en     km
en     km

ពលរដ្ឋបុរីកីឡាតវ៉ាទាមទារសំណងជាថ្មីនៅមុខផ្ទះអ្នកស្រី ស៊ុយ សុផាន

Share

ភ្នំពេញ៖ ពលរដ្ឋបុរីកីឡា ៥នាក់តំណាងឱ្យពលរដ្ឋ ១១ គ្រួសារនៅព្រឹកថ្ងៃទី ១៧ មករានេះ បានប្រមូលផ្តុំគ្នាជាថ្មី តវ៉ាទាមទារសំណងប្រមាណ ៣ម៉ឺនដុល្លារអាមេរិកជាថ្នូរនៃការចាកចេញពីលើអាគារចាស់ដែលកំពុងស្នាក់នៅបច្ចុប្បន្ននេះ។ ការប្រមូលផ្តុំគ្នាជាថ្មីនេះ ធ្វើឡើងនៅមុខផ្ទះអ្នកស្រី ស៊ុយ សុផាន ស្ថិតនៅសង្កាត់ផ្សារដើម.គ ខណ្ឌទួលគោក។

                        ពលរដ្ឋបុរីកីឡាមកតវ៉ានៅមុខផ្ទះអ្នកស្រី ស៊ុយ សុផាន នៅស្តុបកោសដូង ខាងលិច អគារម៉ុងឌីយ៉ាល។

ក្រុមប្រជាពលរដ្ឋដែលមកតវ៉ានៅថ្ងៃនេះបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ត្រូវការជំនួបចរចាជាមួយអ្នកស្រី ស៊ុយ សុផាន ​ថៅកែក្រុមហ៊ុន ផាន អ៊ីម៉ិច ដើម្បីឈានទៅបញ្ចប់បញ្ហាជម្លោះក៏រុំាំរ៉ៃនៅតំបន់បុរីកីឡា។

អ្នកស្រី ឡេង ធក់ ពលរដ្ឋបុរីកីឡាមួយរូបបាននិយាយថា ការតវ៉ាទាមទារនៅថ្ងៃនេះ គឺចង់ឱ្យអ្នកស្រី ស៊ុយ សុផាន ផ្តល់សំណង សមរម្យជូនពលរដ្ឋបុរីកីឡាទាំង ១១គ្រួសារ ដែលជាគ្រួសាររងគ្រោះចុងក្រោយពីការបណ្តេញចេញទាំងបង្ខំកាលពីជាង ៧ ឆ្នាំមុននោះ។ អ្នកស្រីបន្តថា ពលរដ្ឋបុរីកីឡាទាំង ១១គ្រួសារទាមទារនៅថ្ងៃនេះ គឺចង់ស្នើសូមសំណងជាថវិកាប្រមាណ ៣ម៉ឺនដុល្លារ ដើម្បីអាចទិញផ្ទះនៅលើអគារបុរីកីឡាបាន។

អ្នកស្រី ឡេង ធក់៖ 

ទោះបីក្រុមប្រជាពលរដ្ឋតវ៉ានៅមុខគេហដ្ឋានអ្នកស្រី ស៊ុយ សុផាន យ៉ាងណាក៏ព្រឹកនេះពុំទាន់មានការឆ្លើយតបពីអ្នកស្រី ស៊ុយ សុផាន ឡើយ ដោយក្រុមសន្តិសុខយាមផ្ទះអ្នកស្រីប្រាប់ថា អ្នកស្រី ស៊ុយ សុផាន មិននៅផ្ទះ។

ក្រុមប្រជាពលរដ្ឋ ប្ដេជ្ញាថា ពួកគាត់នឹងព្យាយាមមកតវ៉ានៅមុខផ្ទះអ្នកស្រី ស៊ុយ សុផាន រាល់ថ្ងៃរហូតដល់មានដំណោះស្រាយសមរម្យ។

សូមបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋបុរីកីឡាទាំង ១១គ្រួសារធ្លាប់បានដាក់ញាត្តិទាមទារសំណង ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក តែភាគីក្រុមហ៊ុន និងសាលារាជធានីភ្នំពេញអាចផ្តល់ឱ្យត្រឹមតែ ១ម៉ឺន ៥ពាន់ដុល្លារប៉ុណ្ណោះ ជាហេតុធ្វើឱ្យពលរដ្ឋមិនទាន់ទទួល យក។

បើតាមក្រុមប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ជម្លោះដ៏រុំាំរ៉ៃក្នុងតំបន់បុរីកីឡានេះ ផ្តើមចេញពីភាគីក្រុមហ៊ុនមិនបានសង់អគារចំនួន ១០ តាមការសន្យានោះទេ ពោលគឺសង់បានតែ ៨អគារប៉ុណ្ណោះ ដោយសំអាងថា ក្រុមហ៊ុន ផាន អ៊ីម៉ិច ក្ស័យធន។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញធ្លាប់បានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា សាលាក្រុងនឹងព្យាយាមរកដំណោះស្រាយបង្ខិតចំណុចប្រសព្វនៃការត្រូវរូវគ្នារបស់ភាគីទាំងពីរ។ តែយ៉ាងណាសាលាក្រុងថា សំណងដែលផ្តល់ឱ្យនេះ គឺបានពិភាក្សាយ៉ាងល្អិតល្អន់ពីសមាសភានៃគណៈកម្មាការចំរុះ ដូច្នេះការទាមទារសំណងណាមួយរបស់ពលរដ្ឋមិនអាចធ្វើបានតាមចិត្តចង់នោះទេ៕

 

    

Share

Image
Image
Image