ភ្នំពេញ៖យោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ(ILO)រកឃើញថាអត្រាកម្លាំងពលកម្មស្ត្រីនៅកម្ពុជាតិចជាងបុរសនៅឡើយ។
របាយការណ៍អង្គការILOបញ្ជាក់ថាអត្រាកម្លាំងពលកម្មស្ត្រីនៅកម្ពុជា៧៥,៦ភាគរយនិងបុរស៨៧ភាគរយ។អត្រាអត់មានការងារធ្វើសម្រាប់ស្ត្រី០,៣ភាគរយនិងបុរស០,៤ភាគរយ។
តាមអង្គការILOអត្រាកម្លាំងពលកម្មពិភពលោកនៅពេលបច្ចុប្បន្នសម្រាប់ស្ត្រីមានជាង៤៩ភាគរយនិងបុរសមានរហូត៧៦ភាគរយដែលគម្លាតការងាររវាងបុរសនិងស្ត្រីខុសគ្នាជិត២៧ភាគរយនិងប្រទេសខ្លះមានគម្លាតជាង៥០គាភរយ។
ទោះបីយ៉ាងណាស្ត្រីខ្មែរគ្រប់អាយុធ្វើការងារមានរហូតដល់៨១ភាគរយ។ស្រី្តមិនទាន់គ្រប់អាយុធ្វើការមានសូន្យភាគរយនិង១៩ភាគស្ត្រីគ្រប់អាយុធ្វើការហូរកម្លាំងពលកម្មទៅក្រៅប្រទេស។ អង្គការពលកម្មអន្តរជាតិ(ILO)និងក្រុមហ៊ុន Gallup បានសាកសួរស្ត្រីនិងបុរសក្នុងប្រទេស ចំនួន១៤២ ក្នុងនោះក៏មានកម្ពុជាដែរថាតើពួកគេពេញចិត្តធ្វើការងារមានប្រាក់ខែឬមើលថែទាំគ្រួសារនិងការងារផ្ទះឬក៏ពេញចិត្តធ្វើទាំងពីរ។
លទ្ធផលនៃការស្តង់មតិនៃរបាយការណ៍នេះបង្ហាញថាស្ត្រីកម្ពុជាចង់ធ្វើការងារទទួលប្រាក់ខែ១៧ភាគរយនិងបុរស២៦ភាគរយ។ចំណែកស្ត្រីចង់ធ្វើកិច្ចការផ្ទះនិងថែទាំគ្រួសារ១៧ភាគរយនិងបុរស៤០។សរុបមកស្ត្រីចង់ធ្វើការងារទទួលប្រាក់ខែនិងចង់ធ្វើកិច្ចការផ្ទះនិងថែទាំគ្រួសារមានរហូត៦៦ភាគរយដែលបុរសមានត្រឹម៣២ភាគរយ។
ផ្ទុយទៅវិញជាមធ្យមស្ត្រីចំណាយពេលធ្វើការងារផ្ទះនិងថែទាំគ្រួសារដោយគ្មានប្រាក់ខែច្រើនជាងបុរសជិតបីដង។ជាញឹកញាប់ស្ត្រីធ្វើការងារច្រើនម៉ោងជាងបុរសទាំងការងារមិនទទួលបានប្រាក់ខែនិងការងារទទួលបានប្រាក់កម្រៃ។នេះបើតាមរបាយការណ៍របស់អង្គការILO។
ស្ត្រីជិត៧០ភាគរយក្នុងកម្មករកម្មារិនី៨០ម៉ឺននាក់បម្រើការងារនៅក្នុងវិស័យវាយន្តភណ្ឌនៅកម្ពុជា។ក្នុងឆ្នាំ២០១៨កម្មករោងចក្រនឹងទទួលបានប្រាក់ខែ១៧០ដុល្លារអាមេរិក។
លោក បុន វណ្ណ ប្រធានសហជីពស៊ីកូវឌូបានឱ្យដឹងថាកម្មារិនីរោងចក្រកាត់ដេរនៅកម្ពុជាទទួលប្រាក់ថែមម៉ោងគឺច្រើនជាង បុរស។លោកបន្ថែមថាក្រៅពីនេះកម្មកររោងទទួលបានប្រាក់សោធននិវត្តន៍និងរបបបេឡាជាតិសន្តិសុខសង្គម។«តាមច្បាប់ស្តីពីការងារស្ត្រីនិងបុរសទទួលបានប្រាក់បៀវត្តន៍ស្មើគ្នា។»
អង្គការពលកម្មអន្តរជាតិ(ILO)ថាស្ត្រីជិត១៥ភាគរយដែលមានការងារធ្វើរួចទៅហើយបានរួមចំណែកជួយកិច្ចការក្នុងគ្រួសារ បើធៀបទៅនឹងបុរសមាន៥,៥ភាគរយ។
អង្គការនេះបន្ថែមថាប្រទេសភាគច្រើនបានផ្តល់មាតុភាពសម្រាប់ស្ត្រី។ទោះបីយ៉ាងណាក៏ដោយស្ត្រីជិត៦០ភាគរយមិនមានសិទ្ធិស្របច្បាប់ចំពោះការឈប់សម្រាកលំហែមាតុភាពនិងជាង៦៦ភាគរយមិនទទួលបានប្រាក់ខែនៅពេលសម្រាកមាតុភាព។ការណ៍នេះជាបញ្ហាប្រឈមសម្រាប់ស្ត្រីក្នុងការរក្សាស្ថិរភាពការងារនិងការបញ្ឈប់ពួកគាត់នៅពេលត្រឡប់ទៅធ្វើការពេលសម្រាល់កូន។
យោងតាមរបាយការណ៍អង្គការពលកម្មអន្តរជាតិILOចេញផ្សាយឆ្នាំ២០១៧រកឃើញថានៅជុំវិញពិភពលោកស្ត្រីមានភាពលំបាកជាងបុរសក្នុងការស្វែករកការងារធ្វើ។បើទោះបីជាស្ត្រីទទួលបានឱកាសការងារក៏ស្ថិតក្នុងស្ថានភាពលក្ខខណ្ឌទាបនិងការងារងាយរងគ្រោះជាដើម៕