នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ តំណាងប្រជាពលរដ្ឋសហគមន៍ព្រៃឈើស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន ៦នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង៤០០គ្រួសារបានដាក់ពាក្យបណ្តឹងទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រដ្ឋសភាជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ ប្តឹងមេភូមិ២រូបពីបទ ឃុបឃិតគ្នាឈូសឆាយយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ជុំវិញបញ្ហានេះ មន្ត្រីការពារសិទ្ធមនុស្សចាត់ទុកអំពើឈូសឆាយដីព្រៃនេះថា បានល្មើសនិងច្បាប់។ ចំណែកមេភូមិម្នាក់ក្នុងចំណោម២នាក់នោះ បានបដិសេដថា ខ្លួនពុំបានឈូសឆាយ និងគ្មានឈ្មោះកាន់កាប់ដីព្រៃនោះ ដូចការចោទប្រកាន់ឡើយ។
លោក គុជ វ៉េង តំណាងសហគមន៍ព្រៃឈើបានឲ្យដឹងនៅព្រឹងថ្ងៃទី២១ កញ្ញានេះថា «ពាក្យបណ្តឹងនោះ ប្តឹងពីបទបំផ្លេចបំផ្លាញដីព្រៃ ដើម្បីទាមទារសម្រាប់ទុកឃ្វាលគោ ក្របី រក្សាព្រៃឈើ ឲ្យនៅយូរអង្វែងទុកប្រើជាលក្ខណៈប្រពៃណីរបស់អ្នកភូមិ»។ កន្លងមកសហគមន៍លោកធ្លាប់បានដាក់ពាក្យបណ្តឹងទៅមន្ទីបរិស្ថានខេត្តម្តងជាពីដងរួចមកហើយ តែមិនឃើញមានដំណោះស្រាយអ្វីនោះឡើយ។ ដោយសារតែគ្មានដំណោះស្រាយដូច្នេះ ទើបសហគមន៍លោកឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងទៅស្ថាប័នរដ្ឋមួយចំនួន ដូចជា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រដ្ឋសភាជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយជាដើម ដើម្បីស្នើសុំអន្តរាគមឲ្យដកហូតដីព្រៃនោះមកវិញ សម្រាប់ទុកជាសម្បត្តិរបស់សហគមន៍អាស្រ័យផលរួមគ្នាបន្តទៀត។
លោកថាជុំវិញការដាក់ពាក្យបណ្តឹងពីក្រុមតំណាងសហគមន៍ព្រៃឈើនេះ វិទ្យុស្ត្រី នៃWMCមិនទាន់អាចទាក់ទងសុំការបំភ្លឺពី លោក កុល សុគន ជាមេភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ បាននោះទេ នៅរសៀលថ្ងៃនេះ។
ចំណែក មេភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ លោក ក្លឹម ពៅ បានច្រានចោលពាក្យបណ្តឹងរបស់ប្រជាសហគមន៍ព្រៃឈើ ដោយលោកលើកឡើងថា មិនបានឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដូចការចោទប្រកាន់នោះឡើយ។ លោកបន្តថា ការឈូសឆាយកន្លងមកគឺជា សកម្មភាពប្រជាពលរដ្ឋដែលមានក្បាលដីនៅក្បែរភ្នំជាប់និងជើងព្រៃសហគមន៍នោះ ធ្វើការឈូសទៅតាមក្បាលដី ដើម្បីធ្វើការបង្ករបង្កើនផលប៉ុណ្ណោះ។ «បើសិនគេប្តឹងអញ្ចឹង ជារឿងរបស់គេ។ គេប្តឹងទៅឲ្យវាពិតប្រាកដ ឲ្យវាជាក់ស្តែងទៅតាមដែលខ្ញុំប្រព្រឹត្ត។ តែខ្ញុំអត់ប្រព្រឹត្តផង បើប្តឹងពីខ្ញុំមិនដឹងធ្វើម៉េច ខ្ញុំគ្មានសិទ្ធិអីទៅតវ៉ាជាមួយបងប្អូនទេ។ ខ្ញុំអត់មានឈ្មោះដីនៅក្នុងហ្នឹងទេ ដីហ្នឹងជាដីរបស់ប្រជាពលរដ្ឋអស់ហើយ ខ្ញុំក៏គ្មានសិទ្ធិអីទៅកាន់កាប់របស់ពួកគាត់អីទៀតដែរ»។
ជុំវិញបញ្ហានេះ លោក ផួង សុធា មន្ត្រីសម្របសម្រួលការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តពោធិ៍សាត់បានឲ្យដឹងថា កន្លងមក លោកសង្កេតឃើញថាអាជ្ញាធរភូមិបានអនុញ្ញាតឲ្យឈ្មួញដាក់គ្រឿងចក្រឈូសឆាយដីព្រៃនោះ ដោយគ្មានការទប់ស្កាត់ឡើយ។ លោក សុធាបន្តថា ការឈូសឆាយដីព្រៃនេះគឺ ខុសទៅនិងច្បាប់ ព្រោះដីនោះជារបស់រដ្ឋ។ លោកបន្ថែមផងដែរថា ការមិនអើពើ និងរាយការណ៍ទៅថ្នាក់លើអំពីការឈូសឆាយបំផ្លិចបផ្លាញដីព្រៃរបស់អាជ្ញាធរពាក់ព័ន្ធនេះ មានន័យថាជាការឃុបឃិតគ្នា ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា «និយាយទៅការឈូសឆាយដីព្រៃគឺ ខុសច្បាប់ ព្រោះជាដីព្រៃរបស់រដ្ឋ ហើយគ្មានការទប់ស្កាត់អីសោះតែម្តង»។
សូមបញ្ជាក់ថា ពាក្យបណ្តឹងដែលក្រុមតំណាងសហគមន៍បានដាក់ទៅស្ថាប័នធំៗទាំង៣ រួមមាន៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នរដ្ឋសភាជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលរួចរាល់ហើយ នៅព្រឹកមិញនេះ៕