ភ្នំពេញ៖កម្ពុជា-វៀតណាម នៅថ្ងៃអង្គារ៍ ទី១៦ ខែមករានេះ បានបើកការដ្ឋានសាងសង់ផ្សារគំរូជាប់ព្រំដែនរវាងខេត្តត្បូងឃ្មុំកម្ពុជានិងខេត្តតៃនិញវៀតណាម ដើម្បីដោះដូរពាណិជ្ជកម្មរវាងប្រទេស ទាំងពីរខណការបោះបង្គោលព្រំជិតបញ្ចប់។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថាផ្សារគំរូស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ខេត្តតៃនិញប្រទេសវៀតណាមនឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែននិងជួយលើកកម្ពស់ជីវភាពប្រជាជនទាំងពីរ។
លោករដ្ឋមន្ត្រីបន្ថែមថាផ្សារគំរូនេះមានឈ្មោះថា«ផ្សារដារ»ដែលមានទំហំជិត២ម៉ឺនម៉ែត្រការ៉េ។ផ្សារនេះនឹងចំណាយថវិការសាងសង់ប្រមាណ២លានដុល្លារឬស្មើជាង៤៤លាន៧សែនដុងជា ជំនួយរបស់រដ្ឋាភិបាលវៀតណាម។នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបង្ហោះនៅថ្ងៃនេះ។
«ខ្ញុំសង្ឃឹមថាផ្សារនេះ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈមនិងរបាំងពាណិជ្ជកម្មនានាដែលតែតែងរាំងស្ទះដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជានិងវៀតណាម»។
លោកវ៉ូ ហ្គុងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាបញ្ជាក់ថាពិធីបើកការដ្ឋានសាងសង់ផ្សារដារនេះដើម្បីអបអរខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។
«ខ្ញុំសង្ឃឹមថាការសាង់សង់ផ្សារដានេះ នឹងនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ហើយនឹងក្លាយជាគំរូនៃការអភិវឌ្ឍ និងការពង្រីកកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរនៅថ្ងៃអនាគត ប្រកបដោយជោគជ័យ។»
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះការវិនិយោគទុនពីបរទេសមកកម្ពុជាមានតម្លៃចន្លោះ១,៧ពាន់លានដុល្លារទៅ២ពាន់លានដុល្លារ។គិតរយៈពេល១១ខែឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគរវាងកម្ពុជា-វៀតណាម ៣៤៣៨ លានដុល្លារកើនឡើង៣១,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៦ មាន២៩២៦លានដុល្លារ។
ការស្ថាបនាផ្សារព្រំដែនកម្ពុជា-វៀតណាម ផ្សារដារក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ខេត្តតៃនិញប្រទេសវៀតណាមនេះក៏ស្របពេលវៀតណាមពន្លឿនការបោះបង្គោលព្រំដែនអោយឆាប់ចប់ ។
លោកស្រី កុយពិសី អនុប្រធានគណៈកម្មាធិការកិច្ចព្រំដែនកម្ពុជា បានប្រាប់វិទ្យុស្ត្រីកាលពីសប្ដាហ៍មុនថាការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅសល់តែ១៦ភាគនឹងធ្វើរួចរាល់ហើយ៕