ភ្នំពេញ៖ ខណៈឆ្នំា២០១៨ឈានចូលមកដល់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិលមួយចំនួនចាប់ផ្តើមបូកសរុបការអនុវត្តការងាររបស់ខ្លួន រយៈពេលពេញមួយឆ្នំា។ក្នុងនោះដែរនាយិកាអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ CWCC បានលើកទ្បើងថា បញ្ហារបស់ស្រ្តីនៅឆ្នាំ២០១៧ ត្រូវបានដោះមានប្រសិទ្ធភាពជាងមុន ក្រោមកិច្ចសហការរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជា។
លោក ជួន សារ៉េត រាយការណ៍!
ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ស្រ្តីជាចំណែកមួយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ នេះជាការពន្យល់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលពាក់នឹងបញ្ហាស្ត្រី។
តើរាជរដ្ឋាភិបាល និងសង្គមស៊ីវិលបានចូលរួមចំណែកយ៉ាងខ្លះនៅពេលស្រ្តីជួបវិបត្តិអំពើហិង្សា ការរំលោភបំពានសិទ្ធិផ្សេងៗ?
ជុំវិញរឿងនេះ នាយិកាអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ លោកស្រី ប៉ុក បញ្ញាវិចិត្រ បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីដឹងនាថ្ងៃទី១០ មករា នេះថា អង្គការរបស់លោកស្រីបានចូលរួមចំណែកយ៉ាងច្រើនក្នុងការចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់អំពើហិង្សាលើស្រ្តី ក៏ដូចជាការរំលោភបំពានផ្សេងៗ។
តែបែបនេះក្តីនាយិកាអង្គការរូបនេះអះអាងថាសម្រាប់អង្គការរបស់លោកស្រីរកឃើញថាអំពើហិង្សាលើស្រ្តី ក៏ដូចជាការរំលោភបំពានសិទ្ធិផ្សេងៗលើស្រ្តី គឺមិនមានការកើនទ្បើង ហើយក៏មិនថយចុះនោះដែរ។ ការអះអាងដូចនេះដោយលោកស្រី បានដោយយោងទៅលើការផ្តល់សេវាដល់ស្រ្តីដែលមករកសេវាពីអង្គការរបស់លោកស្រី។
ក្នុងន័យនេះលោកស្រី ប៉ុក បញ្ញាវិចិត្រ អះអាងថារយៈពេលពេលពេញមួយឆ្នំា២០១៧កន្លងមកនេះអង្គការរបស់លោកស្រីបានទទួលលទ្ធ ផលច្រើន និងល្អប្រើសើរដោយសារមានកិច្ចសហការពីរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ប៉ុក បញ្ញាវិចិត្រ«បើសម្រាប់ពួកយើងឃើញថាវិជ្ជមាន ត្រង់ថាយើងបានផ្តល់សេវាគ្រប់ជ្រុងជ្រោយដល់ជនរងគ្រោះដែលគេត្រូវការសេវា ហើយយើងមានកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាល យើងសង្កេតឃើញថារាជរដ្ឋាភិបាល មន្ទីរពាក់ព័ន្ធគាត់យកចិត្តទុកដាក់ បើយើងប្រៀបធៀបកន្លងមកគេគំាទ្ររាល់សកម្មភាពដែលឆ្លើយតបអំពើហិង្សាលើស្រ្តី ដែលពីមុនមកគាត់មិនសូវយកចិត្តទុកដាក់»។
លោកស្រី ប៉ុក បញ្ញាវិចិត្រ សង្កត់ធ្ងន់ថាការទប់ស្កាត់ការដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តីត្រូវមានកិច្ចសហការរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលបើមិនដូច្នោះទេ បញ្ហារបស់ស្រ្តីមិនអាចដោះស្រាយបាននោះទេ។
លោកស្រី ប៉ុក បញ្ញាវិចិត្រ «រដ្ឋាភិបាលគាត់មានផែនការអីមែនតែគាត់អត់មានមណ្ឌលសុវត្ថិភាពសម្រាប់ស្រ្តីដែលរងគ្រោះដោយអំពើហិង្សា លើស្រ្តីនោះទេ គាត់មានតែមណ្ឌលកុមារកំព្រាអីចឹង បើថាស្រ្តីមានវិបត្តិដូចជាងរងគ្រោះគាត់អត់មានមណ្ឌលសុវត្ថិភាពទេ។ ការឆ្លើយ តបទៅលើអំពើហិង្សាលើស្រ្តីនិងក្មេងស្រីបើគ្មានកិច្ចសហការរវាងសង្គមស៊ីវិលទេក៏មិនអាចឆ្លើយតបបានល្អផងដែរ ជាពិសេសការផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយ»។
ជុំវិញរឿងនេះមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងថាអំពើហិង្សាលើស្រ្តី និងការរំលោភបំពានផ្សេងៗលើស្រ្តីមានការថយចុះគួរឱ្យកត់សម្គាល់។
តែបើយោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សចេញដោយក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីនៅខែកក្កដា ឆ្នាំ ២០១៧ បញ្ជាក់ថាប្រជាពលរដ្ឋខ្មែរនៅតែបន្តជួញដូរកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេសដោយក្រសួងការងារមិនបានពិនិត្យមើលភ្នាក់ងារជ្រើសរើសពលករឲ្យមានប្រសិទ្ធភាពនិងកង្វះធនធានមនុស្ស។
របាយការណ៍នេះបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានកាត់ទោសជនល្មើសទាក់ទងនឹងការជួញដូរមនុស្ស៥៣នាក់ បើធៀបទៅនឹងឆ្នាំ២០១៥មាន៦៩នាក។រដ្ឋាភិបាលកម្ពុជាបានជួយសង្គ្រោះជនរងគ្រោះពីការជួញដូរមនុស្ស២៧២នាក់ពីប្រទេសម៉ាឡេស៊ី១៣៩ពីប្រទេសថៃនិង៦៤នាក់ពីប្រទេសចិន។
បើតាមរបាយការណ៍ថ្មីមួយស្តីពីទាសភាពសម័យទំនើបគឺក្នុងចំណោមមនុស្ស៤លាន៨សែននាក់ត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទក្នុងឆ្នាំ២០១៦។ ជនរងគ្រោះ ៩៩ ភាគរយជាស្ត្រី ហើយម្នាក់ក្នុងចំណោមប្រាំនាក់ជាកុមារ។
ស្ត្រីនិងកុមារ៨៤ភាគរយនៃចំនួនប្រជាជន១៥៤លាននាក់ត្រូវបានរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ។៥៩ភាគរយត្រូវបានធ្វើការងារដោយបង្ខំពីវិស័យឯកជន។ស្ត្រីនិងកុមារីត្រូវបានចាត់ចូលគ្រប់ផ្នែកនៃទម្រង់ទាសភាពសម័យទំនើបលើកលែងតែពលកម្មបង្ខំឱ្យធ្វើការងារដោយស្ថាប័នរដ្ឋ៕