ភ្នំពេញ៖ប៉ូលិសប្រឆាំងការជួញដូរមនុស្សក្នុងខេត្តបាត់ដំបងនឹងបញ្ជូនសំណុំរឿងជនសង្ស័យម្នាក់ទៅតុលាការករណីជួញដូរស្ត្រីខ្មែរទៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៦។
លោក ប៊ុន វណ្ណរ៉ា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សប្រចាំខេត្តបាត់ដំបងបានប្រាប់វិទ្យុស្ត្រីថាតាមការចង្អុលបង្ហាញពីឯកឧត្តមស្នងការនគរបាលខេត្តឲ្យបង្ក្រាប់ការជួញដូរមនុស្សដោយចាប់ឃាត់ខ្លួននិងបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ យឿន ភាព អាយុ ៤៥ ឆ្នាំក្នុងសំណុំរឿងអំពើជួញដូរស្ត្រីខ្មែរទៅប្រទេសម៉ាឡេស៊ីទៅសាលាដំបូងខេត្តនៅថ្ងៃទីពុធទី១៧ ខែមករានេះ។
លោក ប៊ុន វណ្ណរ៉ា ពិណ៌នាថា មេខ្យល់បានទាក់ទងអ្នកស្រី យឿន ភាពឲ្យជួយរកស្ត្រីខ្មែរទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ីដោយប្រកាសថាបម្រើការងារនៅក្រៅប្រទេសទទួលបានប្រាក់ខែប្រមាណ១ពាន់ដុល្លារ។
នៅឆ្នាំ២០១៥ អ្នកស្រី យឿន ភាពជាជនសង្ស័យបានទាក់ទងស្ត្រីខ្មែរចំនួន៤នាក់ស្ថិតក្នុងខេត្តបាត់ដំបងទៅប្រទេសម៉ាឡេស៊ីដោយអ្នកស្រីភាពទទួលបានប្រាក់ចំនួន៣៧០ដុល្លារពីមេខ្យល់។លើកចុងក្រោយនៃការបញ្ជូននារីជាជនរងគ្រោះម្នាក់កាលពីចុងឆ្នាំ២០១៦ទៅបម្រើការងារជាស្ត្រីមេផ្ទះ នៅម៉ាឡេស៊ីដោយមិនទទួលបានប្រាក់ឈ្នួលជាងមួយឆ្នាំ។នេះបើតាមបញ្ជាក់របស់ លោក ប៊ុន វណ្ណរ៉ា។
លោក ប៊ុន វណ្ណរ៉ា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សបញ្ជាក់ថានារីរងគ្រោះចុងក្រោយនេះត្រូវបានថៅកែបង្ខំឲ្យធ្វើការងារហួសកម្លាំងលើកកញ្ឆេផ្លែឪឡឹកទំងន់៧០គីឡូក្រាមដោយធ្វើការចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង១០យប់និងរងការប្រើប្រាស់អំពើហិង្សារហូតមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
លោក ប៊ុន វណ្ណរ៉ា៖«គេធ្វើបាបពេលគាត់អត់ចេះសាភាម៉ាឡេស៊ី ថៅកែប្រុសគេខឹងធាក់ចូលទូក្លាសេទឹកកកក្លាផ្លែឈើបិទទុកកន្លះទៅរួចគាត់ចេញមកហើយពេលគាត់ឈឺបតជើងតូចគឺថៅកែម៉ាឡេអត់ឲ្យគាត់ឈប់រហូតដល់ពេលគាត់ឈឺខ្លំាងដល់ពេលបត់ជើងអត់ចេញទេ ចេញតែឈាម។»
លោក វណ្ណរ៉ា បន្ថែមថា ជនរងគ្រោះត្រូវបានស្ថានឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ីជួយសង្គ្រោះជនរងគ្រោះនិងបញ្ជូនមកស្រុកកំណើតវិញក្នុងខែមករា ឆ្នាំ ២០១៨នេះ។
អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនិងកុមារនៃអង្គការសមាគមការពារសិទ្ធិមនុស្សអាដហុកសង្កេតឃើញថាប្រជាពលរដ្ឋមានជីវភាពក្រីក្រនិងចំណេះដឹកទាបនៅតែចាញ់ការបោកបញ្ឆោតនិងការអូសទាញពីក្រុមមេខ្យល់នាំលក់ទៅក្រៅប្រទេសដោយឃោសនាថាធ្វើការទទួលបានប្រាក់កម្រៃខ្ពស់។អ្នកស្រីថាម្យ៉ាងអាចមកពីកត្តាតម្រូវការការងារក្នុងស្រុកគ្មានតុល្យាភាពនិងចំនួនប្រជាពលរដ្ឋកម្ពុជាគ្រប់អាយុធ្វើការ។
អ្នកស្រី សុគន្ធា បញ្ជាក់ថាបើតាមរបាយការណ៍របស់អង្គការសមាគមការពារសិទ្ធិមនុស្សអាដហុកករណីការជួញដូរកម្លាំងពលកម្មនិងជួញដូរមនុស្សទៅក្រៅប្រទេសក្រោមរូបភាពរៀបការដោយបង្ខំក្នុងឆ្នាំ២០១៧នេះមានចំនួនប្រហាក់ប្រហែលឆ្នាំមុនដែរគឺ១៥២ករណី។អ្នកស្រីថា ករណីខ្លះធ្ងន់ធ្ងរហូតដល់ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់និងរបួសស្នាមជាដើម។
អ្នកស្រី សុគន្ធា៖«ខាងយើងនូវតែទទួលបានប្រហាក់ប្រហែលជាមួយនិងកាលឆ្នំាគឺសរុបទំាងអស់ទទួលបាន១៥២ករណីសម្រាប់ជួញដូរកម្លំាងពលកម្មក៏ដូចជាការជួញដូរមនុស្សទៅក្រៅប្រទេសក្រោមរូបភាពរៀបការដោយបង្ខំជាដើម។»
លោក ប៊ុន វណ្ណរ៉ា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សឲ្យដឹងថាអាជ្ញាធរបង្ក្រាបការជួញដូរមនុស្សទៅរៀបការជាមួយបុរសជនជាតិចិននិងជួញដូរទៅប្រទេសថៃមានបីករណីនិងចាប់ឃុំខ្លួនមេខ្យល់ចំនួនពីរនាក់ក្នុង។បើតាមលោក ប៊ុន វណ្ណរ៉ាថាអ្នកស្រី យឿន ភាពអាចប្រឈមមុខជាប់ពន្ធនាគារ៧ឆ្នាំទៅ១៥ឆ្នាំ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចេញផ្សាយនៅថ្ងៃទី១៧ ខែមករានេះស្តីពីការជួយសង្គ្រោះនិងធ្វើមាតុភូមិនិវត្តន៍ពលករ-ពលការិនីចំនួន២៩នាក់ពីប្រទេសម៉ាឡេស៊ីនិងប្រទេសវៀតណាម។ក្នុងនោះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមជួយពលការិនីខ្មែរ៧នាក់ដែលមេខ្យល់បម្រុងយកទៅរៀបការជាមួយបុរសជនជាតិចិន។
ពលការិនីខ្មែរចំនួន១១នាក់ទៀតត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីដោយធ្វើការងារខុសច្បាប់នៅទីនោះ។និងពលករខ្មែរ១១នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះពីលើទូកនេសាទ។ពលករ-ពលការិនីទាំងនោះត្រូវបានធ្វើមាតុភូមិវត្តន៍មកស្រុកកំណើតចាប់ពីចន្លោះថ្ងៃទី៦ដល់១៦ខែមករា ឆ្នាំ ២០១៨នេះ៕