ភ្នំពេញ៖មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងឬCenter of Disease Control and Prevention បានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ខ្លួនអំពីការរីករាលដាលនៃវីរុសផ្តាសាយបក្សីក្នុងទីផ្សារសាច់សត្វបក្សីនៅកម្ពុជា។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Center of Disease Control and Prevention (CDC)បានរកឃើញថាការរីករាលដាលយ៉ាងខ្លាំងនៃវីរុសផ្តាសាយបក្សីប្រភេទA H5 H7 និងH9ផ្ទុកនៅក្នុងសាច់ទាមានរហូតដល់៥១,៣ ភាគរយនិងសត្វមាន់៣៩,៦ភាគរយ។វីរុសផ្តាសាយបក្សី H5និងH9មានផ្ទុកនៅក្នុងសាច់សត្វទា០,៨ភាគរយនិង៤,៥ភាគរយក្នុងសត្វមាន់។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង(CDC)បន្ថែមថាវីរុសផ្តាសាយបក្សីរីករាលដាលខ្លាំងលើបក្សីរស់ដាក់លក់ក្នុងទីផ្សារកម្ពុជានៃវីរុសផ្តាសាយបក្សី H5N1។វីរុសផ្តាសាយបក្សីមានកម្រិតទាបប្រភេទA (H7N9)និង(H9N2)ក៏កំពុងគំរាមកំហែងដល់សុខភាពសាធារណៈជាសកលដែលឥទ្ធពលវីរុសនេះឆ្លងមកមនុស្សនៅពេលអ្នកជំងឺប៉ះពាល់បក្សីផ្ទាល់មានផ្ទុកជំងឺផ្តាសាយបក្សី។
លោកវេជ្ជបណ្ឌិត លី សូវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆំាងជំងឺឆ្លងនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍បាយ័នកាលពីថ្មីៗនេះដោយសម្តែងការព្រួយបារម្ភថាប្រសិនបើវីរុសផ្តាសាយបក្សី H5N1ឆ្លងមនុស្សគឺវាវិវដ្តទៅជាធ្ងន់ធ្ងរលឿនរហ័ស។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថាជំងឺផ្តាសាយបក្សីប្រភេទ H7N9ដែលផ្ទុះឡើងនៅលើសត្វបក្សីនៅប្រទេសចិនងាយឆ្លងមកមនុស្ស។ប៉ុន្តែជំងឺផ្តាសាយបក្សី ប្រភេទH7N9 មិនទាន់កើតមាននៅកម្ពុជានោះទេ។«វីរុស H5N1ជាមេរោគមួយដែលយើងព្រួយបារម្ភអំពីការឆ្លងព្រោះការឆ្លងទៅអាចវិវត្តធ្ងន់ធ្ងរលឿនហើយនឹងផ្តាសាយបក្សីកំពុងកើតលើបក្សីនៅប្រទេសចិនគឺ H7N9 សត្វបក្សីអាចភាគច្រើនមិនចេញរោគសញ្ញាប៉ុន្តែងាយឆ្លងមកមនុស្ស។ប៉ុន្តែរហូតមកដល់ម៉ោងនេះយើងធ្វើការតាមដានសុខភាពមនុស្សយើងពុំទាន់រកឃើញថាមានចម្លងនូវប្រភេទផ្តាសាយបក្សីដែលកំបុងផ្ទុះ នៅប្រទេសចិននោះទេ។»
កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនជាង១៥លាននាក់ក្នុងនោះប្រជាជនប្រមាណ៧៣ភាគរយពឹងផ្អែកលើវិស័យកសិកម្មក្នុងជីវភាពប្រចាំថ្ងៃ។គេប៉ាន់ប្រមាណថាកម្ពុជាមានទាប្រមាណ៨លានក្បាលនិងសត្វមាន់១៨លានក្បាលនាពេលបច្ចុប្បន្ននេះ។
