en     km
en     km

បទ​វិភាគ៖​​ «​វិស័យ​អប់រំ​នៅ​កម្ពុជា​»

Share

Logo Cropped 2ក្រោយ​ពេល​លោក​ ហង់​ ជួនណា​រ៉ុ​ន​ បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ គេ​សង្កេត​ឃើញ​ថា​ មាន​កំណែ ទម្រង់​​មួយ​ចំនួន​ក្នុង​វិស័យ​អប់រំ​។ ​ជាក់ស្ដែង​ គឺ​ការ​រៀបចំ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ ដោយ​រឹត​បន្ដឹង​ទាំង​ការ​គ្រប់គ្រង​វិញ្ញាសា​ និង​​ទាំង​ដំណើរការ​ប្រឡង​ ដែល​គ្មាន​អំពើ​ពុក​រលួយ​ គ្មាន​ការ​លួច​ចម្លង​ផ្សេងៗ​។​

​ថ្វីបើ​ការ​ប្រឡង​នៅ​ឆ្នាំ​២០១៤​ មានការ​រិះគន់​ជា​ច្រើន​ថា​ ក្រសួង​ធ្វើ​កំណែទម្រង់​លឿន​ពេក​ ក៏​ការ​ប្រឡង​នៅ​ឆ្នាំ​២០១៥​នេះ​ បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ផង​ដែរ​ ហើយ​មានការ​រំពឹង​ថា​ វិស័យ​អប់រំ​នៅ​កម្ពុជា​ នឹង​មានគុណ​ភាព​ឡើង​វិញ​។​ តាម​រយៈ​ការ​រឹត​បន្តឹង​ការ​ប្រឡង​នេះ​ អំណេះ​តទៅ​ តើ​វិស័យ​អប់រំ​ពិតជា​នឹង​ប្រសើរ​ជា​លំដាប់​ ឬ​យ៉ាងណា​?​

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ​ដែល​យកចិត្តទុកដាក់​នឹង​វិស័យ​អប់រំ​ សិស្ស​ និស្សិត​ មន្ត្រីរាជការ​ ពិតជា​មានការ​ភ្ញាក់ផ្អើល​ ចំពោះ​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៤​ ក្រោយ​ពេល​លោក​ហង់​ ជួនណា​រ៉ុ​ន​ បាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់​រំជា​លើក​ដំបូង​ ដែល​កាលនោះ​ មាន​សិស្ស​ប្រឡង​ជាប់​ត្រឹមតែ​ជាង​ ២៥%​ ប៉ុណ្ណោះ​។​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៥​នេះ​ មាន​សិស្ស​ប្រឡង​ជាប់​រហូត​ដល់​ទៅ​ជិត​៥៦%​ ។​

​ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​ច្រើន​នេះ​ អាច​បណ្ដាល​ពី​កត្តា​ពីរ​យ៉ាង​ គឺ​ទី​១​ សិស្ស​ខិតខំ​រៀន​ជាង​មុន​ ព្រោះ​ឃើញ​ថា​ កាលពី​ឆ្នាំទៅ​ ក្រសួង​បាន​រឹត​បន្តឹង​ការ​ប្រឡង​ពិតប្រាកដ​ ទី​២​ អាច​ដោយសារ​ថា​ ក្រសួង​បន្ធូរ​កម្រិត​វិញ្ញាសា​ឲ្យ​ងាយ​ជាង​ឆ្នាំទៅ​ ។​
​យ៉ាងនេះ​ក្ដី​ តាម​ការ​សង្កេត​ ក្នុង​អាណត្តិ​លោក​រដ្ឋមន្ត្រី​ កុ​ល​ ផេង​ និង​ លោក​ អ៊ឹម​ សុ​ទ្ធី​ សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​មាន​រហូត​ដល់​ប្រមា​ណ​៩០%​។​

​គេ​គិត​ថា​ សិស្ស​ប្រមាណ​១០%​ ដែល​ប្រឡង​មិន​ជាប់​ អាច​ជា​សិស្ស​យ៉ាប់​បំផុត​ ដូច​ជា​ប្រភេទ​សិស្ស​គេច​សាលា​ ឬ​សិស្ស​សូក​ពិន្ទុ​ឬ​វត្តមាន​ជាដើម​។​ លើស​ពី​នេះ​ កាល​ណោះ​ មាន​មាត់ចាបមាត់ព្រាប​ថា​ អ្នកមាន​លុយ​ គេ​ហ៊ាន​សូក​លុយ​ដើម្បី​ឲ្យ​កូន​គេ​ អាច​ជាប់​សញ្ញាបត្រ​ទុ​តិ​យ​ភូមិ​​​ដោយ​ស្វ័យ​ប្រវត្តិ​ផង​ដែរ​ ដោយ​គ្រាន់តែ​ទៅ​ចូលរួម​ប្រឡង​គ្រាន់តែ​ដើម្បី​គម្រប់​កិច្ច​។​

