ភ្នំពេញ៖ ទំនៀមទម្លាប់ខ្មែរតាំងពីដើមរៀងមក គឺស្ដ្រីមិនចាំបាច់ មានសកម្មភាព លេចធ្លោរក្នុងកិច្ចការសង្គម ឬរៀនសូត្រអ្វីច្រើនទេ ព្រោះពេលដែលរៀបការហើយ គឺត្រូវមើលកូន ថែផ្ទះ ថែប្ដី។ តែទម្លាប់មួយនេះ សម្រាប់កញ្ញា សាយ សុម៉ាលី យល់ថា មិនត្រឹមត្រូវនោះទេ ព្រោះស្ដ្រីមានសិទ្ធិគ្រប់គ្រាន់ដើម្បីចូលរួមកិច្ចសង្គមនានា បើទោះពួកគាត់រៀបការរួចក៏ដោយ។ ដោយឈរលើទស្សន “បុរសធ្វើអ្វីបាន ស្ដ្រីក៏ធ្វើបាន” កញ្ញា ស៊ាយ សុម៉ាលី បានចំណាយពេលជិត ២០ឆ្នាំ ចូលរួមការងារសង្គមដើម្បីជាគំរូដល់ស្ដ្រីឯទៀត និងបានចងក្រងក្រុមស្ដ្រី ជានិស្សិត បង្កើតជាផ្សារសហគមន៍ខ្មែរ ផ្ដល់ទីផ្សារសម្រាប់កសិករ ដែលដាំបន្លែដោយមិនប្រើជីគីមី។
តទៅនេះ សូមស្ដាប់ជីវៈប្រវត្ដិរបស់កញ្ញា ស៊ាយ សុម៉ាលី ស្ថាបនិកផ្សារសហគមន៍ខ្មែរ ដែលរៀបចំឡើងដោយលោក លៀ ស៊ីណា ដូចតទៅ៖
កញ្ញា ស៊ាយ សុម៉ាលី ជាកូនកសិករមកពីភូមិពោធ៍ ឃុំសំបូរ ស្រុកទ្រាំង ខេត្ដតាកែវ ។ បច្ចុប្បន្នកញ្ញាមានអាយុ ៣៧ឆ្នាំ ជាកូនទី០៤ ក្នុងចំណោមបងប្អូន ប្រុស ស្រី ចំនួន ០៦នាក់ ។ កញ្ញា បានចាប់ផ្ដើមការងារស្ម័ក្រចិត្ដ ដោយធ្វើការនៅតាមអង្គការក្រៅរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ១៩៩៩ ខណៈកញ្ញាអាយុ ១៩ឆ្នាំ ក្នុងគោលបំណង ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ និងធ្វើជាគំរូដល់យុវជនជំនាន់ក្រោយពិសេសបង្ហាញ និងលើកទឹកចិត្ដស្ដ្រី ឲ្យមានភាពក្លាយហាន ចូលប្រឡូកក្នុងការងារសង្គម។ លើសពីនេះ កញ្ញាចង់ឲ្យយុវជន ជំនាន់ក្រោយចាប់ផ្ដើមបង្ហាញសកម្មភាពជួយអភិវឌ្ឍសង្គមជាតិដោយខ្លួនពួកគេផ្ទាល់ ជាជាងរង់ចាំតែរិះគន់ ហើយគ្មានសកម្មភាពខ្លួនឯង។
កញ្ញា ស៊ាយ សុម៉ាលី៖«បើនិយាយពីមនុស្សម្នាក់ៗ បំណងប្រថា្នគឺតែងតែមានរៀងខ្លួន ហើយគ្មាននណាម្នាក់ដែលមិនគិតពីសេចក្ដីសុខរបស់ខ្លួនឯងទេ។ ប៉ុន្ដែអ្វីដែលជាឆន្ទៈ និងឧត្ដមគតិរបស់ខ្ញុំ តាំងពីខ្ញុំដឹងក្ដីមក ខ្ញុំតែងតែស្រមើលស្រម៉ៃគិតថា នៅពេលដែលខ្ញុំរៀនចប់តើខ្ញុំអាចយកចំណេះវិជ្ជាខ្ញុំ ជួយដល់ប្រជាពលរដ្ឋខ្ញុំបានប៉ុណ្ណា! ហើយការលះបង់របស់ខ្ញុំ ខ្ញុំគ្រាន់តែចង់ផ្ដល់គំរូទៅដល់យុវជនជំនាន់ក្រោយ ពិសេសស្ដ្រី សុំឲ្យគាត់មានភាពរឹងមាំ កុំឲ្យគាត់គិតថា គាត់សិក្សាមកពេលដែលគាត់មានគ្រួសារ គាត់មិនដឹងថា គាត់ត្រូវធ្វើអ្វីតទៅទៀត»។
