គិតត្រឹមពីឆ្នំា ២០០៧មក យុវជនកម្ពុជាចំនួនជាង ២ពាន់នាក់ត្រូវបានក្រសួងការបរទេសជប៉ុនផ្ដល់ឱកាស អោយទៅចូលរួមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ JENESYS ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតជប៉ុនប្រចំាកម្ពុជាដែលវិទ្យុស្រ្តីទើបទទួលបានថ្មីៗនេះ។
តាមប្រភពដដែល គឺកាលពីថ្មីៗនេះ យុវជនកម្ពុជាចំនួន ២៥នាក់ ត្រូវបានក្រសួងការបរទេសជប៉ុន ផ្ដល់ឱកាសឱ្យទៅចូលរួមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជណរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ JENESYS។
យុវជនទំាង២៥នាក់នេះ គឺធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែមករា ឆ្នំា២០១៨។ យុវជនទំាង ២៥នាក់នេះ ត្រូវបានជ្រើសរើសក្នុងការប្រលងជ្រើសរើសបេក្ខជនចូលរួលកម្មវិធីផ្លាស់ប្តូរ យុវជន ដែលបានរៀបចំទ្បើងកាលពីថ្ងៃទី០៥ ខែតុលា ឆ្នំា២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
ការប្រលងនេះ មានបេក្ខជនចំនួន៤៨រូប បានធ្វើបទបង្ហាញក្រោមប្រធានបទ ប្រទេសកម្ពុជាដ៏អស្ចារ្យរបស់ខ្ញុំ ដោយផ្តោលើភាពច្នៃប្រឌិត ភាពទាក់ទាញ និងការសាមគ្គីជាក្រុម។
ក្នុងអំទ្បុងពេលទស្សនកិច្ចនេះ ក្រុមយុវជនកម្ពុជានឹងផ្លាស់ប្តូរចំណេះដឹងជាមួយនិស្សិតជប៉ុន ក្នុងខេត្ត មីយ៉ាហ្គី ដែលពួកគេនឹងធ្វើបទបង្ហាញជាក្រុមស្តីពី ប្រទេសកម្ពុជាដ៏អស្ចារ្យរបស់យើង។
គួរជម្រាបថា កម្មវិធី JENESYS ធ្វើទ្បើងក្នុងគោលបំណងដើម្បីជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាព នាពេលអនាគត៕