ភ្នំពេញ ៖ លិខិតរបស់រដ្ឋមន្ដ្រីក្រសួងកសិកម្ម ចុះថ្ងៃទី១១ ខែមករា កន្លងមកទៅនេះ បានស្នើដល់ប្រធានគណៈកម្មការចម្រុះរាជធានីភ្នំពេញ ទប់ស្កាត់នូវការរីករាលដាលជំងឺផ្ដាសាយបក្សី ដោយផ្អាកការធ្វើចរាចរសត្វបក្សី និងផលិតផលពីបក្សី ពីភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។
លោក លៀ ស៊ីណា រាយការណ៍៖
លិខិតរបស់រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានដាក់ជូនប្រធានគណៈកម្មការចម្រុះរាជធានីភ្នំពេញ បន្ទាប់ពីលទ្ធផលវិភាគ របស់វិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ហាញលទ្ធផល សំណាកសត្វមាន់ចំនួន ០៣ក្បាល ពីភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថា មានផ្ទុកជំងឺផ្ដាសាយបក្សី ដែលបង្កដោយវីរុសក្នុងអនុក្រុម A1 (H5N1)។
តាមលិខិតដដែលនេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ស្នើដល់ប្រធានគណៈកម្មការចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្ដល់កិច្ចសហការក្នុងការអនុវត្ដវិធានការបច្ចេកទេសរបស់មន្ដ្រីជំនាញ ក្នុងការពង្រឹងការទប់ស្កាត់ ចលនាបក្សី និងផលិតផលមានដើមកំណើតពីបក្សីជាបណ្ដោះអាសន្ន ចេញពីតំបន់ផ្ទុះជំងឺឆ្លងខាងលើ ក្នុងរង្វង់កាំ ០៣ គីឡូម៉ែត្រ ដើម្បីអនុវត្ដវិធានបច្ចេកទេស បសុពេទ្យប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ជុំវិញករណីរកឃើញមានសត្វមាន់ឆ្លងជំងឺផ្ដាសាយបក្សី H5N1 នេះ លោក សៀង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី១៤ មករា នេះ ថា គិតមកដល់ថ្ងៃនេះកម្លាំងចម្រុះរាជធានីភ្នំពេញ បានចុះអនុវត្ដវិធានបច្ចេស បាញ់ថ្នាំសម្លាប់មេរោគ និងសម្លាប់សត្វមាន់ ទា ដែលត្រូវបានសង្ស័យថា ឆ្លងជំងឺផ្ដាសាយបក្សី H5N1ចំនួន ២៩២ក្បាល។ ដោយឡែកកម្លាំងចម្រុះរាជធានី ដែលរួមមានមន្ទីរសុខាភិបាល មន្ទីរកសិកម្ម ចៅសង្កាត់ និងអភិបាលខណ្ឌ សែនសុខ នៅតែបន្ដតាមដានសុខភាពប្រជាពលរដ្ឋ ក៏ដូចជា ពិនិត្យមើលសត្វមាន់ ទា ក្នុងតំបន់នេះជាបន្ដ ដោយមិនអាចកំណត់ថា ពេលណានឹងអនុញ្ញាតឲ្យមានការចរាចរសត្វមាន់ ទា ពីតំបន់នេះនោះទេ។
បន្ថែមលើនេះ ប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ បន្ដថា សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ប្រសិនបើមានអាការក្ដៅខ្លួន ត្រូវផ្ដល់ដំណឹងជាបន្ទាន់ដល់មន្ទីរសុខាភិបាល ដើម្បីឲ្យមន្ទីរចុះមកបូមឈាមយកទៅពិនិត្យ។
