ក្រោយពេលលោក ហង់ ជួនណារ៉ុន បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា គេសង្កេតឃើញថា មានកំណែ ទម្រង់មួយចំនួនក្នុងវិស័យអប់រំ។ ជាក់ស្ដែង គឺការរៀបចំដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ ដោយរឹតបន្ដឹងទាំងការគ្រប់គ្រងវិញ្ញាសា និងទាំងដំណើរការប្រឡង ដែលគ្មានអំពើពុករលួយ គ្មានការលួចចម្លងផ្សេងៗ។
ថ្វីបើការប្រឡងនៅឆ្នាំ២០១៤ មានការរិះគន់ជាច្រើនថា ក្រសួងធ្វើកំណែទម្រង់លឿនពេក ក៏ការប្រឡងនៅឆ្នាំ២០១៥នេះ បានទទួលការគាំទ្រជាច្រើនផងដែរ ហើយមានការរំពឹងថា វិស័យអប់រំនៅកម្ពុជា នឹងមានគុណភាពឡើងវិញ។ តាមរយៈការរឹតបន្តឹងការប្រឡងនេះ អំណេះតទៅ តើវិស័យអប់រំពិតជានឹងប្រសើរជាលំដាប់ ឬយ៉ាងណា?
ក្នុងចំណោមប្រជាពលរដ្ឋទូទៅដែលយកចិត្តទុកដាក់នឹងវិស័យអប់រំ សិស្ស និស្សិត មន្ត្រីរាជការ ពិតជាមានការភ្ញាក់ផ្អើល ចំពោះការរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិនៅឆ្នាំ២០១៤ ក្រោយពេលលោកហង់ ជួនណារ៉ុន បានចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំជាលើកដំបូង ដែលកាលនោះ មានសិស្សប្រឡងជាប់ត្រឹមតែជាង ២៥% ប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ២០១៥នេះ មានសិស្សប្រឡងជាប់រហូតដល់ទៅជិត៥៦% ។
ចំនួនសិស្សដែលប្រឡងជាប់ច្រើននេះ អាចបណ្ដាលពីកត្តាពីរយ៉ាង គឺទី១ សិស្សខិតខំរៀនជាងមុន ព្រោះឃើញថា កាលពីឆ្នាំទៅ ក្រសួងបានរឹតបន្តឹងការប្រឡងពិតប្រាកដ ទី២ អាចដោយសារថា ក្រសួងបន្ធូរកម្រិតវិញ្ញាសាឲ្យងាយជាងឆ្នាំទៅ ។
យ៉ាងនេះក្ដី តាមការសង្កេត ក្នុងអាណត្តិលោករដ្ឋមន្ត្រី កុល ផេង និង លោក អ៊ឹម សុទ្ធី សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិមានរហូតដល់ប្រមាណ៩០%។
គេគិតថា សិស្សប្រមាណ១០% ដែលប្រឡងមិនជាប់ អាចជាសិស្សយ៉ាប់បំផុត ដូចជាប្រភេទសិស្សគេចសាលា ឬសិស្សសូកពិន្ទុឬវត្តមានជាដើម។ លើសពីនេះ កាលណោះ មានមាត់ចាបមាត់ព្រាបថា អ្នកមានលុយ គេហ៊ានសូកលុយដើម្បីឲ្យកូនគេ អាចជាប់សញ្ញាបត្រទុតិយភូមិដោយស្វ័យប្រវត្តិផងដែរ ដោយគ្រាន់តែទៅចូលរួមប្រឡងគ្រាន់តែដើម្បីគម្រប់កិច្ច។
