ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារ បានអះអាងកាលពីដើមឆ្នាំ២០១៨ ថា នឹងលុបចោលសហជីពដែលគ្មានសកម្មភាព និងមិនបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងការងារ។ ករណីនេះសហជីពឯករាជ្យមើលឃើញថា ជារឿងល្អ ក៏ប៉ុន្ដែពួកគេមានក្ដីបារម្ភពីការបាត់វត្ដមានរបស់ខ្លួន។
លោក លៀ ស៊ីណា រាយការណ៍៖
លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ដូចនេះ កាលពីថ្ងៃទី០១ មករា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា។ ក្នុងពិធីនេះលោករដ្ឋមន្ដ្រីក្រសួងការងារ ក្រៅពីមានមតិណែនាំ ប្រាប់សហជីពដែលចូលរួមក្នុងពិធីនេះ ឲ្យធ្វើការងារយកផលប្រយោជន៍របស់កម្មករជាធំហើយ លោកក៏បានសង្កត់ធ្ងន់ថា តទៅមុខក្រសួងការងារនឹងធ្វើការរឹតបន្ដឹងការអនុវត្ដច្បាប់ឲ្យបានកាន់តែខ្លាំងចំពោះសហជីពក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ដ្រីក្រសួងការងារបន្ដថា លោកស្វាគមន៍ និងបើកសិទ្ធិឲ្យមានការបង្កើតសហជីពតំណាងកម្មករ ក៏ប៉ុន្ដែ លោកបញ្ជាក់ថា ចំពោះសហជីពដែលគ្មានសកម្មភាព ឬក៏មិនបានចុះបញ្ជីការត្រឹមត្រូវ ស្របតាមច្បាប់នៅក្រសួងការងារ លោកនឹងរំលាយសហជីពនោះចោល។
លោកបណ្ឌិត អ៊ិត សំហេង ៖«អញ្ចឹងការចុះបញ្ជីជាជំហររបស់ខ្ញុំ ខ្ញុំមិនស្កាត់ទេ ប៉ុន្ដែការអនុវត្ដច្បាប់ត្រូវតែហ្មត់ចត់។ យើងនឹងរំលាយចោលនូវសហជីពដែលមិនមានសកម្មភាព ឬមួយមិនមានរបាយការណ៍អ្វីដែលត្រឹមត្រូវទៅតាមច្បាប់»។
ពាក់ព័ន្ធរឿងនេះលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍ថា លោកគាំទ្រប្រសាសន៍របស់រដ្ឋមន្ដ្រីក្រសួងការងារ។ លោកបន្ដថា ដើម្បីធ្វើឲ្យសហជីពក្លាយជាអង្គការមួយដែលមានវិជ្ជាជីវៈពិតប្រាកដ និងច្បាស់លាស់ គឺទាល់តែសហជីពនោះបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងការងារ។ លោកបន្ដថា កន្លងមកលោកសង្កេតឃើញមានសហជីពមួយចំនួន បានចេញធ្វើសកម្មភាពទាំងដែលមិនបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងការងារ និងគ្មានទិសដៅច្បាស់លាស់ ដែលវាបានជះឥទ្ធិពលអាក្រក់ជាច្រើនដល់សហជីពដទៃទៀត ដែលគេបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងការងារ។
លោក ប៉ាវ ស៊ីណា ៖«បច្ចុប្បន្ននេះ យើងសង្កេតឃើញសហជីពខ្លះគាត់ធ្វើសកម្មភាពការងារដោយ ខ្លះមិនទាន់មានបញ្ជីការ ហើយខ្លះទៀតក៏ដើរធ្វើសកម្មភាពតែផ្ដេសតែផ្ដាស ដល់អញ្ចឹងទៅវាបានធ្វើឲ្យប៉ះពាល់ដល់ភាគីសហជីពដទៃទៀត ដែលគេមានច្បាប់ត្រឹមត្រូវ មានសកម្មភាពសហជីពជាក់លាក់»។
ដូចគ្នាដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា គាំទ្រនូវអ្វីដែលរដ្ឋមន្ដ្រីក្រសួងការងារ បានលើកឡើង។ តែសហជីពរូបនេះ មើលឃើញចំណុចពីរ ដាច់ដោយឡែកពីគ្នា ប្រសិនបើរដ្ឋមន្ដ្រីក្រសួងការងារ អនុវត្ដដូចអ្វីដែលលោកបានថ្លែងពិតមែន។ លោកបន្ដថា ជារឿងល្អដែលក្រសួងការងារ ធ្វើបច្ចុប្បន្នភាពលុបចោលសហជីពដែលមានតែឈ្មោះ គ្មានសកម្មភាព និងមិនបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងការងារ។ «តែម្យ៉ាងទៀតខ្ញុំគិតថា គ្រែងឡូគាត់មានចំណង ចង់តាមដានសហជីពទាំងអស់ ដើម្បីពិនិត្យមើលសកម្មភាពមិនអនុវត្ដតាមច្បាប់ថ្មីហ្នឹង ព្រោះច្បាប់ថ្មីវាតឹងណាស់ មិនងាយមានអ្នកណាអនុវត្ដតាមបានទេ។ ឧទាហរណ៍ដូចត្រូវធ្វើរបាយការណ៍ហិរញ្ញវត្ថុ រៀបចំនួនសហជីព ត្រូវរៀបចំសកម្មភាពសហជីពអីផ្សេងៗទៀត និងលក្ខណអីច្រើនណាស់។ ប្រសិនពិនិត្យដល់ចំណុចហ្នឹង មានន័យថា សហជីពឯករាជ្យដូចពួកខ្ញុំ ប្រហែលនឹងរងឥទ្ធិពល នៃការលុបចោលច្រើនមែនទែន បើតាមខ្ញុំពិនិត្យមើល»។
ប្រធានសហភាពការងារកម្ពុជា បានដាក់ក្ដីបារម្ភត្រង់ចំណុចនេះ ដោយលោកសំអាងថា ច្បាប់ស្ដីពីសហជីព ហាក់បានរឹតបន្ដឹងខ្លាំង លើការបំពេញសំណុំបែបបទផ្សេងៗ របស់សហជីពដែលដាក់ទៅកាន់ក្រសួងការងារ។ លោកគិតថា ប្រសិនបើរដ្ឋមន្ដ្រីក្រសួងការងារ លោករឹតបន្ដឹងការអនុវត្ដច្បាប់ស្ដីពីសហជីពនេះពិតមែន នោះក្រុមសហជីពឯករជ្យច្បាស់ជានឹងត្រូវបាត់វត្ដមានជាក់ជាពុំខាន។
គួរជម្រាបថា បើយោងតាមប្រសាសន៍របស់លោក រដ្ឋមន្ដ្រីក្រសួងការងារ សហជីពនៅប្រទេសក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានប្រមាណជាង ៣០០០ ៕