ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែមករានេះអាជ្ញាធរខ័ណ្ឌ ៧មករា បានចុះមករុះរើព្រមទាំងជួយដឹកជញ្ជូនសម្ភារៈពលរដ្ឋបុរីកីឡា ចំនួន៩ គ្រួសារក្នុងចំណោម ១៧គ្រួសារដែលយល់ព្រមទៅរស់នៅភូមិអណ្តូង ជាថ្នូរនៃការចាកចេញពីលើអគារដែលពួកគេកំពុងជ្រកកោនក្រោយការបណ្តេញចេញទាំងបង្ខំកាលពីឆ្នាំ២០១១នោះ។
ទិដ្ឋភាពនៃសកម្មភាពចុះជួយរុះរើសម្ភារៈរបស់ពលរដ្ឋបុរីកីឡានៅថ្ងៃនេះ គេសង្កេតឃើញថា បានប្រពឹត្តិយ៉ាងរលូត ចំណែកពលរដ្ឋដែលទទួលបានសំណងដោះដូរទៅរស់នៅភូមិអណ្តូងវិញបានបង្ហាញទឹកមុខរីករាយ។ តែយ៉ាងណា ក្រុមប្រជាពលរដ្ឋដែលព្រមទទួលសំណងនេះបានប្រាប់វិទ្យុដោយលួចលាក់ថា ពួកគាត់ព្រមទទួលសំណងនេះ ក៏ព្រោះពួកគេគ្មានជម្រើសអ្វីដែលល្អជាងនេះ បើទោះបីដឹងថា លំនៅឋាននៅភូមិអណ្តូងពិបាកក្នុងការប្រកបរបបរកស៊ី ឆ្ងាយពីសាលាកូនរៀន និងកន្លែងធ្វើការងារក្តី។
ក្នុងសកម្មភាពចុះជួយរុះរើនិងដឹកជញ្ជូនសម្ភារៈរបស់ពលរដ្ឋថ្ងៃនេះ គេកត់សម្គាល់ឃើញថា អាជ្ញាធរបានសង់ជារបងឥដ្ឋិព័ន្ធបិទបន្ទប់គ្រួសារទាំង ៩ នោះភ្លាមៗតែម្តង។ មន្ត្រីដែលសូមមិនបញ្ចេញឈ្មោះបានប្រាប់វិទ្យុស្រ្តីថា ការសង់បិទជិតនេះព្រោះជៀសវាងពួកគាត់ត្រឡប់មករស់នៅផ្ទះរបស់ពួកគេវិញ។
អ្វីជាការកត់សម្គាល់ពិសេសនោះ គឺអាជ្ញាធរមិនព្រមផ្តល់ព័ត៌មានដល់អ្នកស្រ្តីព័ត៌មានវិទ្យុស្រ្តីឡើយ ដោយសំអាងថា គ្មានបញ្ជាពីថ្នាក់លើ។ ជាងនេះទៀត អាជ្ញាធរបានហាមឃាតអ្នកសារព័ត៌មានមិនឱ្យផ្តិតយករូបភាព និងសម្ភាសន៍ពលរដ្ឋឡើយ។
វិទ្យុស្រ្តីបានទាក់ទងសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ តែលោកតបថាជាប់រវល់ប្រជុំ។
សូមបញ្ជាក់ថា ពលរដ្ឋបុរីកីឡាចំនួន ១១ គ្រួសារកំពុងបន្តដាក់ញាត្តិទាមទារសំណង២ម៉ឺន ៥ពាន់ដុល្លារជាថ្នូរនៃការចាកចេញ។ តាមតំណាងពលរដ្ឋទាំង ១១ គ្រួសារនេះបានឱ្យដឹងថា អាជ្ញាធរខ័ណ្ឌ ៧ មករាកាលពីពេលថ្មីនេះ បានចរចាជាមួយក្រុមប្រជាពលរដ្ឋដោយផ្តល់ថវិកាចំនួន ១ម៉ឺន ៥ពាន់ដុល្លារ តែពលរដ្ឋពុំទាន់ទទួលយក។ យ៉ាងក្រុមប្រជាពលរដ្ឋទាំង ១១គ្រួសារបង្ហាញជំហរថា ប្រសិនអាជ្ញាធរអាចផ្តល់ថវិកាចន្លោះ ២ម៉ឺនដុល្លារពួកគាត់អាចពិចារណាទទួលយក។
តាមប្រជាពលរដ្ឋ និងមន្រ្តីសង្គមស៊ីវិលមូលហេតុនៃជម្លោះដ៏រុំារ៉ៃក្នុងតំបន់បុរីកីឡា កើតឡើងដោយសារភាគីក្រុមហ៊ុន ផាន អ៊ីម៉ិច មិនបានសង់អាគារចំនួន១០ តបតាមការសន្យា ពោលគឺក្រុមហ៊ុនសង់បានតែ ៨ អគារតែប៉ុណ្ណោះ។ តែយ៉ាងណាក្រោមរដ្ឋបាលនៃសាលារាជធានីភ្នំពេញ បញ្ហាស្មុកស្មាញនៃតំបន់បុរីកីឡានេះ ត្រូវបានដោះស្រាយដោយសន្តិវិធី និងជាបន្តបន្ទាប់ផងដែរ៕