ភ្នំពេញ ៖ មេដឹកនាំសហជីពធំមួយ មើលឃើញថា ឆ្នាំ២០១៧ កន្លងមក ស្ដ្រី ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅតែប្រឈមបញ្ហាសុវត្ថិភាព និងកិច្ចសន្យាការងារ ដែលជាផលលំបាកសម្រាប់ស្ដ្រី។ មេដឹកនាំសហជីពនេះ សុំឲ្យរដ្ឋាភិបាលបង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ស្ដ្រីក្នុងវិស័យអាទិភាពមួយនេះ។
លោក លៀ ស៊ីណា រាយការណ៍៖
វិស័យឧស្សាហកម្មកាត់ដេរនាពេលបច្ចុប្បន្ននេះ បានផ្ដល់ការងារដល់ពលរដ្ឋខ្មែរជាង ៨០មឺននាក់ ហើយជាង ៧០ម៉ឺននាក់ជាស្ដ្រី។ ជារឿយៗ នៅពេលរោងចក្រមានស្ថានភាពអាប់អួ ឬក៏ឆេះរោងចក្រ គេតែងសង្កេតឃើញ ស្ដ្រី ជាបុគ្គលទីមួយ ដែលងាយទទួលរងគ្រោះពីបញ្ហាទាំងអស់នេះ។ ដោយសារភាពងាយប្រឈមគ្រោះថ្នាក់របស់ កម្មការិនី រោងចក្រកាត់ដេរនេះ មេដឹកនាំសហជីពធំមួយ បានលើកឡើងថា ក្នុងឆ្នាំ២០១៧ លោកមើលឃើញបញ្ហាប្រឈមចំនួន ៤ចំណុចដែលកម្មករ កម្មការិនី ជួបផលលំបាក។ បញ្ហាទាំងនោះរួមមាន សម្ពាធការងារ សុវត្ថិភាពការងារ កិច្ចសន្យាការងាររយៈពេលខ្លី និងបញ្ហាប្រាក់បៀវត្ស។
លោក អាត់ ធន់ ប្រធាន ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា បញ្ហាទាំង ៤ចំណុចនេះ គឺរឿងដែលគួរឲ្យព្រួបារម្ភ ពីស្ថិរភាពការងាររបស់កម្មករ ពិសេសគឺស្ដ្រី ដែលលោកសង្កត់ធ្ងន់ថា ជានិច្ចកាលស្ដ្រីបានទទួលរងឥទ្ធិពលពីបញ្ហាទាំងនេះច្រើនជាងបុរស។ លោកបន្ដថា ស្ដ្រីភាគច្រើនគាត់មិនងាយទៅតវ៉ាជាមួយថៅកែនោះទេ នៅពេលដែលមានការបន្ថែមទំហំការងារ ហើយលើសពីនេះ រាល់ពេលមានហេតុការដួលសន្លប់កើតឡើង ភាគច្រើន ក៏មានតែស្ដ្រី តែប៉ុណ្ណោះដែលជាជនរងគ្រោះ។
លោក អាត់ ធន់ ៖«វាខុសគ្នា ស្ដ្រីប្រឈមជាង ឧទាហរណ៍ដូចជានៅកន្លែងការងារភាគច្រើន ស្ដ្រីគាត់មិនសូវជាអ្នកតវ៉ាអីច្រើនទេ។ ថៅកែ តែងតែឲ្យធ្វើការច្រើន ហើយពេលខ្លះទៅស្ដ្រីគាត់មានបញ្ហាសុខភាព ហើយប្រុសៗនៅកន្លែងការងារ មិនមានច្រើនទេ ប្រហែល ៤ ឬ ៥ភាគរយ ហើយភាគច្រើនគេធ្វើការនៅកន្លែងឃ្លាំង នៅកន្លែងជាងម៉ាស៊ិន ឬក៏កន្លែងចល័តអីទេ វាអត់ធ្វើដូចកម្មករ ស្ដ្រី ជាប់ប្រចាំ»។
ប្រធានសភាពការងារកម្ពុជា បន្ដថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានរកដំណោះស្រាយបញ្ហាទាំអស់នេះបានខ្លះៗ តែប៉ុណ្ណោះ ដែលជាក់ស្ដែងដូចជាបញ្ហាសុខភាពរបស់កម្មករ ត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលបង្ហាញសកម្មភាពយកចិត្ដទុកដាក់ល្អប្រសើរ ក៏ប៉ុន្ដែលោកមើលឃើញថា បញ្ហាកិច្ចសន្យារយៈពេលខ្លី និងយន្ដការជាក់លាក់ដោះស្រាយបញ្ហាកម្មករ ដួលសន្លប់ មិនទាន់មាននៅឡើយ។ «បើនិយាយជាទូទៅគឺធ្វើបានមួយចំនួនដែរ ប៉ុន្ដែនៅតិច វាមិនទាន់បានដល់កម្រិតល្អ ដែលអាចជួយដល់កម្មករ បាននៅឡើយទេ»។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងការងារកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការរក្សាសុវត្ថិភាពកម្មករ កម្មការិនី ពេលបំពេញការងារ។ ក្រសួងនេះបានដាក់ចុះវិធានការចំនួន ១១ចំណុច