ការប្រឡូកក្នុងកិច្ចការសង្គម គឺពិតណាស់វាមិនងាយស្រួលនោះទេ ព្រោះក្រុមស្ម័ក្រចិត្ដទាំងអស់ត្រូវចេញដំណើរ ពីតំបន់មួយ ទៅតំបន់នមួយ ឆ្លងកាត់ស្ទើរគ្រប់ខេត្ដ មិនថាស្ដ្រី ឬបុរសឡើយ ។ កញ្ញា សុម៉ាលី ត្រូវធ្វើដំណើរពីកន្លែងមួយទៅកាន់កន្លែងមួយដូចគ្នាទៅ នឹងបុគ្គលិក និងអ្នកស្ម័គ្រចិត្ដឯទៀតដែរ ហើយពេលខ្លះកញ្ញាត្រូវសំរាកក្នុងព្រៃ និងពេលខ្លះទៀតត្រូវសំរាកតាមផ្ទះរបស់អ្នកភូមិ នៅទីដាច់ស្រយាល ជាច្រើនសប្ដាហ៍។
មិនថាពីអតីតកាល ឬបច្ចុប្បន្នកាលនេះទេ ស្ដ្រីដែលមិនសូវនៅផ្ទះ ហើយដើរហើរខាងក្រៅដាច់យប់ រាប់ខែថ្ងៃ តែងតែរងការរិះគន់ពីញាតិជិតខាងរបស់ខ្លួន ថា ជាស្ដ្រីមិនល្អ។ សម្រាប់កញ្ញា សាយ សុម៉ាលី ក៏មិនខុសពីស្ដ្រីដទៃទៀតដែរ ដែលជានិច្ចកាល កញ្ញាតែងតែទទួលរងរិះគន់ពីញាតិជិតខាងជាអន្លើ។ សូម្បីតែឪពុក ម្ដាយ និងបង ប្អូន ប្រុស ស្រី របស់កញ្ញា ក៏មិនពេញចិត្ដ នឹងសកម្មភាព របស់កញ្ញាដូចនេះដែរ។ ក៏ប៉ុន្ដែស្ដ្រីវ័យកណ្ដាលរូបនេះ មិនបានយកចិត្ដទុកដាក់នូវអ្វីដែលជាការរិះគន់ ទាំងអស់នោះទេ ដោយកញ្ញាគិតថា ប្រសិនបើកញ្ញាឈប់ព្រោះតែពាក្យរិះគន់ ដែលមិនមែនជាការពិតទាំងអស់នោះ វានឹងធ្វើឲ្យកញ្ញាខាតបង់សកម្មភាពដែលខិតខំកន្លងមក។
កញ្ញា ស៊ាយ សុម៉ាលី ៖«ហើយបំណងរបស់ខ្ញុំចង់បង្ហាញឲ្យពិភពលោកឃើញថា ស្ដ្រីខ្មែរមិនមែនជាស្ដ្រីដែលនៅតែបង្វិលចង្ក្រានមិនជុំទេ។ ស្ដ្រីខ្មែរក៏អាចធ្វើអ្វីៗបានដូចគ្នាដែរ មិនគិតថា លុះត្រាតែស្ដ្រីដែលនៅតំបន់អ៊ឺរ៉ុបបានអាចធ្វើបាន ប៉ុន្ដែស្ដ្រីខ្មែរបានត្រឹមតែនៅជាមេផ្ទះ មិនអញ្ចឹងទេ យើងចង់បង្ហាញឲ្យពិភពលោកឃើញថា គេធ្វើអី្វបានយើងក៏ធ្វើឲ្យបានដូចគ្នា»។
ពាក្យមួយឃ្លា “បុរសធ្វើអ្វីបាន ស្ដ្រីក៏ធ្វើបានដូចគ្នា” គឺបានក្លាយជាពាក្យគន្លឹះរបស់កញ្ញា សុម៉ាលី ដែលយកមកប្រើដើម្បីលើកទឹកចិត្ដខ្លួនឯង នៅរាល់ពេលដែលមានការលំបាកកើតឡើងម្ដងៗ។ កញ្ញា សាយ សុម៉ាលី សង្កត់ធ្ងន់ថា ស្ដ្រីត្រូវធ្វើជាមនុស្សទន់ភ្លន់ តែមិនត្រូវធ្វើជាមនុស្សទន់ជ្រាយនោះទេ។ កញ្ញាបន្ដថា បើទោះជាការងារស្ម័ក្រចិត្ដតាមអង្គការសង្គមស៊ីវិល មានការហត់នឿយ និងលំបាកក្ដី ក៏កញ្ញា មិនមានបំណងបោះបង់ចោលទេ ព្រោះកញ្ញារំពឹងថា នឹងអាចយកចំណេះដឹងដែលខ្លួនមាន ចែកទៅដល់ប្រជាពលរដ្ឋតាមសហគមន៍ ដើម្បីជាប្រយោជន៍ដល់ការប្រកបរបចិញ្ចឹមជីវិតរបស់ពួកគាត់។
