ភ្នំពេញ៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យ បេឡាជាតិសន្តិសុខសង្គមហៅកាត់ថា ប.ស.ស បានឱ្យដឹងថា ស្រ្ដីជាកម្មករ និយោជិត និងបុគ្គលិកបម្រើការងារនៅតាមគ្រឹះស្ថាន សហគ្រាស ក្រុមហ៊ុន លើគ្រប់វិស័យទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ ពី ប.ស.ស ក្រោយសម្រាលកូន ដូចទៅនឹងស្រ្ដីដែលបម្រើការងារនៅក្នុងវិស័យរោចក្រ ឧស្សាហកម្មកាត់ដេរ និងផលិតស្បែកជើងដែរ។
ការលើកឡើងរបស់លោក ជាវ ប៊ុនរិទ្ធ ដូចនេះនៅក្នុងកម្មវិធីថៅកែល្អ កម្មករល្អ លើប្រធានបទ «កម្មការិនីសម្រាលកូន និងអត្ថប្រយោជន៍ពីប.ស.ស.»ដែលមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាអ្នកសម្របសម្រួលនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យ ប.ស.ស រូបនេះ បានបញ្ជាក់ដឹងទៀតបន្ដថា អត្ថប្រយោជន៍ដែលស្រ្ដីកម្មករ និយោជិត និងបុគ្គលិកក្រុមហ៊ុនទទួលបានក្រោយសម្រាលកូន គឺជាកញ្ចប់ថវិកាដែលផ្ដល់ដោយរាជរដ្ឋាភិបាល។
សំឡេង ៖លោក ជាវ ប៊ុនរិទ្ធ
កន្លងមកសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ធ្លាប់បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ ជូនដល់ស្រ្ដីដែលបម្រើការងារក្នុងវិស័យរោងចក្រដេរ សម្រាលកូនមួយទទួលបានថវិកា៤០ម៉ឺនរៀល កូនភ្លោះ(ពីរនាក់) ទទួលបានថវិកា ៨០ម៉ឺនរៀល និងកូនភ្លោះបីនាក់ទទួលបានថវិកា ១លាន ២សែនរៀល។
ដោយឡែក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលក៏បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភលើការសម្រាលកូនជូនមន្រ្ដីរាជការស៊ីវិល នគរបាល និងកងទ័ព ។ក្នុងនោះស្រ្ដីដែលសម្រាលបានកូនមួយនឹងទទួលបានថវិកា ៨០ម៉ឺនរៀល។ រីឯ ស្រ្ដីសម្រាលបានកូនភ្លោះ (ពីរ) នឹងទទួលថវិកា ១លាន ៦សែនរៀល ។ សម្រាប់ស្រ្ដីដែលសម្រាលបានកូនភ្លោះ(បី) នឹងទទួលបាន ២លាន ៤សែនរៀល ។
តាម លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យ ប.ស.ស ដើម្បីអោយបានទទួលអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម លុះត្រាតែស្រ្ដីដែលធ្វើការនៅតាមគ្រឹះស្ថាន សហគ្រាស និងក្រុមហ៊ុនទាំងនោះ បានចុះបញ្ជីទទួលសេវាថែទាំសុខភាព ឬអត្ថប្រយោជន៍ផ្សេងៗទៀតពីប.ស.ស។
តាមរបាយការណ៍សង្ខេបរបស់ប.ស.ស ដែលលោក ជាវ ប៊ុនរិទ្ធិ បានលើកឡើង របបគ្រោះថ្នាក់ការងារដែល ប.ស.ស ចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំ២០០៨ រហូតដល់បច្ចប្បន្ននេះ មានសហគ្រាសដែលបានចុះបញ្ជីជាង ១ម៉ឺនសហគ្រាស និងមានកម្មករនិយោជិត ជាង ១លាននាក់ ។ ដោយឡែក របបថែទាំសុខភាពដែលចាប់ផ្ដើមដំណើរអនុវត្តន៍នៅឆ្នាំ២០១៦ រហូតដល់ពេលបច្ចុប្បន្នមានជាង ១ម៉ឺនសហគ្រាស និងមានកម្មករ ជាង ១លាន ៣សែននាក់។
លោក ជាវ ប៊ុនរិទ្ធ ពន្យល់ថា និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់កម្មករ និយោជិត ក្រៅប្រព័ន្ធ ត្រូវតែអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនទៅចុះបញ្ជី ហើយនិយោជកខ្លួនឯងក៏ត្រូវចុះបញ្ជី ដើម្បីទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល។
ដោយឡែកប្រសិនបើ និយោជក និងម្ចាស់សហគ្រាស ក្រុមហ៊ុនមិនបានធ្វើការទាំងអស់នេះទេ នឹងធ្វើអោយកម្មករបាត់បង់អត្ថប្រយោជន៍ ហើយនិយោជក ខ្លួនឯងនឹងទទួលខុសត្រូវចេញសងទៅដល់បុគ្គលិក កម្មករទាំងអស់។
សំឡេង ៖លោក ជាវ ប៊ុនរិទ្ធ
សូមជម្រាបដែរថា ប.ស.ស គឺជាសេនាធិការអោយរដ្ឋាភិបាលទទួលបម្រើប្រជាពលរដ្ឋទាក់ទងនិងរបបសន្ដិសុខសង្គម ដូចជា ការធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារ បញ្ហាសុខភាព និងផ្ដល់នូវរបបប្រាក់សោធននិវត្តន៍ជាដើម៕