en     km
en     km

កម្មករ​ រោងចក្រ​ ហ្វឺ​ស​ ហ្គា​វ័​ន្ដ​ ផ្អាក​សកម្មភាព​ការងារ​រង់ចាំ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ​

Share

​ភ្នំពេញ​ ៖​ កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ហ្គា​វ័​ន្ដ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្អាក​សកម្មភាព​ការងារ​ របស់​ពួក​គេ​ ដោយ​នាំ​គ្នា​មក​នៅ​ខាង​មុខ​រោងចក្រ​នេះ​ ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ​ ជុំវិញ​ថៅកែ​ មិន​បើក​ប្រាក់ខែ​ឲ្យ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​គិត​មក​ដល់​ថ្ងៃ​ចន្ទ​ ទី​១៥​ មក​រា​ នេះ​ មាន​រយៈពេល​ជិត​ ៧​ថ្ងៃ​ហើយ​ ដែល​ក្រុម​កម្មករ​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ ហ្គា​ វ័​ន្ដ​ អឹ​ម​ភើ​រែ​ល​ មិន​ទាន់​បាន​បើកប្រាក់​ខែ​របស់​ពួក​គេ​។​ លោក​ ផា​ន់​ សា​វ៉ុ​ន​ កម្មករ​មួយ​រូប​ក្នុង​រោងចក្រ​នេះ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃនេះ​ថា​ កាលពី​ថ្ងៃ​ទី​១០​ មក​រា​ ថៅកែ​រោច​ក្រ​កាត់ដេរ​មួយ​នេះ​ បាន​ចេញ​មក​ជួប​ក្រុម​កម្មករ​ ដោយ​ប្រាប់​ថា​ ខ្លួន​ពុំ​មាន​ប្រាក់​ដើម្បី​ឲ្យ​កម្មករ​ឡើយ​ គឺ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ទី​១៣​ មក​រា​។​ ក៏​ប៉ុន្ដែ​លោក​ សា​វ៉ុ​ន​ បញ្ជាក់​ថា​ រហូត​ដល់​ថ្ងៃ​ទី​១៣​ មក​រា​ ថៅកែ​បាន​មក​ជួប​កម្មករ​ជា​ថ្មី​ ហើយ​ប្រាប់​ក្រុម​កម្មករ​ថា​ ខ្លួន​ពុំ​មាន​ប្រាក់​បើក​ឲ្យ​កម្មករ​នោះ​ទេ​ ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​អង្គារិ​ «​បើ​ទោះជា​សម្លាប់​គាត់​ ក៏​គាត់​គ្មាន​លុយ​បើក​ឲ្យ​ដែរ​ គាត់​ចង់​ឲ្យ​ចូល​ធ្វើការ​វិញ​ទៅ​ ថ្ងៃ​អង្គារិ​ គាត់​បើក​លុយ​ឲ្យ​»​ តែ​យ៉ាងណា​ លោក​ ផា​ន់​ សា​វ៉ុ​ន​ អះអាង​ថា​ កម្មករ​ មិន​ព្រម​ចូល​ធ្វើការ​វិញ​ឡើយ​ ព្រោះ​ថៅកែ​រោងចក្រ​នេះ​ តែងតែ​សន្យា​ដូចនេះ​ ក៏​ប៉ុន្ដែ​ពេលវេលា​នៃ​ការ​បើក​ប្រាក់ខែ​តែងតែ​ផ្លាស់​ប្ដូរ​ពី​ម្ដង​ទៅ​ម្ដង​។​

​លោក​ ផា​ន់​ សា​វ៉ុ​ន​ ៖«​យើង​ធ្វើការ​សិន​វា​អត់​កើត​ ព្រោះ​គាត់​និយាយ​វា​ពិបាក​នឹង​ឲ្យ​យើង​ជឿ​ ដូច​ថ្ងៃមុន​អ​ញ្ចឹ​ង​គាត់​និយាយ​ថ្ងៃ​សៅ​រិ៍​ ហើយ​ដល់​ថ្ងៃ​សៅ​រិ៍​ គាត់​និយាយ​ដល់​ថ្ងៃ​អង្គារិ​ ទៀត​អ​ញ្ចឹ​ង​»​។​

​នៅ​ពេល​នេះ​ក្រុម​កម្មរ​ ដែល​មាន​គ្នា​ប្រមាណ​ ៣៧០​ នាក់​ កំពុង​ស្ថិត​នៅ​ខាង​មុខ​រោងចក្រ​ រង់ចាំ​មន្ដ្រី​ក្រសួង​ការងារ​ដើម្បី​ចុះ​ទៅ​រក​ដំណោះ​ដោះស្រាយ​ ជុំវិញ​វិវាទ​ប្រាក់ខែ​របស់​ពួក​គេ​។​

​វិទ្យុ​ស្ដ្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ ពី​ក្រសួង​ការងារ​បាន​ទេ​នៅ​រហូត​ពេល​នេះ​ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ក៏​ប៉ុន្ដែ​ពុំ​មាន​អ្នក​ទទួល​។​

​គួរ​ជម្រាប​ថា​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ ហ្គា​វ័​ន្ដ​ អឹ​ម​ភើ​រែ​ល​ មាន​បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​ចំនួន​ ៣៧០​នាក់​ ហើយ​ ៩៥​ភាគរយ​ ជា​ស្ដ្រី​។​ រោងចក្រ​មួយ​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រែក​តាឡុ​ង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​ ជា​រឿយៗ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ ហ្គា​ វ័​ន្ដ​ អឹ​ម​ភើ​រែ​ល​ មួយ​នេះ​ តែងតែមាន​បញ្ហា​បាតុកម្ម​ កូដកម្ម​ ជា​ញឹកញាប់​ ជុំវិញ​លក្ខ​ខ័​ណ្ឌ​ការងារ​ និង​ការ​បើក​ប្រាក់ខែ​មិន​ទៀត​ទាត់​៕​

Share

ព័ត៌មានទាក់ទង

Image