​ជាមួយ​គ្នា​ នៅ​សម័យ​នោះ​ ក៏​មាន​លេចឮ​ដែរ​ថា​ ទិដ្ឋភាព​ក្នុង​ថ្នាក់​ប្រឡង​ សិស្ស​ចម្លង​តៗ​គ្នា​ ឯ​គ្រូ​អនុរក្ស​មួយ​ចំនួន​ធ្វើ​ចម្លើយ​លក់​ក្នុង​ថ្នាក់​ ឆ្លង​ថ្នាក់​ ខណៈ​ប្រធាន​មណ្ឌល​ អនុប្រធាន​មណ្ឌល​មួយ​ចំនួន​ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​ទាំងនេះ​ដែរ​។​

​ទស្សនៈ​មួយ​លើក​ឡើង​ថា​ ពេល​ប្រឡង​បាក់​ឌុ​ប​ម្ដងៗ​ គឺជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​របស់​គ្រូបង្រៀន​ ។​ មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា​ អំពើ​ពុក​រលួយ​ក្នុង​ពេល​រៀន​ ពេល​បង្រៀន​ និង​ពេល​ប្រឡង​ បាន​ធ្វើ​ឲ្យ​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា​ធ្លាក់​ចុះ​រក​ថ្លៃ​ពុំ​បាន​។​ ក៏​មានការ​សន្និដ្ឋាន​ថា​ដោយ​សារ​អំពើ​ពុក​រលួយ​នោះ​ហើយ​ ទើប​យុវជន​កម្ពុជា​រៀន​ចប់​បរិញ្ញាបត្រ​ ក្នុង​មួយ​ឆ្នាំៗ​មាន​ប្រមាណ​តែ​ជាង​២០%​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​បាន​ការ​ងារ​ពី​ជំនាញ​ដែល​បាន​សិក្សា​។​

) ថ្ងៃប្រឡងទី ២ សិស្សានុសិស្សកំពុងធ្វើវិញ្ញាសាទី៣ គណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥
ថ្ងៃប្រឡងទី ២ សិស្សានុសិស្សកំពុងធ្វើវិញ្ញាសាទី៣ គណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥

​យ៉ាងនេះ​ក្ដី​ មាន​មនុស្ស​តិចតួច​ ដែល​ហ៊ាន​ជីក​រក​ឫសគល់​នៃ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ​ ដោយ​គេ​ថា​ ប្រាក់​ខែ​តិចតួច​ចាយ​មិន​គ្រប់​ ជា​ដើម​​ហេតុ​ចម្បង​នៃ​អំពើ​ពុក​រលួយ​នោះ​ ។​

​ក្រឡេក​មក​បច្ចុប្បន្ន​វិញ​ តើ​ការ​រឹត​បន្តឹង​ការ​ប្រឡង​របស់​លោក​រដ្ឋមន្ត្រី​ ហង់​ ជួនណា​រ៉ុ​ន​ ពិតជា​អាច​ស្ដារ​គុណភាព​អប់រំ​នៅ​កម្ពុជា​ឲ្យ​ប្រសើរ​មែនឬ​យ៉ាងណា​?

​ការ​ប្រឡង​បាក់​ឌុ​ប​ទាំង​ពីរ​ឆ្នាំ​នេះ​ អាច​ចាត់​ទុក​បាន​ថា​ ជា​ជោគជ័យ​មួយ​របស់​ក្រសួង​អប់រំ​ ក្រោម​ការ​ដឹកនាំ​ របស់​លោក​រដ្ឋមន្ត្រី​ ហង់​ ជួនណា​រ៉ុ​ន​។​ ការ​ប្រឡង​ជាប់​ដោយ​សមត្ថភាព​របស់​បេក្ខជន​ គឺជា​ជោគជ័យ​ដែល​លោក​រដ្ឋមន្ត្រី​អាច​បំបាក់​ផ្នត់គំនិត​ «​មាន​លុយ​ជាប់​ ចម្លង​គេ​ក៏​ជាប់​»​ ដោយ​ជំនួស​មក​វិញ​នូវ​ពាក្យ​ថា​ «​ចេះ​គឺ​ជាប់​»​។​

​ប៉ុន្តែ​ការ​រឹត​បន្តឹង​ការ​ប្រឡង​នេះ​ គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ មិនមែន​មាន​ន័យ​ថា​ ជា​ជោគជ័យ​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​នោះ​ទេ​។​ អ្នកវិភាគ​យល់​ថា​ ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​សិក្សាធិការ​ ឲ្យ​បាន​ស្មើមុខស្មើមាត់​នឹង​ប្រទេស​​ក្នុង​តំបន់​អាស៊ាន​នេះ​ គឺ​កម្ពុជា​ត្រូវ​ក្រឡេក​មើល​ និង​យកចិត្តទុកដាក់​លើ​ការ​សិក្សា​ឲ្យ​បាន​ប្រហាក់ប្រហែល​គេ​ដែរ​។​ កត្តា​ត្រូវ​យក​ទុកដាក់​ នឹង​ត្រូវ​ឲ្យ​ដំណើរការ​គឺ​៖

