ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើងក្នុងរង្វង់ ៦,៩% កាលពីឆ្នាំ ២០១៧ ដែលទាបជាងឆ្នាំ២០១៦ មានរហូត ៧%។ របាយការណ៍របស់ធនាគារជាតិកម្ពុជាបង្ហាញទៀតថា ការបន្តកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជានេះ គឺអាស្រ័យបានការគាំទ្រចម្បងពីវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងវិស័យធនាគារ។
ក្នុងរបាយការណ៍ដែលបង្ហាញក្នុងពិធីរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ធនាគារជាតិប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី ០៤ និងទី០៥ មករានេះ បានឱ្យដឹងថា អតិផរណាសម្រាប់ឆ្នាំ២០១៨ ត្រូវបានរំពឹងថាមានកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ២០១៧ផងដែរ ពោលគឺអតិផរណាឆ្នាំនេះមានកម្រិតទាបគឺប្រមាណ ៣%ប៉ុណ្ណោះ។ បើតាមធនាគារជាតិអតិផរណាមានកម្រិតទាបបែបនេះ ក៏ព្រោះការផ្គត់ផ្គង់រូបិយវត្ថុស្ថិតក្នុងកម្រិតសមស្របគួបផ្សំនឹងការថយល្បឿននៃការឡើងថ្លៃប្រេងឥន្ទនៈ។
ទាក់ទងនឹងបញ្ហាអតិផរណានេះ ក្រុមអាហារមានប្រភេទបន្លែ ត្រីទឹកសាប និងអង្ករ នឹងបន្តឡើងថ្លៃក្នុងកម្រិតប្រមាណ ២% ប៉ុណ្ណោះក្នុងកម្រិតអតិផរណានៅឆ្នាំ២០១៨នេះ។ រីឯក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ពោលគឺការដឹកជញ្ជូន នឹងមានការឡើងថ្លៃបន្តិចបន្តួចក្នុងកម្រិតអតិផរណា ០,២% ខណៈថ្លៃឧស្ម័ននៅបន្តធ្លាក់ចុះ។
ជាការកត់សម្គាល់ កំណើនសេដ្ឋកិច្ចដែលព្យាករណ៍ដោយធនាគារជាតិកម្ពុជា គឺមានភាពស៊ីគ្នាជាមួយការព្យាករណ៍របស់ធនា គារពិភពលោក ដែលបានចេញផ្សាយតាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៧។
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកនេះបង្ហាញថា ការនាំចេញសម្លៀកបំពាក់ និងផលិតផលវាយណភ័ណ្ឌមានបរិមាណមធ្យម។ ទោះបីយ៉ាងណាកំណើនលើការនាំចេញប្រភេទទំនិញផ្សេងទៀត និងលំហូរចូល វិនិយោគទុនពីបរទេសមានភាពវិជ្ជមាន។
ទោះបីយ៉ាងណាធនាគារពិភពលោកដាស់តឿនដល់រដ្ឋាភិបាល ត្រូវបង្កើនសក្តានុពលវិស័យទេចរណ៍តាមរយៈការបង្កើនតំបន់គោលដៅ និងផលិតផលសម្រាប់អ្នកទេសចរណ៍ ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងគ្រួសារនៅជនបទទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យទេចរណ៍ផងដែរ។
របាយការណ៍របស់ធនាគារនេះ ក៏បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល គប្បីគាំទ្របន្ថែមទៀតដល់កសិករដែលទទួលរងផលប៉ះពាល់ដោយតម្លៃកសិផលធ្លាក់ចុះ ពិសេសរដ្ឋាភិបាលត្រូវស្វែករកទីផ្សារកសិផលនិងបង្កើនផលិតកម្មឲ្យច្រើនប្រភេទ។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ស្របពេលដែលអត្រាអតិផរណាត្រូវបានរក្សាក្នុងកម្រិតទាបប្រមាណ ៣% ហើយអត្រាប្តូរប្រាក់ត្រូវបានរក្សាឱ្យមានស្ថិរភាព ជាមធ្យម ៤.០៥០រៀលក្នុងមួយដុល្លារអាមេរិក។ ប្រការនេះបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។
បើតាមលោកស្រី ជា សិរី ទុនបម្រុងអន្តរជាតិដុលបានកើនដល់ ៨,៩ ប៊ីលានដុល្លារអាមេរិក និងអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណ ៦ខែ។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ បានពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិនមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