en     km
en     km

រោងទងកូរសមុទ្រទឹកដោះនឹងមានការបំពាក់ពិតានឡើងវិញ

Share

ប្រាសាទអង្គរវត្ត ៖ រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តដែលស្ថិតនៅផ្នែកអាគ្នេយ៍ នឹងត្រូវធ្វើការបំពាក់ពិតានឡើង វិញ។នេះបើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅលើហ្វេសប៊ុកនៅថ្ងៃទី ១៦ មករា ឆ្នាំ២០១៨នេះ ។

 

តាមសេចក្ដីជូនដំណឹងដដែលនេះ ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក។

តាមអាជ្ញាធរជាតិអប្សរាដែលស្រង់សម្ដីអ្នកសម្របសម្រួលអង្គការមូលនិធិប្រាសាទបុរាណពិភពលោក និងជាអ្នកអនុវត្តគម្រោង លោកស្រី ជាម ផល្លី គម្រោងនេះអាចនឹងបញ្ចប់នៅពេលណាបានទេ ព្រោះពិតានឈើថ្មីទាំងនេះឆ្លាក់តែជាងចម្លាក់ម្នាក់គត់។

តាមការរៀបរាប់របស់លោកស្រី ពិតានឈើទាំងអស់ត្រូវឆ្លាក់តាមទម្រង់ដើម ដែលមានបន្សល់ទុកតាំងបុរាណកាលមក។ ម្យ៉ាងទៀត ទាំងសមត្ថភាពឆ្លាក់និងគុណភាពរូបចម្លាក់ក៏ត្រូវទទួលស្គាល់ដោយគណៈកម្មការអាយស៊ីស៊ី-អង្គរដែរ។ឈើដែលត្រូវយកមកឆ្លាក់ធ្វើជាពិតានគឺប្រភេទឈើគគីរ។

តាមការបញ្ជាក់ហេតុផលដែលជ្រើសរើសឈើគគីរ ព្រោះថា ឈើពិតានដែលបន្សល់ពីបុរាណនិងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ និងសារមន្ទីរនៅប្រទេសបារាំង ក៏ជាប្រភេទឈើគគីរដែរ។ លោកស្រី ជាម ផល្លី ពន្យល់ថា សាច់ឈើគគីរធន់នឹងទឹកហើយគម្រោងនេះត្រូវការឈើគគីរប្រមាណជាង ១០ម៉ែត្រគូប។ ប៉ុន្តែអ្វីដែលជាបញ្ហានៅពេលនេះ គឺកង្វះឈើដែលធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានលើកឡើងថា ពិតានឈើថ្មីដែលនឹងត្រូវយកទៅបំពាក់លើថែវកូរសមុទ្រទឹកដោះនេះ គឺមានឆ្លាក់ចម្លាក់ក្បាច់ ធ្វើតាមសំណល់បុរាណដោយមានក្បាច់ចំនួន១០ប្រភេទ គឺ ក្បាច់ផ្កាចាន់ ក្បាច់ផ្កាពងត្រី ក្បាច់ត្រឡាចបំបែក ក្បាច់ពេជ្រក្តារ ក្បាច់ចែងអង្គរ ក្បាច់ស្នឹងព័ទ្ធ ក្បាច់សន្លឹកឈូកបំបែក ក្បាច់ពងត្រីរង្វង់ ក្បាច់កេសរ និងក្បាច់ផ្លែឈូក។

គម្រោងបំពាក់ពិតានឈើថ្មីលើរោងទងកូរសមុទ្រទឹកដោះនេះ ទទួលបានការគាំទ្រពីគណៈកម្មាធិការអាយស៊ីស៊ីអង្គរ តាំងសម័យកិច្ចប្រជុំបច្ចេកទេសលើកទី២៥ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥កន្លងមក។

គួរបញ្ជាក់ថា នៅឆ្នាំ២០០៨រហូតដល់ឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរានិងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះដើម្បីរក្សាឲ្យបាននូវផ្ទាំងចម្លាក់ដែលរៀបរាប់ពីការកូរសមុទ្រទឹកដោះតាមរយៈការទាញព្រ័តយកឈ្នះចាញ់រវាងពួកទេពនិងពួកអសុរ។ ឯការជួសជុល ចាំបាច់ត្រូវប្រើប្រាស់បន្ទះសំណ ពី២ទៅ៣មីលីម៉ែត្រ ធ្វើយ៉ាងណាកុំឱ្យទឹកលិចដំបូល ដែលនឹងអាចប៉ះពាល់ដល់ចម្លាក់៕

 

Share

ព័ត៌មានទាក់ទង

Image