en     km
en     km

ប៉ូលីសស័ក្តិ ៤ ប្រើហិង្សាធាក់សមត្ថកិច្ចចរាចរអាចប្រឈមទោសជាប់ពន្ធគារ ៥ឆ្នាំ

Share

ភ្នំពេញ៖ តាមការឱ្យដឹងពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ក្នុងប្រព័ន្ធតេឡេក្រាមបានឱ្យដឹងថា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីរបទចោទមន្ត្រីស័ក្តិបួនឈ្មោះ សៅ បញ្ញា​ គឺបទ«ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស» និងបទ«ប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសំគាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ» តាមមាត្រា ២១៨ និងមាត្រា ៦១៤ នៃក្រមព្រហ្មទណ្ឌ។

                       ជនសង្ស័យក្នុងករណីប្រើហិង្សាលើមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា ពេលសមត្ថកិច្ចបណ្តើរចូលតុលាការក្រុងភ្នំពេញ។

យោងតាមបទល្មើសទាំងពីរនេះ មន្រ្តីស័ក្តិ៤ រូបនេះអាចនឹងប្រឈមមុខនឹងទោសជាប់ពន្ធគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល។

លោក លី សុផាណា បញ្ជាក់ថា ជនសង្ស័យត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរហើយដើម្បីចាត់ការបន្តយតាមនីតិវិធីច្បាប់ ក្រោយធ្វើការសាកសួរកាលពីព្រឹកមិញ។

យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌស្តីពីស្ថានទម្ងន់ទោស ចែងថា អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី​ ៤លានដល់ ១០លានរៀល កាលបើប្រើហិង្សានេះបានប្រព្រឹត្ត ដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ ដោយមានមនុស្សចករើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត។

ចំណែកមាត្រា ៦១៤ នៃក្រមព្រហ្មទណ្ឌស្តីពី បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ងាធរសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពីមួយសែន ដល់ ពីរលានរៀល។

សូមរំលឹកថា ជនសង្ស័យដែលបង្កហេតុមានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ជាមន្រ្តីស័ក្តិ ៤ បម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមកំណត់ហេតុប៉ូលីស ករណីប្រើអំពើហិង្សាពីសំណាក់នគរបាលពាក់ស័ក្តិ ៤ រូបនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលស័ក្តិ ៤រូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ដោយខុសច្បាប់ចរាចរណ៍ ហើយត្រូវក្រុមមន្ដ្រីចរាចរជាប់កិច្ចសន្យាជាជនរងគ្រោះឃាត់ដើម្បីសួរនាំ។

ប៉ុន្តែពេលបម្រុងឃាត់សួរនាំនោះ ជនបង្កហេតុមិនព្រមឈប់រថយន្តនោះឡើយរួចក៏បើកគេងខ្លួនទៅបាត់។ លុះដល់ថ្ងៃបន្ទាប់ជនមន្រ្តីពាក់ស័ក្តិ ៤នោះ  ក៏បើកឡានមករករឿងជនរងគ្រោះ រហូតប្រើហិង្សាតែម្តង។

តាមរូបភាពនៃឃ្លីវីដេអូដែលថតពីទីកើតហេតុ ជនបង្កសង្ស័យបានចុះពីរថយន្ដហើយទាញកអាវមន្រ្តីចរាចរជាប់កិច្ចសន្យាឈ្មោះ អឿន ចំណាន​ អូសចូលមកក្នុងការ៉ាសឡានមួយរួមវាយមួយដៃលើជនរងគ្រោះ។ ជាងនេះទៀតជនបង្កហេតុថែមទាំងធាក់ចំដើមទ្រូងជនសង្ស័យមួយជើង ផ្ងាទៅក្រោយបើទោះបីជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃគោរពក្នុងន័យសុំទោសក៏ដោយចុះ។

ទាក់ទងក្នុងរឿងនេះលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាដាច់ខាតចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយគ្មានការលើកលែងនោះឡើយ ចំពោះនគរបាលសក្តិ ៤ប្រើហិង្សាលើមន្ត្រីចរាចរណ៍កិច្ចសន្យាសាលារាជធានីភ្នំពេញ៕

Share

Image
Image
Image