១.​ធនធាន​សម្ភារៈ​ :​ មិន​ត្រឹមតែ​ការ​បង្កើត​ឲ្យ​មាន​អគារសិក្សា​គ្រប់​ទីកន្លែង​ព្រោងព្រាត​នោះ​ទេ​ ប៉ុន្តែ​ក្រសួង​ត្រូវ​ធានា​ថា​ តាម​សាលា​ត្រូវ​មាន​សម្ភារៈ​ឧបទ្ទេស​គ្រប់គ្រាន់​សម្រាប់​រៀន​ និង​បង្រៀន​ទៅ​តាម​កម្រិត​ គ្រប់មុខ​វិជ្ជា​សិក្សា​។​ ត្រូវ​មាន​បន្ទប់​ និង​សម្ភារៈ​ពិសោធន៍​ ដើម្បី​ឲ្យ​សិស្ស​បាន​អនុវត្ត​ជាក់ស្ដែង​។​ សៀវភៅ​សិក្សា​គោល​ ត្រូវ​មាន​គ្រប់​ចំនួន​ និង​ប្រកបដោយ​គុណភាព​ ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់​ត្រឹមត្រូវ​ មុន​នឹង​បោះពុម្ពផ្សាយ​។​

២.​ធនធានមនុស្ស​ :​ ក្រ​សួ​ង​​អប់រំ​ត្រូវ​ធានា​ថា​ បណ្ដុះបណ្ដាល​គ្រូបង្រៀន​ឲ្យ​មានគុណ​ភាព​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ បំប៉ន​ចំណេះដឹង​ និង​ អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​ដែល​មាន​ស្រាប់​ ក្នុង​ការ​ផ្ទេរ​ចំណេះដឹង​ទៅ​ឲ្យ​សិស្ស​ និង​មាន​លក្ខណៈ​និរន្តរភាព​។​

៣.​កត្តា​ជំរុញ​សំខាន់ៗ​ផ្សេង​ទៀត​
-​ក្រសួង​ ឬ​សាលា​ ត្រូវ​រៀបចំ​ឲ្យ​មាន​ទស្សនកិច្ច​សិក្សា​ក្រៅ​សាលា​ ឬ​តំបន់​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​មេរៀន​សិក្សា​ ឬ​ទស្សនកិច្ច​សិក្សា​ប្ដូរ​បទ​ពិសោធ​រវាង​សាលា​និង​សាលា​ ឬ​ក្រៅប្រទេស​
-​តាម​សាលា​ ត្រូវ​រៀបចំ​ឲ្យ​មាន​បណ្ណាល័យ​ស្រាវជ្រាវ​ សម្រាប់​សិស្ស​ និង​គ្រូ​ និង​ធានា​ថា​ បណ្ណាល័យ​មានដំណើរ​ការ​ សកម្មភាព​ មិនមែន​សៀវភៅ​នៅ​ថ្មី​ពោរពេញ​ដោយ​ធូលី​ដី​នោះ​ទេ​
-​មាន​វិធានការ​តាមដាន​ការ​អនុវត្ត​វិធីសាស្ត្រ​រៀន​ និង​បង្រៀន​ ឲ្យ​បាន​សម​ស្រប​តាម​បច្ចេកទេស​
​ឬ​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​
-​រៀបចំ​ឲ្យ​មានការ​លើកទឹកចិត្ត​ផ្សេងៗ​ចំពោះ​គ្រូបង្រៀន​ឆ្នើម​ សិស្ស​ឆ្នើម​ដោយ​សុ​ក្រិត​
-​ទទួលយក​ និង​បណ្ដុះបណ្ដាល​ឲ្យ​អាច​ទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ទំនើប​របស់​ពិភពលោក​
-​ត្រូវ​ធានា​ថា​ បៀវត្ស​គ្រូបង្រៀន​ អាច​រស់នៅ​បាន​សមរម្យ​ថ្លៃថ្នូរ​ មិន​ចាំបាច់​ចេញ​ទៅ​រត់​ម៉ូតូឌុប​ លក់​នំ​ លក់​ក្រដាស​មេរៀន​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្រោម​រូបភាព​ផ្សេងៗ​
-​ត្រូវ​ធានា​ថា​ លុប​បំបាត់​អំពើ​ពុក​រលួយ​គ្រប់​រូបភាព​ក្នុង​សាលា​ និង​វិស័យ​អប់រំ​នេះ​ ព្រោះ​អំពើ​ពុក​រលួយ​ ជា​ឫសគល់​សំខាន់​មួយ​ដែរ​ ធ្វើ​ឲ្យ​សិស្ស​ខ្ជិល​រៀន​ បាត់បង់​ជំនឿ​ចិត្ត​លើ​ការ​សិក្សា​ និង​ដាក់ទោស​រដ្ឋបាល​ ឬ​ព្រហ្មទណ្ឌ​ទៅ​តាម​កម្រិត​កំហុស​ ឬ​ល្មើស​របស់​បុគ្គលិក​សិក្សា​ គ្រូបង្រៀន​។​

​បើ​អាច​ធ្វើ​ដូច្នេះ​បាន​ វិស័យ​អប់រំ​នៅ​កម្ពុជា​ អាច​នឹង​ស្មើមុខស្មើមាត់​នឹង​វិស័យ​អប់រំ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​៕​

Share

Image
Image
Image