(ភ្នំពេញ)៖ ស្ត្រីម្នាក់ជាសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ដែលបានជេរប្រមាថសម្តេច ហ៊ុន សែន និងក្រុមគ្រួសារ តាមបណ្តាញសង្គម Facebook ថា ជាឃាតករ សម្លាប់បណ្ឌិត កែម ឡីនោះ ត្រូវបាន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារមួយឆ្នាំ និង ពិន័យជាប្រាក់១មួយលានរៀល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។ នេះបើតាមគេហទំព័រមួយស្និទ្ធនឹងរដ្ឋាភិបាលចុះផ្សាយនៅរសៀលថ្ងៃនេះ។
ស្ត្រីជាប់ចោទនោះមានឈ្មោះ ហ៊ិន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ៣៧ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ស្រ្ដីរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្ខ្លួន បន្ទាប់ពីនាងបានបង្ហោះវីដេអូតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ ហេង លក្ខិណា កាលពីថ្ងៃទី៩ ខែកក្កដា ដោយចោទសម្តេច ហ៊ុន សែន និងក្រុមគ្រួសារថា សុទ្ធតែជាឃាតក។
ស្ត្រីរូបនេះ បានចោទលើប្រមុខរដ្ឋដូចនេះ ក្នុងអំឡុងពេលនាងស្ថិតក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលរៀបចំឡើងនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
យ៉ាងតិច មនុស្ស៣នាក់ត្រូវបានតុលាការផ្តន្ទាទោស ករណី ចោទប្រមុខរដ្ឋាភិបាល់ ពាក់ព័ន្ធនិង ករណីលោក កែមឡី ក្នុងនោះ មានទាំងលោក សមរង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិនិង លោកស្រី ថាក់ឡានី ជាសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង៕