ភ្នំពេញ ៖ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ករណីប្រជាពលរដ្ឋកើតជំងឺគ្រុនចាញ់ ប្រហាក់ប្រហែលនឹងឆ្នាំ២០១៦ ដែលជិត ១០០ភាគរយ នៃអ្នកកើតជំងឺនេះសុទ្ធសឹងតែជាបុរស ហើយភាគច្រើន គឺជាប្រជាពលរដ្ឋដែលរស់នៅតាមតំបន់សម្បូរព្រៃ នឹងក្បែរព្រំដែន។
លោក លៀ ស៊ីណា រាយការណ៍៖
ជំងឺគ្រុនចាញ់ មិនមែនជាជំងឺឆ្លងនោះទេ ប៉ុន្ដែវាជាជំងឺដែលកើតឡើងដោយសារមូសដេកគោលញីខាំ។ ជំងឺនេះអាចកើតទៅលើមនុស្សគ្រប់វ័យ មនុស្សដែលត្រូវមូសដែលគោលញីខាំ នឹងបង្ហាញរោគសញ្ញាក្នុងរង្វង់ពី ១សប្ដាហ៍ ទៅ ២សប្ដាហ៍ ដែលមានដូចជា បង្ហាញអាការគ្រុនក្ដៅ ឈឺក្បាល រងាញាក់ និងក្អូតចង្អោរជាដើម។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានប្រាប់វិទ្យុស្ដ្រីកាលពីចុងខែធ្នូ កន្លងទៅនេះថា នៅក្នុងឆ្នាំ២០១៧ ករណីប្រជាពលរដ្ឋដែលកើតជំងឺគ្រុនចាញ់ គឺប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៦ ដែលមានប្រមាណជាង ២០០០០ករណី។
ប្រជាពលរដ្ឋដែលកើតជំងឺនេះ ភាគច្រើនបំផុត គឺជាបុរស ដែលជាអ្នករស់នៅតាមតំបន់ព្រៃភ្នំ អ្នករស់នៅតាមតំបន់ព្រំដែន និងអ្នកដែលឆ្លងដែនទៅក្រៅប្រទេសដោយលួចលាក់។ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ បន្ដថា មូលហេតុដែលនាំប្រជាពលរដ្ឋ នៅតែមានការកើតជំងឺគ្រុនចាញ់ ពីព្រោះតែភាគច្រើន ពួកគេនៅតែមានការធ្វេសប្រហេស ខណៈចេញដំណើរទៅរកស៊ីទៅក្នុងព្រៃ នៅតំបន់ព្រំដែន ឬក៏តំបន់ដែលសម្បូរព្រៃក្រាស់។
លោកវេជ្ជបណ្ដិត ហ៊ុយ រ៉េកុល ៖«អញ្ចឹងត្រង់ចំណុចនេះ សំខាន់គឺបុគ្គលខ្លួនឯង គឺគាត់ត្រូវតែស្វែងយល់ថា គាត់ប្រកបរបរកស៊ីរកចុះ ប៉ុន្ដែប្រកប របរកស៊ីនៅតំបន់ណាគ្រុនចាញ់នោះ យើងត្រូវចេះដឹងវិធីការពារ ហើយមិនមែនថា គ្រាន់តែដឹងទេ គឺត្រូវតែអនុវត្ដផង បើដឹងហើយអត់អនុវត្ដក៏អត់កើតដែរ»។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បន្ថែមថា បើទោះជាករណីប្រជាពលរដ្ឋកើតជំងឺគ្រុនចាញ់មិនមានការកើនឡើងជាងឆ្នាំមុនក្ដី ក៏ប៉ុន្ដែក្រសួងសុខាភិបាលនៅតែមានក្ដីបារម្ភពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ភ្នំ តាមព្រំដែន និងប្រជាពលរដ្ឋដែលប្រកបរ ចេញចូលក្នុងព្រៃញឹកញាប់។ ជាវិធានការ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ បញ្ជាក់ថា ក្រសួងសុខាភិបាល នឹងនៅតែបន្ដផ្សព្វផ្សាយពីការបង្ការ ការឆ្លងជំងឺនេះ រហូតដល់អាចលុបបំបាត់ការឆ្លងជំងឺគ្រុនចាញ់បានទាំងស្រុង។ តែយ៉ាងណាលោកក៏អំពាវនាវឲ្យមានការចូលរួមផ្សព្វផ្សាយពីបណ្ដាសារព័ត៌មាន ទូរទស្សន៍ វិទ្យុ នានា ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលខណៈចេញដើរក្នុងព្រៃ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល៖«វិធីសាស្ដ្រ គឺយើងនៅតែជំរុញផ្សព្វផ្សាយការងារ បង្ការជំងឺហ្នឹង ជូនទៅគាត់ម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀត ជាបន្ដបន្ទាប់អញ្ចឹង ហើយជាពិសេសគឺមានប្រយោជន៍ណាស់ ហើយសំខាន់ណាស់តាមរយៈសារព័ត៌មាន សិល្បៈករ ដែលគាត់ជួយជ្រោមជ្រែងទាំងអស់គ្នាហ្នឹង គឺត្រូវជួយផ្សព្វផ្សាយជំងឺគ្រុនចាញ់ហ្នឹងគ្រប់ពេល»។
ជំងឺគ្រុនចាញ់ នឹងបង្កឲ្យមនុស្សមានអាការក្ដៅខ្លួន ហើយញាក់ មានបែកញើស និងអស់កម្លាំងល្ហិតល្ហៃ។ មនុស្សដែលកើតជំងឺគ្រុនចាញ់ នឹងបង្ហាញអាការបែបនេះ នៅថ្ងៃបន្ទាប់ តាមម៉ោងដដែល នឹងពេលដដែល។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល មានប្រសាសន៍ថា ប្រជាពលរដ្ឋគួរកុំបណ្ដោយឲ្យអ្នកជំងឺបង្ហាញរោគសញ្ញាបែបនេះ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យ លោកថា យកល្អ ត្រឹមតែមានអាការក្ដៅខ្លួន ហើយធ្លាប់មានប្រវត្ដិបានចេញចូលក្នុងព្រៃ តំបន់ដែលធ្លាប់មានជំងឺគ្រុនចាញ់ ពលរដ្ឋគ្រប់រូបត្រូវរូតរះនាំអ្នកជំងឺទៅពិគ្រោះជាមួយក្រុមគ្រួពេទ្យ ឬអ្នកស្ម័គ្រចិត្ដភូមិ ឲ្យបានលឿនបំផុត។ ការផ្ដល់សេវាព្យាបាលជំងឺគ្រុនចាញ់មាននៅគ្រប់មណ្ឌលសុខភាពរដ្ឋទាំងអស់ គឺមិនត្រូវបានគិតថ្លៃសេវានោះទេ។ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋមិនត្រូវទៅផ្សាំថ្នាំដើម្បីព្យាបាលជំងឺគ្រុនចាញ់តាមកន្លែងលក់ថ្នាំពេទ្យឯកជននានានោះទេ ព្រោះថ្នាំព្យាបាលជំងឺគ្រុនចាញ់នេះ មានតែក្នុងមន្ទីរពេទ្យរដ្ឋ ឬក៏ឯកតែប៉ុណ្ណោះ ដែលផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោក វេជ្ជបណ្ដិត ហ៊ុយ រ៉េកុល៖«ក្នុងករណីដែលគិតថា មានក្ដៅខ្លួនអីហើយ សូមកុំព្យាយាមដើររកទិញថ្នាំ ឲ្យគេផ្សំថ្នាំឲ្យលេបផ្ដេសផ្ដាស់គឺគ្រោះថ្នាក់ណាស់ ថ្នាំគ្រុនចាញ់មិនមានលក់លើទីផ្សារទេ គឺយើងមាននៅតាមប៉ុស្ដិ៍យើងផ្ដល់សេវាថែទាំសុខភាពឯកជន យើងមានដាក់នៅគ្រប់កន្លែងទាំងអស់ហើយ Free មិនមានលក់ដូរទេ»។
អ្នកកើតជំងឺគ្រុនចាញ់ ត្រូវបានកត់សម្គាល់ឃើញថា បានថយចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីឆ្នាំ២០០៦ ប្រជាពលរដ្ឋខ្មែរបានកើតជំងឺគ្រុនចាញ់ប្រមាណ ១០ម៉ឺនករណី នៅក្នុងឆ្នាំ០០៧ មានប្រមាណជិត ៦ម៉ឺនករណី និងនៅក្នុងឆ្នាំ២០០៨ មានមនុស្សកើតជំងឺគ្រុនចាញ់ជាង ៥ម៉ឺន ៤ពាន់ករណី។ ដោយឡែកនៅក្នុងឆ្នាំ ២០១៥ ចំនួនអ្នកកើតជំងឺគ្រុនចាញ់មានចំនួន ៥១២៦២ករណី ខណៈឆ្នាំ២០១៦ និងឆ្នាំ២០១៧ មានចំនួនអ្នកើតជំងឺគ្រុនចាញ់ប្រមាណ ២ ៣៦២៧ករណី និងមានបុរសម្នាក់ស្លាប់បាត់បង់ជីវិត៕