បណ្តាញសហគមន៍ព្រៃឈើក្នុងខេត្តចំនួន៩ សរុបមាន២០៣សហគមន៍ ត្រូវបានរដ្ឋបាលព្រៃឈើទទួលស្គាល់ ក្រោយពីសហភាពអឺរ៉ុបបានចំណាយពេលវេលាអស់៥ឆ្នាំ។ កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបក្នុងការដាក់បញ្ចូលសហគមន៍ព្រៃឈើទាំង២០៣ ឲ្យរដ្ឋបាលព្រៃឈើទទួលស្គាល់ គឺក្នុងគោលបំណងឲ្យសហគមន៍ទាំងនោះ អាចថែរក្សាព្រៃឈើដោយនិរន្តភាព និងពង្រឹងជីវភាពសមាជិកសហគមន៍ តាមរយៈការប្រមូលផលិតផលព្រៃឈើ។ ការបង្ហាញលទ្ធផលនេះ ធ្វើឡើងនៅឯសណ្ឋាគារសាន់វេនៅថ្ងៃទី១៨ខែកញ្ញានេះ ។
ដើម្បីរួមចំណែកអភិរក្សព្រៃឈើកម្ពុជាឲ្យបានគង់វង្ស អង្គការអុកស្វាមOxfam រួមជាមួយមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ(Recoftc) សហការជាមួយរដ្ឋបាលព្រៃឈើ បានសម្រេចដាក់បញ្ចូលសហគមន៍ព្រៃឈើចំនួន២០៣ ឲ្យរដ្ឋបាលព្រៃឈើទទួលស្គាល់ជាផ្លូវការ ។
សូមជម្រាបថា សកម្មភាពរបស់អង្គការទាំងនេះ ធ្វើឡើងក្រោមជំនួយ ថវិការបស់សហភាពអឺរ៉ុប ។
អ្នកស្រី ហ៊ូ កល្យាណ អ្នកសម្របសម្រួលកម្មវិធីនៃអង្គការរីខូហ្វ(Recoftc) លើកឡើងថា គម្រោងដែលមានជំនួយពីសហភាពអឺរ៉ុបនេះ មានគោលបំណងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ ឲ្យមានការទទួលស្គាល់តាមផ្លូវច្បាប់ ដោយរាជរដ្ឋាភិបាល ដើម្បីសហគមន៍អាចថែរក្សាព្រៃឈើដោយនិរន្តភាព និងពង្រឹងជីវភាពសមាជិកសហគមន៍ តាមរយៈផលប្រយោជន៍ដែលក៏ចេញពីការធ្វើពាណិជ្ជកម្មស្របច្បាប់ នូវផលិតផលព្រៃឈើទាំងនោះ។
លោកស្រី ហ្វីអូណា រ៉ាមស៊ី ប្រធានផ្នែកប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា សហភាពអឺរ៉ុបជាម្ចាស់ជំនួយដ៏ធំមួយ ដែលជួយជ្រោមជ្រែងឲ្យសហគមន៍ព្រៃឈើទាំង២០៣សហគមន៍ បានទទួលស្គាល់ដោយរដ្ឋបាលព្រៃឈើ ។ លោកស្រីបន្តថា តាមរយៈតួនាទីរបស់ប្រជាសហគមន៍មូលដ្ឋាននេះ លោកស្រីសង្ឃឹមថា សហគមន៍ព្រៃឈើនេះនឹងអាចរក្សាព្រៃឈើបានប្រកបដោយនិរន្តភាពបាន ។
លោក ជុង ផល ប្រជាសហគមន៍មកពីខេត្តរតនគីរីនិយាយថា តាមរយៈការចូលជាសមាជិកសហគមព្រៃឈើ លោកបានចុះទៅទប់ស្តាត់បទល្មើសព្រៃឈើ ដែលបានបង្កពីសំណាក់ជនខិលខូច ដោយមិនមានការខ្លាចរអាដូចមុន ។ ជាងនេះទៅទៀតលោកថា ការចូលរួមការពារព្រៃសហគមន៍ គឺប្រៀបដូចជាការរក្សាផលប្រយោជន៍របស់ប្រជាជនផងដែរ ព្រោះថាប្រជាសហគមន៍ គឺអាស្រ័យទៅលើការប្រមូលអនុផលព្រៃឈើដើម្បីទ្រទ្រង់ជីវិត។
សូមបញ្ជក់ថា គម្រោងរបស់សហភាពអឺរ៉ុប ដែលបានចាប់ផ្តើមខែធ្នូឆ្នាំ២០១០ ដល់ខែកញ្ញាឆ្នាំ២០១៥ បានអនុវត្តក្នុងខេត្តគោលដៅចំនួន៩ រួមមាន ខេត្តកំពត កែប តាកែវ ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចះ ស្ទឹងត្រែង និងរតនគិរី។ គម្រោងនេះត្រូវបានបញ្ចប់ហើយ ដោយបានចំណាយទឹកប្រាក់ ប្រមាណ១៦លានអឺរ៉ូ។