តាមរយៈការសិក្សាមួយ ស្តីអំពីបរាជ័យរបស់បណ្តាប្រទេសអ្នកមានបំផុតទូទំាងពិភពលោក ក្នុងការទប់ស្កាត់ កុំឲ្យមានអត្រាស្លាប់របស់កុមារខ្ពស់ ក្នុងចំណោមប្រជាពលរដ្ឋក្រីក្របំផុតរបស់ខ្លួន បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនរបស់ប្រទេសមហាអំណាចសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ជាទីក្រុង ដែលមានអត្រាមរណៈភាពទារកច្រើនជាងគេបំផុតក្នុងចំណោមបណ្តាទីក្រុង ដែលមានជាងគេលើពិភពលោក។
អង្គការ Save the Children បានឲ្យដឹងនៅថ្ងៃទី ៥ ឧសភាដោយយោងទៅតាមការសិក្សាមួយថា កុមារចំនួន ៦.៦ នាក់ស្លាប់ក្នុងចំណោមកុមារ ដែលត្រូវបានផ្តល់កំណើតនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ តួលេខនេះខុសគ្នាយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងសាធារណរដ្ឋឆែកដែលមានអត្រាស្លាប់របស់កុមារត្រឹមតែ ១.៦ ក្នុងចំណោមកុមារ ចំនួន ១.០០០នាក់ដូចគ្នា។ ហេតុផលនេះធ្វើឲ្យទីក្រុងរបស់សហរដ្ខអាមេរិកមួយនេះ ក្លាយជាទីក្រុងមានគ្រោះថ្នាក់បំផុតក្នុងការ ផ្តល់កំណើតដល់កុមារដែលមានឪពុកម្តាយជាជនក្រីក្របំផុតក្នុងប្រទេស។ នេះក៏សឲ្យឃើញផងដែរនូវគំលាតខុសគ្នាយ៉ាងខ្លាំងរវាងអ្នកមាន និងអ្នកក្រក្នុង ប្រទេសមហាអំណាចមួយនេះ។
ការសិក្សាបានលាតត្រដាងផងដែរថា ទារកដែលបានកើតនៅតំបន់ Ward Eight មានចំងាយ ៦គីឡូម៉ែតពីសេតវិមានទំនងជាមានអត្រាស្លាប់របស់ទារក មានអាយុ១ខូប ដល់ទៅ ១០ដង បើធៀបនឹងទារកដែលបានកើតក្នុងគ្រួសារមានជីវភាពធូរធារនៅ Ward Three។ លោកស្រី Carolyn Miles នាយកប្រតិបត្តិរបស់អង្គការ Save the Children សហរដ្ឋអាមេរិកបានថ្លែងថា « សម្រាប់គ្រួសារអ្នកមាន អត្រាស្លាប់របស់កុមារមិនមានជាបញ្ហាចោទនោះទេ»។ ជនជាតិអាមេរិកស្បែកខ្មៅជាច្រើនធៀបនឹងប្រជាជនទូទាំងប្រទេស មានបញ្ហាអត់ការងារធ្វើ ភាពក្រីក្រ និងឃាតកម្ម ជាក់ស្តែងនៅក្នុងតំបន់ Ward Eight ជនជាតិស្បែកខ្មៅមានដល់ទៅ ៩៣% ក្នុងចំណោមប្រជាជនសរុបចំនួន ៧១,០០០នាក់ ដែលជួបប្រទះបញ្ហានេះ។
លោកស្រី Carolyn Miles ប្រាប់នៅក្នុងការសម្ភាសន៍ជាមួយ the Thomson Reuters Foundation ផងដែរថា «សុខភាពចំបងរបស់អ្នកម្តាយក្នុង សហគមន៍ក្រីក្រទាំងនោះមិនល្អទេ។ អត្រាដ៏ខ្ពស់នៃស្រ្តីមានជំងឺទឹកនោមផ្អែម និងធាត់លើសទម្ងន់ ធ្វើឲ្យស្រ្តីជាម្តាយកើតកូនមុនពេលកំណត់។ ស្ត្រីជាម្តាយ ជាធម្មតាមិនបានដឹងអំពីគ្រោះថ្នាក់កំឡុងពេលបង្កើតកូន ព្រមទាំង វិធីថែទំាសុខភាពមុនពេលសម្រាល។ ការចុះអប់រំតាមសហគមន៍ ព្រមទាំងការចូលរួមពីស្រ្តីមានផ្ទៃពោះ គឺជាអ្វីបាននឹងកំពុងអនុវត្តន៍តាមបណ្តាតំបន់ផ្សេងៗ។ យើងត្រូវការសកម្មភាពបែបនេះបន្ថែមទៀតនៅទីក្រុង វ៉ាស៊ីនតោន»។
គួរបញ្ជាក់ផងដែរថា ទីក្រុង Prague របស់សាធារណៈរដ្ឋឆែក ជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានអត្រារស់របស់កុមារក្នុងចំណោមទីក្រុង អ្នកមានបំផុត ហើយឈរពីក្រោយដោយ ទីក្រុង Stockholm ប្រទេសស៊ុយអែត។ បន្ទាប់មកគឺទីក្រុង Oslo ប្រទេសន័រវេស និងទីក្រុង Tokyo របស់ប្រទេសជប៉ុន ហើយចំណាត់ថ្នាក់ទី ៥ បានទៅលើទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់៕
ប្រភព៖ Channelnewsasia.