ភ្នំពេញ៖ មុនពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ចាប់ផ្តើមនៅរសៀលថ្ងៃទី១០ ខែមករានេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាត្រូវមានជំនួបពិភាក្សាការងារជាមួយមេដឹកនាំ មកពីប្រទេសជិតខាងចំនួន៣ នៅវិមានសន្តិភាព។
មេដឹកនាំដែលនឹងជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃពុធនេះរួមមាន៖នាយករដ្ឋមន្ត្រីប្រទេសវៀតណាម លោក ង្វៀន សួនហ៊្វុក ,លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីប្រទេសថៃ និងអនុប្រធានាធិបតីប្រទេសភូមា លោក Myint Swe ។
សូមជម្រាបថា ប្រទេសកម្ពុជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ ២០១៨។
ក្នុងកិច្ចប្រជុំកំពូលនេះ មានថ្នាក់ដឹកនាំរដ្ឋាភិបាល ឬប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេស នៅតាមដងទន្លេមេគង្គចំនួន៦ចូលរួម ដែលមានដូចជា ប្រទេសចិន វៀតណាម ឡាវ ភូមា ថៃ និងកម្ពុជា។
ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការពិភាក្សា លើបញ្ហាសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្ដោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព ដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងអស់៕