ដែលតម្រូវឲ្យម្ចាស់គ្រឹះស្ថាន និងនាយកសហគ្រាស ទាំងអស់អនុវត្ថតាម ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ការងារ ព្រមទាំងបង្ការការកើតមានករណីដួលសន្លប់ជាយថាហេតុ ដែលបណ្ដាលមកពីបរិយាកាសទាំងក្នុង និងក្រៅអគារផលិតកម្មក។ តាមសេចក្ដីជូនដំណឹងនេះ ក្រសួង នឹងចាត់វិធានការតឹងរឹងបំផុត ទៅតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាចំពោះម្ចាស់គ្រឹះស្ថាន និងនាយកសហគ្រាសទាំងអស់ ដែលមិនគោរពតាម។
ជុំវិញសេចក្ដីជូនដំណឹងនេះ ប្រធានសហភាពការងារកម្ពុជា គាំទ្រ ដោយបញ្ជាក់ថា ជារឿងល្អដែលរដ្ឋាភិបាលមានយន្ដការជាក់លាក់ដើម្បីទប់ស្ដាត់ការដួលសន្លប់របស់កម្មករដូចនេះ។ លោក អាត់ ធន់ សំណូមពរឲ្យរដ្ឋាភិបាល ពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ជុំវិញការចុះអធិការកិច្ចតាមរោងចក្រ ដើម្បីត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពការងារ បរិយាកាសការងារ ឬកិច្ចសន្យាការងារជាដើម។ លោកបន្ដថា រដ្ឋអំណាចគួរតែបិទរោងចក្រណា ដែលបានធ្វើល្មើសច្បាប់ការងារកម្ពុជា។
លោក អាត់ ធន់ ៖« អញ្ចឹងគឺទាល់តែកែចំណុចហ្នឹងឲ្យបាន លុបបំបាត់អ្នកធំកាងក្រុមហ៊ុន លុបបំបាត់ចោលនូវទីប្រឹក្សារបស់ក្រុមហ៊ុន ពីពួកអធិការកិច្ច របស់ក្រសួងហ្នឹង ហើយអនុវត្ដច្បាប់ឲ្យបានតឹងរឹង ហើយបើឃើញអ្វីគឺអនុវត្ដច្បាប់ខ្ញុំគិតថាវាល្អហើយ មិនបាច់ធ្វើអីទេ គឺធ្វើតែប៉ុណ្ណឹងបានគឺល្អហើយ»។
វិទ្យុស្ត្រីមិនអាចសុំការយល់ឃើញពី អ្នកនាំពាក្យក្រសួងការងារបានទេនៅថ្ងៃនេះ ដោយទូរស័ព្ទពុំមានអ្នកលើក។
នៅរយៈពេលចុងក្រោយនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានចុះជួបកម្មករ កម្មការិនី ជាញឹកញាប់ ក្នុងបំណងស្ដាប់ពីក្ដីកង្វល់របស់កម្មករ និយោជិត។ ជាលទ្ធផលប្រមុខដឹកនាំរាជរដ្ឋាភិបាល បានប្រកាសអនុញ្ញាតឲ្យកម្មករ កម្មការិនី ទាំងក្នុងនឹងក្រៅប្រព័ន្ធ ចាប់ពីឆ្នាំ២០១៨នេះតទៅ អាចស្វែងរកសេវាព្យាបាលសុខភាពនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ បន្ថែមពីនេះ សម្ដេចបានប្រាប់ថៅកែ និយោជក ឲ្យបណ្ដេញប្រធានក្រុម ឬក៏ប្រធានផ្នែកចេញពីការងារក្នុងករណីដែលបុគ្គលិករូបនោះ បានប្រើពាក្យប្រមាថ កម្មករ កម្មការិនី។
លើសពីនេះប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យគ្រប់រោងចក្រកាត់ដេរសម្លៀកបំពាក់ទាំងអស់នៅកម្ពុជា ត្រូវអនុញ្ញាតឲ្យស្ដ្រីមានផ្ទៃពោះ បានចេញពីការងារ មុនម៉ោងចំនួន ១៥នាទី។ លើសពីនេះ សម្ដេច ហ៊ុន សែន បានប្រកាសផ្ដល់ការឧបត្ថមជាសាច់ប្រាក់សុទ្ធដល់កម្មការិនី នៅពេលសម្រាលកូន ម្នាក់ នឹងទទួលបានប្រាក់ឧបត្ថមចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ ២នាក់ នឹងទទួលបានប្រាក់ឧបត្ថម ៨០ម៉ឺនរៀល ហើយបើបានកូនភ្លោះ ៣នាក់ នឹងទទួលបានប្រាក់ឧបត្ថម ១លាន ២០ម៉ឺនរៀល ហើយកូនភ្លោះទាំង ០៣នាក់នោះ សម្ដេចនឹងយកធ្វើកូន ហើយនឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល៕