en     km
en     km

មន្ត្រីចិន៖វត្តមាននាយករដ្ឋ Li Keqiang បញ្ជាក់ពីការពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ

Share

អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក  Kong Xuanyou បានប្រាប់អ្នកសារព័ត៌មានថា លោកនាយកមន្ត្រី Li Keqiang នឹងធ្វើទស្សនកិច្ចជាផ្លូវនៅកម្ពុជា រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ មករា ដែលជាការរម្លឹកខួប៦០ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំង ២។​

លោកអនុរដ្ឋមន្ត្រីបានបន្ថែមថា លោកនាយករដ្ឋមន្ត្រីLi Keqiang នឹងចូលគាល់ព្រះមហាក្សត្រ ព្រះ​បាទ​នរោត្តមសីហមុនីនិងសមភាគី សម្ដេចហ៊ុនសែន។ លោកបញ្ជាក់ថា លោក Li និង សម្ដេចហ៊ុន នឹងដោះដូរយោបល់នឹងគ្នាអំពីទំនាក់ទំនងភាគី បញ្ហាតំបន់ និងអន្តរជាតិ។ លោកអនុរដ្ឋមន្ត្រី អះអាងថា«ចំណងទាក់ទង ចិន-កម្ពុជា បានក្លាយជាគំរូមួយនៃតំបន់»។

​ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសចិន ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា Geng Shuang បានហៅ កម្ពុជា-ចិន គឺ«ជា មិត្តជិតខាងល្អ មិត្តល្អ ដៃគូល្អ បងប្អូនល្អ បាននាំមកនូវផលប្រយោជន៍ដល់ប្រទេស ប្រជាជន ទាំងពីរជាការរួមចំណែកដើម្បីសន្តិភាព និងការអភិវឌ្ឍ សម្រាប់តំបន់និងពិភពលោក»។ 

នៅក្នុងបទសម្ភាសន៍មួយកាលពីសប្ដាហ៍មុនជាមួយវិទ្យុស្ត្រីអ្នកនាំពាក្យបក្សកាន់អំណាចនៃគណបក្ស ប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បានសាទរការមកធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន ដោយលោកគិតថាទំនាក់ទំនង ៦០ឆ្នាំ រវាងចិននិងកម្ពុជា គឺ កេរ្តិតំណែលពីសម្ដេច ព្រះបាទនរោត្តមសីហនុ។

នៅក្នុងកិច្ចប្រជុំអាស៊ានបូកចិន កាលពីឆ្នាំ ២០១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅពេលនោះ  កម្ពុជាត្រូវបានអ្នកសង្កេតការណ៍មើលឃើញថាកម្ពុជា បានធ្វើភាគីចិនសប្បាយចិត្តជាខ្លាំង ដែលសេចក្ដីថ្លែងការណ៍រួមស្ដីពីជម្លោះសមុទ្រចិនខាងត្បូងចេញមិនរួចដែលសមាជិកអាស៊ានចោទកម្ពុជាលម្អៀងចិន តែភាគីកម្ពុជា បដិសេធដោយចាត់ទុកការចោទប្រកាន់នេះគ្មានមូលដ្ឋានឡើយ។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ កាលពីឆ្នាំ ២០១៦ ប្រធានា​ធិបតីចិន ស៊ីជិនភីង បានផ្ដល់ជំនួយ ២៣៧ លានដុល្លារដល់កម្ពុជា ហើយចិនក៏បានសម្រេចលុបបំណុលពីកម្ពុជា ៩០លានដុល្លារអាមេរិកជាជំហានដំបូងនាំឱ្យកម្ពុជាសាទរចិនយ៉ាងខ្លាំង៕

Share

Image
Image
Image