ភ្នំពេញ៖យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ រងរបួសធ្ងន់ ១៧នាក់ និងរងរបួសស្រាល១០នាក់។ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ២៦នាក់។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នេះ គឺគិតចាប់ពីម៉ោង២រសៀល ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដល់ម៉ោង ២រសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
តាមរបាយការណ៍នេះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៣២គ្រឿង រួមមាន ម៉ូតូ ចំនួន ២៣គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង, រថយន្តធុនធំ ចំនួន ៣គ្រឿង, ថ្មើរជើង ១នាក់ និងកង់ ១គ្រឿង។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានៈ ល្មើសល្បឿន ៣លើក (ស្លាប់១នាក់), ប្រជែង ២លើក(ស្លាប់ ២នាក់), ស្រវឹង ១លើក, បត់គ្រោះថ្នាក់ ១លើក, មិនគោរពសិទ្ធ៥លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ៤លើក (ស្លាប់១នាក់)៕