en     km
en     km

ឆ្នាំ២០១៧មន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្រ្គោះកុមារជាង១លាននាក់ និងស្រ្ដីជាង ១៨ម៉ឺននាក់

Share

តាមរបាយការណ៍សង្ខេបរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ឱ្យដឹងថា មន្ទីរពេទ្យនេះបានទទួលព្យាបាលកុមារ  ១លាន ៨ម៉ឺន ៣ពាន់ ៨៣៧នាក់ និងស្រ្ដីមានផ្ទៃពោះ ១៨ម៉ឺន ៣ពាន់ ៧៨នាក់។

តាមសេចក្ដីប្រកាសព័ត៌មានស្ដីពីតួលេខសុខភាពប្រចាំឆ្នាំ ២០១៧ នៃមន្ទីរពេទ្យគន្ធបុប្ផាដដែលនេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ គឺបានជួយកុមារដោយពិនិត្យ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ  មានចំនួន ៩០ ម៉ឺន ៩ពាន់ ១៩២នាក់ ដែលចំនួននេះ បានកើនឡើង ៧ភាគរយនៅក្នុងឆ្នាំ២០១៧ ។

តាមរបាយការណ៍សង្ខេបនេះ មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញក៏បានពិនិត្យ និងព្យាបាលកុមារដែលមានជំងឺធ្ងន់ធ្ងរ សុរបចំនួន ១៦ ម៉ឺន ៧ពាន់ ៧៩០ នាក់  ។ ក្រៅពីនេះក៏មានការវះកាត់ទូទៅដល់កុមារដែលមកព្យាបាល ចំនួន ៦៤៤២នាក់ កើន ៨,៦ ភាគរយ ច្រើនជាងឆ្នាំ ២០១៦ និងជួយវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម (កាតេទែរ ) ដល់កុមារ ចំនួន ៤១៣នាក់ ផងដែរ។

តាមរបាយការណ៍ដដែលនេះ នៅមន្ទីរសម្ភពជ័យវរ្ម័នទី ៧ ក្នុងខេត្តសៀមរាប ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី ៣ បានជួយស្រ្ដីមានផ្ទៃពោះចំនួន ១៥ ម៉ឺន ៤៧១៦ នាក់ ដោយការពិនិត្យនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ដែលចំនួននេះបានកើន ៦,៦ ភាគរយ នៅក្នុងឆ្នាំ ២០១៦។ ក្នុងនោះមន្ទីរពេទ្យនេះក៏បានជួយស្រ្ដីមានផ្ទៃពោះសម្រាលកូនបានចំនួន  ២៥​ ៣៥៧នាក់  ច្រើនជាងឆ្នាំ ២០១៦ គឺ៧,២ភាគរយ និងសម្រាលដោយវះកាត់មានចំនួន ៣០០៥នាក់។

គួរបញ្ជាក់ដែរថា អ្នកជំងឺភាគច្រើនដែលមកព្យបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ភាគច្រើន គឺមានជីវភាពក្រីក្រ ហើយរាល់ការព្យាបាលទាំងអស់របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយពុំមានការបង់ប្រាក់៕

 

Share

Image
Image
Image