ការសិក្សាមួយរបស់មជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង(CDC)ដែលបានតាមដានការលក់បក្សីរស់នៅក្នុងទីផ្សារកម្ពុជាបង្ហាញឲ្យឃើញថាអត្រាខ្ពស់បំផុតនៃវិរុសផ្តាសាយបក្សី ក្នុងស្រុង ក៏មានឥទ្ធិពលដូចបសុបក្សីជាសកលលោកដែរ។
ក្រុមជំនាញនៃមជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងបានធ្វើការពិសោធន៍សំណាកចំនួន៩៤០គឺក្នុងនោះសំណាកសត្វមាន់និងសត្វទា៣៧៦សំណាកនិងសំណាក១៨៨ពីលាមកសត្វបក្សីក៏ត្រូវបានពិសោធន៍រកវិរុសផ្តាសាយបក្សីដោយ រកឃើញថាសាច់សត្វមាន់ផ្ទុកវីរុសផ្តាសាយបក្សី៣៩,៦ ភាគរយសាច់ទា៥១,៣ ភាគរយនិងក្នុងលាមកបក្សីមានរហូត៩៣,១ភាគរយ។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង(CDC)រកឃើញវិរុសផ្តាសាយបក្សី H5មាននៅក្នុងសាច់មាន់១៦,៨ភាគរយ សាច់ទា២០,៥ភាគរយនិង៧៦,៦ភាគរយក្នុងលាមកសត្វបក្សី។ វិរុសផ្តាសាយបក្សី H7 មាន០,៥ភាគរយក្នុងសាច់មាន់ ១,១ភាគរយក្នុងសាច់ទានិង២,១ភាគរយក្នុងលាមកបក្សី។ចំណែកវីរុសផ្តាសាយបក្សី H9ផ្ទុកក្នុងសាច់មាន់១០,៩ភាគរយ ១,១ភាគរយ ក្នុងសាច់ទានិងក្នុងលាមកសត្វបក្សី៤០,៤ភាគរយ។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងបង្ហោះនៅថ្ងៃទី១០ធ្នូ បានឲ្យដឹងថាជំងឺផ្តាសាយបក្សីH5N1បានផ្ទុះឡើងមួយករណីស្ថិតនៅ ស្រុកព្រៃឈរ និងស្រុកចំការលើខេត្តកំពង់ចាមនិងស្រុកស្ទោងខេត្តកំពង់ធំ។ទោះបីយ៉ាងណាមជ្ឈមណ្ឌលនេះ អះអាងថាករណីជំងឺផ្តាសាយបក្សីមិនទាន់ឆ្លងមកមនុស្សទេ។
ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសកម្ពុជាធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីស្លាប់ ។ក្នុងឆ្នាំ ២០១៣ ជំងឺផ្តាសាយបក្សីឆ្លងមកមនុស្ស ២៦ករណី ក្នុងនោះមាន ១៤ករណីស្លាប់ និងឆ្នាំ២០១៤ ជំងឺផ្តាសាយបក្សីមាន៩ករណីក្នុងនោះ៤ករណីស្លាប់។
ជំងឺផ្តាសាយបក្សីH5N1មានរោគសញ្ញាគ្រុនក្តៅលើសពី៣៨អង្សារសេ ក្អកឈឺក ដកដង្ហើម ហត់បន្ទាប់ពីមានប្រវត្តិប៉ះពាល់ផ្ទាល់ជាមួយបក្សីឈឺឬងាប់អំឡុងពេល៧ថ្ងៃមុនចេញរោគសញ្ញា។បើមានករណីសង្ស័យត្រូវបញ្ចូនអ្នកជំងឺទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យជិតបំផុតដើម្បី ទទួលបានការព្យាបាល។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់អំពីការឆ្លងជំងឺនេះ ជាពិសេសក្នុងពិធីបុណ្យផ្សេងៗ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ដោយមិនត្រូវយកសត្វមាន់ ទា ឬសត្វបក្សីឈឺ ឬងាប់ មកធ្វើជាម្ហូបអាហារឬលក់បន្ដនោះទេដោយត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់មន្ដ្រីជំនាញ នៅក្នុងករណីមានសត្វមាន់ សត្វទា ឈឺ ងាប់ជាបន្ដបន្ទាប់៕