កញ្ញា សាយ សុម៉ាលី៖«ខ្ញុំអត់ដែលខ្វល់គិតថា អ្វីដែលខ្ញុំលះបង់ទៅ ខ្ញុំចង់បានការគាំទ្រ ចង់បានការកោតសរសើរ ចង់ឲ្យគេស្គាល់ខ្ញុំច្រើនទេ អ្វីដែលខ្ញុំចង់បានបំផុតគឺឲ្យតែប្រជាពលរដ្ឋខ្មែរ មានភាពរឹងមាំ ចង់ក្រងគ្នាឲ្យកាន់តែរីកចម្រើន»។
ស្ដ្រីវ័យកណ្ដាលរូបនេះ បញ្ជាក់ថា កញ្ញាគ្មានបំណងឈប់ពីការងារសង្គមដែលកំពុងតែធ្វើនាពេលសព្វថ្ងៃនេះទេ ដែល កញ្ញាប្រាប់ថា នឹងបន្ដការងារ ដែលជាក្ដីស្រម៉ៃរបស់ខ្លួនតាំងពីកុមារភាពនេះតទៅមុខ ដោយគ្មានកាលបរិច្ឆេទឈប់សំរាកឡើយ។
ដំណើរជីវិតឆ្លងកាត់ ទាំងក្ដៅ ទាំងត្រជាក់ អស់រយៈពេលជាច្រើនឆ្នាំ ដោយបានឃើញពីផលលំបាករបស់កសិករខ្មែរ តាមសហគមន៍ ពីការបង្កបង្កើនផល និងការរកទីផ្សារសម្រាប់កសិផលធម្មជាតិដោយលំបាក កញ្ញា ស៊ាយ សុម៉ាលី បានចាប់ផ្ដើម រៀបចំចងក្រងជាមួយក្រុមស្ដ្រី ដែលជានិស្សិតក្រីក្រ មកបន្ដការសិក្សានៅភ្នំពេញ បង្កើតជាផ្សារសហគមន៍ខ្មែរ ដើម្បីផ្ដល់ទីផ្សារសម្រាប់កសិករ ក៏ដូចជាផ្ដល់ទីជម្រកសម្រាប់និស្សិតស្ដ្រី ក្រីក្រដែលមកបន្ដការសិក្សានៅភ្នំពេញ។ ផ្សារសហគមន៍ខ្មែរស្ថិតនៅម្ដុំផ្សារស្ទឹងមានជ័យថ្មីរាជធានីភ្នំពេញ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺជាសា្នដៃរបស់កញ្ញា រួមគ្នានឹងស្ដ្រីឯទៀត។
ផ្សារសហគមន៍ខ្មែរនេះ ទទួលយកបន្លែង ផ្លែឈើ ត្រី សាច់ ពីកសិករ ដែលចិញ្ចឹម និងដាំដុះបន្លែ ដោយមិនបានប្រើប្រាស់ជីគីមី។ បន្លែ ត្រី សាច់ ធម្មជាតិរបស់កសិករខ្មែរ ភាគច្រើននាំយកពីខេត្ដជាង ១០ មាននៅ ខេត្ដ តាកែវ កំពង់ស្ពឺ សៀមរាម បាត់ដំបង ប៉ៃលិន កោះកុង កំពត បន្ទាយមានជ័យ ឧត្ដរមានជ័យ រតនគិរី និងខេត្ដផ្សេងៗមួយចំនួនទៀត ដែលភាគច្រើនសុទ្ធសឹងតែជាកសិករក្រីក្រ។
កញ្ញា ស៊ាយ សុម៉ាលី សំណូមពរដល់យុវជនខ្មែរ ពិសេសស្ដ្រី គួរចូលរួមឲ្យបានផុសផុល និងបង្ហាញសកម្មក្នុងការងារ សង្គម ផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីកចម្រើន។ លើសពីនេះកញ្ញា ចង់ឲ្យស្ដ្រីគ្រប់រូប ពង្រឹងភាពក្លាហានរបស់ខ្លួន ហ៊ានបង្ហាញសមត្ថភាពក្នុងសង្គម ដោយត្រូវគិតថា អ្វីដែលបុរសធ្វើបាន ស្ដ្រីក៏ធ្វើបានដូចគ្នា៕