ជាមួយគ្នា នៅសម័យនោះ ក៏មានលេចឮដែរថា ទិដ្ឋភាពក្នុងថ្នាក់ប្រឡង សិស្សចម្លងតៗគ្នា ឯគ្រូអនុរក្សមួយចំនួនធ្វើចម្លើយលក់ក្នុងថ្នាក់ ឆ្លងថ្នាក់ ខណៈប្រធានមណ្ឌល អនុប្រធានមណ្ឌលមួយចំនួនក៏បានចូលរួមក្នុងសកម្មភាពទាំងនេះដែរ។
ទស្សនៈមួយលើកឡើងថា ពេលប្រឡងបាក់ឌុបម្ដងៗ គឺជារដូវបុណ្យភ្ជុំបិណ្ឌរបស់គ្រូបង្រៀន ។ មជ្ឈដ្ឋានទូទៅចាត់ទុកថា អំពើពុករលួយក្នុងពេលរៀន ពេលបង្រៀន និងពេលប្រឡង បានធ្វើឲ្យគុណភាពវិស័យអប់រំនៅកម្ពុជាធ្លាក់ចុះរកថ្លៃពុំបាន។ ក៏មានការសន្និដ្ឋានថាដោយសារអំពើពុករលួយនោះហើយ ទើបយុវជនកម្ពុជារៀនចប់បរិញ្ញាបត្រ ក្នុងមួយឆ្នាំៗមានប្រមាណតែជាង២០%ប៉ុណ្ណោះ ដែលអាចទទួលបានការងារពីជំនាញដែលបានសិក្សា។
យ៉ាងនេះក្ដី មានមនុស្សតិចតួច ដែលហ៊ានជីករកឫសគល់នៃអំពើពុករលួយក្នុងវិស័យអប់រំ ដោយគេថា ប្រាក់ខែតិចតួចចាយមិនគ្រប់ ជាដើមហេតុចម្បងនៃអំពើពុករលួយនោះ ។
ក្រឡេកមកបច្ចុប្បន្នវិញ តើការរឹតបន្តឹងការប្រឡងរបស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ពិតជាអាចស្ដារគុណភាពអប់រំនៅកម្ពុជាឲ្យប្រសើរមែនឬយ៉ាងណា?
ការប្រឡងបាក់ឌុបទាំងពីរឆ្នាំនេះ អាចចាត់ទុកបានថា ជាជោគជ័យមួយរបស់ក្រសួងអប់រំ ក្រោមការដឹកនាំ របស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន។ ការប្រឡងជាប់ដោយសមត្ថភាពរបស់បេក្ខជន គឺជាជោគជ័យដែលលោករដ្ឋមន្ត្រីអាចបំបាក់ផ្នត់គំនិត «មានលុយជាប់ ចម្លងគេក៏ជាប់» ដោយជំនួសមកវិញនូវពាក្យថា «ចេះគឺជាប់»។
ប៉ុន្តែការរឹតបន្តឹងការប្រឡងនេះ គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ មិនមែនមានន័យថា ជាជោគជ័យនៃវិស័យអប់រំនៅកម្ពុជានោះទេ។ អ្នកវិភាគយល់ថា ដើម្បីទទួលបានជោគជ័យលើវិស័យសិក្សាធិការ ឲ្យបានស្មើមុខស្មើមាត់នឹងប្រទេសក្នុងតំបន់អាស៊ាននេះ គឺកម្ពុជាត្រូវក្រឡេកមើល និងយកចិត្តទុកដាក់លើការសិក្សាឲ្យបានប្រហាក់ប្រហែលគេដែរ។ កត្តាត្រូវយកទុកដាក់ នឹងត្រូវឲ្យដំណើរការគឺ៖