លោក សៀង បូរិន ៖«បានសេចក្ដីថា បើសិនណាជា មានមនុស្សក្ដៅខ្លួន មានក្មេងអីក្ដៅខ្លួន បានសេចក្ដីថា មន្ទីរសុខាភិបាលចុះមកបូមឈាមរបស់គាត់យកទៅពិនិត្យ ហើយបើគ្មានមេរោគ H5N1 នោះទេ បានសេចក្ដីថា គាត់ទុករយៈពេលមនុស្សដែលក្ដៅខ្លួនហ្នឹង តាមដានរយៈពេល ១៤ថ្ងៃ តាមដានជាប្រចាំ»។
លើសពីនេះ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បន្ដថា បើទោះជាកម្លាំងចម្រុះរាជធានី បានរួមគ្នាតាមដាន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺផ្ដាសាយបក្សីនេះយ៉ាងណាក្ដី តែខាងមន្ទីរកសិកម្ម នៅតែមានក្ដីបារម្ភពីភាពខ្វះចន្លោះដោយយថាហេតុណាមួយ។ លោកសំណូមពរដល់ប្រជាពលរដ្ឋដែលជាចុងភៅ ប្រសិនជាយកសត្វបក្សីមកធ្វើម្ហូប គឺត្រូវធ្វើយ៉ាងណាចម្អិនសាច់នោះឲ្យបានឆ្អិនល្អមុននឹងបរិភោគ។ ជាងនេះ សម្រាប់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ មាន់ ទា ជាលក្ខណៈគ្រួសារក្ដី ជាកសិដ្ឋានក្ដី ប្រសិនបើមានករណី សត្វមាន់ ទា ឈឺ ឬសំកុក ត្រូវប្រញាប់ផ្ដល់ដំណឹងទៅកាន់មន្ទីរកសិម្មក ជាបន្ទាន់ ដើម្បីឲ្យមន្ដ្រីជំនាញចុះទៅពិនិត្យសត្វបក្សីទាំងនោះ។
លោក សៀង បូរិន ៖«ខ្ញុំចង់ផ្ដាំផ្ញើថា គ្រែងឡូវាមានខ្វះចន្លោះ បានសេចក្ដីថា គាត់ទៅទិញមាន់ ទា បក្សីនៅហ្នឹងកន្លែងលក់ហ្នឹង ត្រូវគាត់ស្ងោរឲ្យបានឆ្អិនមែនទែន ដើម្បីកុំឲ្យវាប៉ះពាល់។ ហ្នឹងការផ្ដាំផ្ញើរបស់ខ្លុំមានប៉ុណ្ណឹង ហើយទីណាដែលមានមាន់ ចិញ្ចឹមជាលក្ខណៈគ្រួសារហ្នឹង មានសំកុក មានអី ត្រូវរាយការណ៍មកមន្ទីរ រុក្ខាប្រមាញ់ និងនេសាទ ជាបន្ទាន់»។
ពលរដ្ឋដែលមានរោគសញ្ញាគ្រុនក្ដៅ លើសពី ៣៨.៥អង្សារសេ និងមានរោគសញ្ញា ក្អក ឬឈឺក ឬក៏ដកដង្ហើមហត់ ហើយមានប្រវត្ដិ ធ្លាប់ប៉ះពាល់ជាមួយសត្វបក្សី ឈឺ ឬងាប់ ក្នុងអំឡុងពេល ៧ថ្ងៃ មុនពេលចេញរោគសញ្ញា គឺចាត់ទុកថា ជាករណីសង្ស័យឆ្លងជំងឺផ្ដាសាយបក្សី។ ពលរដ្ឋត្រូវរួតរះ បញ្ជូនអ្នកជំងឺ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុតដើម្បីធ្វើការតាមដាន និងព្យាបាល ។ ប្រជាពលរដ្ឋត្រូវ ប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរដែលនៅជិតបំផុត ឬហៅទួរស័ព្ទទៅកាន់លេខ ១១៥ ដើម្បីរាយការណ៍ជំងឺរាត្បាតផ្សេងៗ។
គួរជម្រាបថា ករណីមាន់ឆ្លងជំងឺផ្ដាសាយបក្សីនៅភូមិភ្នំពេញថ្មីនេះ គឺជាករណីទី៤ហើយ ដែលកាលចុងឆ្នាំ២០១៧ ករណីមាន់ឆ្លងជំងឺផ្ដាសាយបក្សីបានកើតឡើងចំនួន ២ ករណីនៅខេត្ដកំពង់ចាម និងមួយករណីកើតឡើងនៅខេត្ដកំពង់ធំ៕