ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា(CPP)ឈរនៅលំដាប់លេខរៀងទី១ខណៈគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ឈរនៅលេខរៀងទី២ ក្នុងចំណោមគណបក្សនយោបាយចំនួន៤នឹងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធនីតិកាលទី៤ឆ្នាំ២០១៨។អ្នកសង្កេតការណ៍កិច្ចការបោះឆ្នោតយល់ថាអាសនៈព្រឹទ្ធសភាទាំង៥៨គឺគណបក្សកាន់អំណាចនឹងយកទំាងអស់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃទី០៨ ខែមករានេះបានប្រកាសជាផ្លូវការក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ដែលក្នុងឱកាសនោះគណបក្សកាន់អំណាចឈរលំដាប់លេខរៀងទី១ គណបក្សយុវជនកម្ពុជាឈរលំដាប់លេខរៀងទី២ គណបក្សខែ្មររួបរួមជាតិនៅលេខរៀងទី៣និងគណបក្សហ្វ៊ិនស៊ិនប៉ិចឈរលេខរៀងចុងក្រោយ។
ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដោយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី និងសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធចំនួន៥៨អាសនៈនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ ២០១៨ គឺជាការបោះឆ្នោតអសកលដោយតួអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងមុខតំណែងចំនួន១២៣រូបនិងតួអង្គជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងចំនួន១១៥៧២រូប។
លោក ស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានថ្លែងនៅក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយថាការកំណត់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតដើម្បីបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោតនិងជួយឲ្យអ្នកបោះឆ្នោតអាចស្គាល់គណបក្សដែលខ្លួនពេញចិត្ត។
លោក ស៊ិក ប៊ុនហុក បន្ថែមថាការចាប់ឆ្នោតកំណត់លេខរៀងលើសន្លឹកឆ្នោតនេះមានភាពត្រឹមត្រូវ ច្បាស់លាស់ យុត្តិធម៌ និងតម្លាភាព។
លោក ស៊ិក ប៊ុនហុក ៖«សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធនីតិកាលទី៤ប្រព្រឹត្តិទៅប្រកបដោយជោគជ័យនិងសូមប្រសិទ្ធិពរជ័យជូនគណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតទាំង៤ទទួលបានជោគជ័យក្នុងការបោះឆ្នោតនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ ២០១៨ខាងមុខ។»
លោក អ៊ក គីមហាន អនុប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជាដែលចូលរួមក្នុងពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងថាគណបក្សកាន់អំណាចឈរក្នុងលំដាប់លេខរៀងទី១ជាលទ្ធផលគួរឲ្យពេញចិត្ត។លោកបង្ហាញជំនឿថាគណបក្សប្រជាជនកម្ពុជានឹងទទួលបានអាសនៈច្រើនលើសលុបនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ ២០១៨នេះ។
លោក អ៊ក គីមហាន ៖«គណបក្សប្រជាជនកម្ពុជាសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរព្រោះថាការបោះឆ្នោតនេះសំខាន់ទៅលើអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងតំណែងឃើញថាគណបក្សប្រជាជនកម្ពុជាវាមានអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជាង១ម៉ឺននាក់ហើយ។»
ខណៈនេះគ.ជ.បកំពុងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅតាមលេខាធិការដ្ឋានគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតនិងទីប្រជុំជនកាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៧។គ.ជ.បនឹងផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធនីតិកាលទី៤នេះមាន៨មណ្ឌលទូទាំងប្រទេស។ក្នុងនោះគណបក្សកាន់អំណាចនិងគណបក្សហ្វ៊ុនស៊ិនប៉ិចឈរឈ្មោះទាំង៨មណ្ឌល។គណបក្ស គណបក្សខ្មែររួបរួមជាតិឈរឈ្មោះ៧មណ្ឌលនិងយុវជនកម្ពុជាឈរឈ្មោះ៣មណ្ឌល។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រាប់វិទ្យុស្ត្រីថាគណបក្សរបស់លោកមិនទាន់ហ៊ានវាយតម្លៃអំពីលទ្ធផលមុនការបោះឆ្នោតមកដល់នោះទេ។ទោះបីយ៉ាងណាលោកថា គណបក្សលោកចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាតាមឆន្ទៈរបស់អ្នកគាំទ្ររបស់លោក។
លោក ពេជ្រ ស្រស់ ៖«ការពិតយើងមាន៣អាសនៈរួចទៅហើយប៉ុន្តែបើយើងធៀបថាសំឡេង៣អាសនៈបានព្រឹទ្ធភាពអត់សមាជិកមួយយើងអត់ធៀបអញ្ចឹងទេព្រោះកាលយើងមិនឈរតើសំលេង៣យើងទៅបោះឲ្យនរណាឬសម្រេចចិត្តលក់ដូចបក្សដទៃដូច្នេះបានយើងឈរដើម្បីកុំឲ្យបងប្អូនមានសិទ្ធិ៣សំឡេងលក់ឲ្យគេឬក៏មានការបង្ខំបោះឲ្យអ្នកផ្សេងអញ្ចឹងយើងមានបក្សមួយដែរយើងឈរឲ្យគាត់ប្រើសិទ្ធិរបស់គាត់ស្រលាញ់នយោបាយគណបក្សគាត់»។
តែបែបនេះក្ដីសម្រាប់ លោក សំគន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌សង្គមដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅថា NICFEC យល់ថាគណបក្សកាន់អំណាចនឹង ទទួលបានអាសនៈទាំងអស់នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ដោយគណបក្ស៣ផ្សេងទៀតនឹងមិនទទួលបានសំឡេងសូម្បីមួយអាសនៈព្រោះសំឡេងនៅតាមមណ្ឌលរបស់ពួកគេមិនគ្រប់គ្រាន់។
លោក សំគន្ធាមី ៖«គណបក្សប្រជាជនកម្ពុជាលោកនឹងទទួលអាសនៈទាំងអស់ព្រឹទ្ធសភាអង្គបោះឆ្នោតមានតែពីរពីរក្រុមទី១ក្រុមប្រឹក្សាឃុំសង្កាត់ អង្គមួយទៀតរដ្ឋសភាតំណាងរាស្ត្រ។ខ្ញុំធ្វើការគណនាចំនួនក្រុមប្រឹក្សា ចំនួនអង្គបោះឆ្នោត៣លើកលែងគណបក្សប្រជាជន។គណបក្ស៣នោះមិនបានមួយអាសនៈទេ។»
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បញ្ចាក់ថាបន្ទាប់ពីគណបក្សនយោបាយត្រូវបានទទួលស្គាល់លំដាប់លេខរៀងលើសន្លឹកឆ្នោតហើយគ.ជ.បនឹងចាប់បោះពុម្ពសន្លឹងឆ្នោតនៅឆាប់ៗដ៏ខ្លីខាងមុខនេះ៕