ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងសហជីពការពារកម្មករបង្ហាញផលវិជ្ជមានចំពោះការទប់ស្កាត់ ត្រួតពិនិត្យស្តង់ដារោងចក្រនិងសុវត្ថិភាពការងារមានលក្ខណៈល្អប្រសើរគឺអត្រាកម្មករ-កម្មការិនីដួលសន្លប់ឆ្នាំ២០១៧និងឆ្នាំមុនមានចំនួនដូចគ្នា។ចំពោះករណីនេះ ក្រសួងការងារនឹងចាប់អនុវត្តដាក់ពិន័យនិងទោសទណ្ឌចំពោះម្ចាស់គ្រឹះស្ថាន សហគ្រាស មិនគោរពលក្ខខណការងារនិងស្តង់ដាសុវត្ថិភាពការងារក្នុងរោងចក្រ។
បើយោងតាមរបាយការណ៍ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថាអត្រាកម្មករ-កម្មការិនីរោងចក្រដួលសន្លប់ក្នុងឆ្នាំ២០១៧មានចំនួន១១៦០នាក់ស្មើនឹងឆ្នាំ២០១៦ខណៈដែលករណីកម្មករ-កម្មការិនីដួលសន្លប់កាលពីឆ្នាំ២០១៤និង២០១៥មានចំនួន១៨០៦នាក់។
យោងតាមរបាយការណ៍នេះបញ្ជាក់ថាមូលហេតុបណ្តាលឲ្យដួលសន្លប់ដោយសារការសាយភាយសារធាតុគីមី រោងចក្រមិនមានស្តង់ដា បរិយាកាសមិនល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលសន្លប់តាមគ្នាជាដើម។
លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ប្រធានក្រុមការងារទប់ស្កាត់ការដួលសន្លប់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់វិទ្យុស្ត្រីថាករណីកម្មករកម្មការិនីរោងចក្រសន្លប់នៅឆ្នាំ២០១៧នេះមានស្ថានភាពល្អប្រសើរព្រោះក្រសួងខិតខំប្រឹងប្រែងរឹងបណ្តឹងការអនុវត្តច្បាប់និងបើកវគ្គបណ្តុះបណ្តាលដល់កម្មករនិយោជិកនិងនិយោជកអំពីការទប់ស្កាត់ការដួលសន្លប់កម្មករ។
លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត សង្កត់ធ្ងន់ថាក្រសួងការងារនឹងចាប់ផ្តើមធ្វើការផាកពិន័យចំពោះរោងចក្រណាមិនអនុវត្តតាមគោលការណែនាំអំពីសុវត្ថិភាពការងារក្នុងឆ្នាំ២០១៨នេះ។
លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត៖«លើកក្រោយនេះចំពោះរោងចក្រណាដែលធ្វើឲ្យមានបញ្ហាដួលសន្លប់ដោយមិនអនុវត្តតាមសេចក្តីជូនដំណឹង១១ចំណុចរបស់ក្រសួងនឹងធ្វើការផាកពិន័យហើយ។»
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងការងារបានចេញសេចក្ដីជូនដំណឹងស្ដីពីការរក្សាសុវត្ថិភាពកម្មករ កម្មការិនី ពេលបំពេញការងារចំនួន ១១ចំណុច ដែលតម្រូវឲ្យម្ចាស់គ្រឹះស្ថាន និង សហគ្រាសត្រូវអនុវត្ថតាម ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ការងារ ព្រមទាំងបង្ការការកើតមានករណីដួលសន្លប់ជាយថាហេតុ។
ក្រសួងនឹងចាត់វិធានការតឹងរឹងបំផុតទៅតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាចំពោះម្ចាស់គ្រឹះស្ថាន និងនាយកសហគ្រាសទាំងអស់មិនអនុវត្តតាមចាប់ពីឆ្នាំ ២០១៨តទៅ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាទទួលស្គាល់អំពីការខិតខំប្រឹងប្រែងក្នុងលទ្ធផលវិជ្ជមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការទប់ស្កាត់ករណីដួលសន្លប់របស់កម្មកររោងចក្រកាលពីឆ្នាំមុន។
លោក អាត់ ធន់ មើលឃើញថាមូលចំបងនៃការដួលសន្លប់របស់កម្មករបណ្តាលមកពីកត្តាសុខភាពកម្មករចុះខ្សោយព្រោះរបបអាហារខ្វះជីវជាតិ ការធ្វើការងារហួសកម្លាំង រោងចក្រគ្មានស្តង់ដាការងារនិងការសាយភាយសារធាតុគីមីជាដើម។
លោក អាត់ ធន់ ៖«ខ្ញុំឃើញតួលេខមិនជាងគ្នាគឺប្រហាក់ប្រហែលគ្នា ហើយការសន្លប់គឺដោយសារតែមានការយកចិត្តទុកដាក់ពីក្រសួងផងបានវានៅប៉ុណ្ណឹង បើកុំមានការយកចិត្តទុកច្រើនឆ្នាំនេះប្រហែលខ្ញុំគិតថាច្រើនជាងនេះព្រោះចុះច្រើន ចុះពិនិត្យ នៅសន្លប់ប៉ុណ្ណឹង។»
ក្នុងវិស័យឧស្សាហកម្មកាត់ដេរនាពេលបច្ចុប្បន្ននេះ បានផ្ដល់ការងារដល់ស្ត្រីប្រមាណ៧០ម៉ឺននាក់នឹងទទួលបានប្រាក់ខែគោល១៧០ដុល្លារចាប់ពីខែមករា ឆ្នាំ២០១៨នេះ។ទោះបីយ៉ាងណា លោក អាត់ ធន់ មើលឃើញថាកម្មករ កម្មការិនីបម្រើការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅតែប្រឈមបញ្ហាសុវត្ថិភាពនិងកិច្ចសន្យាការងារ។
រដ្ឋាភិបាលប្រកាសជាសាធារណៈអនុញ្ញាតឲ្យកម្មករ កម្មការិនី ចាប់ពីឆ្នាំនេះទៅទទួលបានសេវាព្យាបាលសុខភាពនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។បន្ថែមពីនេះថាកម្មារិនីមានផ្ទៃពោះនឹងចេញពីធ្វើការមុនម៉ោងចំនួន១៥នាទីនិងរដ្ឋាភិបាលឧបត្ថម្ភកម្មារិនីសម្រាលកូនម្នាក់ទទួលបាន៤០ម៉ឺនរៀល កូនភ្លោះ២នាក់៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ទទួលបាន១លាន២០ម៉ឺនរៀលនិងក្លាយជាកូនចិញ្ចឹមរបស់នាយករដ្ឋមន្ត្រីនិងប្រាក់ឧបត្ថម្ភ៥លានរៀលថែមទៀត៕