។ ប៉ុន្ដែបើពួកថនិកសត្វមានដូចជា ទន្សោង ខ្ទីង ប្រីស សត្វឈ្លូសអីហ្នឹង អាហ្នឹងមានការថយចុះ ដោយសារវាជាគោលដៅសម្រាប់ការបរបាញ់យកជាសាច់ យកធ្វើជាឱសថបុរាណ ដោយសារតែប្រជាជនគាត់យល់ច្រឡំថា សត្វព្រៃហ្នឹងជាឱសថបុរាណជួយឲ្យគាត់ខ្លាំងជួយដល់សុខភាព»។
តែយ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានវិជ្ជសាស្ដ្រណាមួយចេញមុខមកអះអាង ថា ស្នែង ស្បែង ក្រចក ស្រកា ធ្មេញ ឬក៏ឆ្អឹងសត្វព្រៃ គឺជាឱសថបុរាណ ដែលអាចយកមកប្រើប្រាស់សម្រាប់ការព្យាបាលរោគ ជំនួសឱសថ វិជ្ជសាស្ដ្រ ឲ្យបានជាសះស្បើយនៅឡើយទេ។ ក៏ប៉ុន្ដែក្រុមពេទ្យសត្វ ដែលបានធ្វើការសិក្សាស្រាវជ្រាវបានរកឃើញថា ក្នុងខ្លួនសត្វព្រៃ គឺជាប្រភពផ្ទុកជំងឺដ៏ច្រើនប្រភេទ។ «ប្រសិនបើគាត់បរិភោគទៅ ប៉ះសត្វប្រភេទសត្វដែលមានមេរោគ គឺគាត់អាចក្អូតចង្អោរ ឬក៏មេរោគហ្នឹងអាចនៅក្នុងខ្លួនគាត់រយៈពេលយូរ»។
ឆ្លងកាត់តាមរយៈសកម្មភាពការងារកន្លងមក អង្គការសមាគមអភិរក្សសត្វព្រៃមួយនេះ កត់សម្គាល់ឃើញថា ក្រៅតែពីមានសកម្មភាពលួចបរបាញ់សត្វព្រៃដោយខុសច្បាប់ហើយ ក៏មានសកម្មភាពកាប់ទន្ទ្រានយកដីព្រៃខ្លះៗ ពីប្រជាសហគមន៍តាមតំបន់ដាច់ស្រយាលមួយចំនួន ដើម្បីធ្វើជាដីចម្ការផងដែរ។
តាមមន្ដ្រីទំនាក់ទំងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ ទាមទាសុំឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថា មន្ដ្រីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ដោយត្រូវគិតថា «ការបរិភោគសាច់សត្វព្រៃត្រឹមតែមួយពេលរបស់ខ្លួន គឺអាចធ្វើឲ្យបាត់បង់សត្វព្រៃជារៀងរហូត»៕