en     km
en     km

កូន​ដំរីព្រៃ​មួយ​ក្បាល​​ងាប់​ដោយសារ​ធ្លាក់​រណ្តៅ​កប់​ពាក់កណ្តាល​ខ្លួន​

Share

ភ្នំពេញ៖កូន​ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល​អាយុប្រមាណ​១​ឆ្នាំ​បាន​ងាប់​ដោយសារ​ការ​ជាប់ផុង​ពាក់កណ្តាល​ខ្លួន​នៅ​ក្នុង​រណ្តៅ​ស្ថិត​នៅ​ក្នុងភូមិ​អូរ​អាម​ ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​ សីមា​ ខេត្តមណ្ឌលគិរី​ដែនជម្រកសត្វព្រៃ​កែវ​ សីមា​។​

ក្រុមអភិរក្សទាញសាកសពកូនដីរីឈ្មោលមួយក្បាលងាប់ចេញពីរណ្តៅក្នុងដែនជម្រកសសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។រូបភាព៖ WCS



​សត្វ​ដំរីព្រៃ​ ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​សត្វ​ងាយ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកលលោក​។​

​តាម​ការ​ប៉ាន់ស្មាន​ដំរីព្រៃ​មាន​ចំនួន​ចន្លោះ​ ២៥០​ទៅ​៥០០​ក្បាល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​ដំរីព្រៃ​ប្រហែល​ ១១៥​ក្បាល​កំពុង​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​ សីមា​។​

​លោក​ គាន់​ សេដ្ឋា​ ទីប្រឹក្សាបច្ចេកទេស​អង្គការ​អភិរក្ស​សត្វព្រៃ​(WCS)​ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​ សីមា​ ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩​ ខែមករា​នេះ​ដោយ​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​កូន​ដំរី​និង​មិន​អាច​ជួយ​សង្គ្រោះ​កូន​ដំរី​មិន​ទាន់​ពេលវេលា​ព្រោះ​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​និង​ពុំ​ទទួល​ព័ត៌មាន​ទាន់​ពេល​។​

​លោក​បន្ថែម​ថា​កូន​ដំរីព្រៃ​ប្រហែលជា​ជាប់ផុង​ច្រើន​ថ្ងៃ​ហើយ​បាន​ងាប់​ប្រហែល​នៅ​ថ្ងៃ​ទី​៧​ ខែមករា​មក​ម្លេះ​។​លោក​ គាន់​ សេដ្ឋា​ ៖«​សត្វ​ដំរីព្រៃ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដោយសារ​ការ​បាត់បង់​ទីជម្រក​និង​ការ​ដាក់​អន្ទាក់​ជាដើម​។​ដើម្បី​ថែរក្សា​ប្រភេទ​សត្វ​ដ៏​កម្រ​ឲ្យ​នៅ​គង់វង្ស​ត្រូវ​ថែរក្សា​ទីជម្រក​ធម្មជាតិ​និង​ទាមទារ​ឲ្យ​មានការ​ចូលរួម​ការពារ​គ្រប់​ភាគី​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ប្រជា​សហគមន៍​និង​អង្គការ​អភិរក្ស​»​។​

ក្រុមអភិរក្សទាញសាកសពកូនដីរីឈ្មោលមួយក្បាលងាប់ចេញពីរណ្តៅក្នុងដែនជម្រកសសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។រូបភាព៖ WCS



​កាលពី​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៧​ ដំរី​មួយ​ហ្វូង​មាន​ចំនួន​ ១១​ក្បាល​ បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​នៅ​ក្នុងភូមិ​អូរ​អាម​ ឃុំ​ស្រែ​ខ្ទម​ នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ខេត្ដមណ្ឌលគិរី​ ។​

​កាលពី​ថ្ងៃ​ពុធ​ ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៧​ សត្វ​ដំរី​មួយ​ក្បាល​បាន​ងាប់​ ក្រោយ​ពី​វា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​ដែល​គេ​ជីក​សម្រាប់​ធ្វើ​បង្គន់​ក្នុង​ខេត្ដក្រចេះ​និង​ដំរី​ជំទង់​មួយ​ក្បាល​ទៀត​បាន​ងាប់​ដោយសារ​យក​ខ្លួន​ទៅ​ត្រដុស​នឹង​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​ខ្សែភ្លើង​ងាប់​ភ្លាមៗ​ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​បាក់រទេះ​ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សីហ​នុ​។​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៦​ កូន​ដំរី​មួយ​ក្បាល​បាន​ជាប់អន្ទាក់​រហូត​ដល់​ងាប់​ក្នុង​ខេត្ដមណ្ឌលគិរី​៕

Share

ព័ត៌មានទាក់ទង

Image