សេតវិមានបានប្រកាសថា អនុប្រធានាធិបតី Mike Pence នឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ិប ហ្ស៊កដានី និងអ៊ីស្រាអ៊ែលបន្ទាប់ពីបានពន្យារពេលមួយរយៈដោយសារសេតវិមានទទួលស្គាល់តំបន់ជេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែល។ សេតវិមានប្រកាសថា ទស្សនកិច្ចរបស់លោក Mike Pence គឺជាការបង្ហាញ តួនាទីរបស់អាមេរិក ដើម្បីសន្តិភាពរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។
សេតវិមានបានប្រកាសថាខ្លួននឹងផ្អាកការផ្ដល់ជំនួយទៅឱ្យប៉ាឡេស្ទីន ដោយសារតែប្រទេសនេះ បង្កអសន្តិសុខ ប្រឆាំងអាមេ រិកដែលទទួលស្គាល់ជេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែល។
តាមប្រភពដដែល លោកអនុប្រធានាធិបតីនឹងចាប់ផ្ដើមចេញដំណើរទៅកាន់ ប្រទេសបីនេះ នៅថ្ងៃទី១៩មករា។
គេរំពឹងថា លោកអនុប្រធានាធិបតីនឹងជួបមេដឹកនាំប្រទេសទាំង៣នេះ ដោយផ្ដោតលើតួនាទីអាមេរិកផង និងបញ្ហាទី ក្រុងតំបន់ជេរុយសាឡឹមផង។ បន្ទាប់ពីអាមេរិកចាត់ទុកតំបន់ជេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រទេសមួយចំនួន ក្នុងនោះ ប្រទេសនៅមជ្ឈិមបូព៌ា ស្ទើរទាំងអស់ ប្រឆាំងអាមេរិក។ តែបែបនេះក្ដីសេតវិមានមិនបានដកជំហររបស់ខ្លួនឡើយ។ តំបន់ជេរុយសាឡឹម គឺ ស្ទើរទាំងស្រុងត្រូវបានអ៊ីស្រាអ៊ែលគ្រប់គ្រងតាំងពីសង្រ្គាម នៅឆ្នាំ១៩៦៧៕ AFP