១.ធនធានសម្ភារៈ : មិនត្រឹមតែការបង្កើតឲ្យមានអគារសិក្សាគ្រប់ទីកន្លែងព្រោងព្រាតនោះទេ ប៉ុន្តែក្រសួងត្រូវធានាថា តាមសាលាត្រូវមានសម្ភារៈឧបទ្ទេសគ្រប់គ្រាន់សម្រាប់រៀន និងបង្រៀនទៅតាមកម្រិត គ្រប់មុខវិជ្ជាសិក្សា។ ត្រូវមានបន្ទប់ និងសម្ភារៈពិសោធន៍ ដើម្បីឲ្យសិស្សបានអនុវត្តជាក់ស្ដែង។ សៀវភៅសិក្សាគោល ត្រូវមានគ្រប់ចំនួន និងប្រកបដោយគុណភាព ឆ្លងកាត់ការត្រួតពិនិត្យដោយយកចិត្តទុកដាក់ត្រឹមត្រូវ មុននឹងបោះពុម្ពផ្សាយ។
២.ធនធានមនុស្ស : ក្រសួងអប់រំត្រូវធានាថា បណ្ដុះបណ្ដាលគ្រូបង្រៀនឲ្យមានគុណភាពប្រកបដោយជំនាញវិជ្ជាជីវៈ បំប៉នចំណេះដឹង និង អភិវឌ្ឍសមត្ថភាពគ្រូបង្រៀនដែលមានស្រាប់ ក្នុងការផ្ទេរចំណេះដឹងទៅឲ្យសិស្ស និងមានលក្ខណៈនិរន្តរភាព។
៣.កត្តាជំរុញសំខាន់ៗផ្សេងទៀត
-ក្រសួង ឬសាលា ត្រូវរៀបចំឲ្យមានទស្សនកិច្ចសិក្សាក្រៅសាលា ឬតំបន់មួយចំនួនដែលទាក់ទងនឹងមេរៀនសិក្សា ឬទស្សនកិច្ចសិក្សាប្ដូរបទពិសោធរវាងសាលានិងសាលា ឬក្រៅប្រទេស
-តាមសាលា ត្រូវរៀបចំឲ្យមានបណ្ណាល័យស្រាវជ្រាវ សម្រាប់សិស្ស និងគ្រូ និងធានាថា បណ្ណាល័យមានដំណើរការ សកម្មភាព មិនមែនសៀវភៅនៅថ្មីពោរពេញដោយធូលីដីនោះទេ
-មានវិធានការតាមដានការអនុវត្តវិធីសាស្ត្ររៀន និងបង្រៀន ឲ្យបានសមស្របតាមបច្ចេកទេស
ឬវិធីសាស្ត្រដែលមានប្រសិទ្ធភាព
-រៀបចំឲ្យមានការលើកទឹកចិត្តផ្សេងៗចំពោះគ្រូបង្រៀនឆ្នើម សិស្សឆ្នើមដោយសុក្រិត
-ទទួលយក និងបណ្ដុះបណ្ដាលឲ្យអាចទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាទំនើបរបស់ពិភពលោក
-ត្រូវធានាថា បៀវត្សគ្រូបង្រៀន អាចរស់នៅបានសមរម្យថ្លៃថ្នូរ មិនចាំបាច់ចេញទៅរត់ម៉ូតូឌុប លក់នំ លក់ក្រដាសមេរៀន និងប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពផ្សេងៗ
-ត្រូវធានាថា លុបបំបាត់អំពើពុករលួយគ្រប់រូបភាពក្នុងសាលា និងវិស័យអប់រំនេះ ព្រោះអំពើពុករលួយ ជាឫសគល់សំខាន់មួយដែរ ធ្វើឲ្យសិស្សខ្ជិលរៀន បាត់បង់ជំនឿចិត្តលើការសិក្សា និងដាក់ទោសរដ្ឋបាល ឬព្រហ្មទណ្ឌទៅតាមកម្រិតកំហុស ឬល្មើសរបស់បុគ្គលិកសិក្សា គ្រូបង្រៀន។
បើអាចធ្វើដូច្នេះបាន វិស័យអប់រំនៅកម្ពុជា អាចនឹងស្មើមុខស្មើមាត់នឹងវិស័យអប់រំក្នុងបណ្ដាប្រទេសអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